ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ត

សិស្ស. សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា ឲ្យវៀរក្ដីរកស៊ីក្នុងការមិច្ឆាជីវៈ ឲ្យរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះដូចម្ដេចផ្លូវសម្មាជីវៈនោះដូចម្ដេច ?
គ្រូ. ឱ ផ្លូវមិច្ឆាជីវៈនោះ គឺប្រកបការរកស៊ីខុសគន្លងធម៌ មានលក់ដូរគ្រឿងសស្ត្រាប្រហារជីវិតសត្វជាដើម មានលក់ដូរថ្នាំបំពុលជាបរិយោសាន ព្រមទាំងប្រព្រឹត្តធ្វើជាបន្ទាល់កោង ទាំងឆឆក់កុហកគេដោយឧបាយដោយគំនិតកោងផ្សេង ៗ ការរកស៊ីខុសគន្លងធម៌នោះ ហៅថាមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុសនឹងទទួលទុក្ខទោមនស្សផ្សេង ៗ ឯការរកស៊ីជាផ្លូវសម្មាជីវៈនោះ គឺវៀរបង់ផ្លូវមិច្ឆាជីវៈនេះឯង ហៅថាចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថា សម្មាជីវៈ ១ ទៀតត្រូវវៀរផ្លូវ ដែលមហាក្សត្រទ្រង់ហាម ដូចយ៉ាងគយដារដែលរាជការតាំង ហើយទៅប្រព្រឹត្តកន្លងព្រះរាជអាជ្ញា យ៉ាងនេះប្រការ ១ ត្រូវវៀរផ្លូវល្បែងផ្សេង ៗ មានល្បែងជល់មាន់ ជល់ត្រីជាដើម នេះប្រការ ១ ត្រូវវៀរល្បែងស្រី ល្បែងស្រា វៀរសពគប់ភឿនពាលនាំលេងយប់ ស្វែងមើលល្បែងផ្សេង ៗ មានល្បែងច្រៀងរាំជាដើមយ៉ាងនេះប្រការ ១ ។

ស. សូមទាន ការត្រាច់យប់នោះ មានទោសយ៉ាងណាខ្លះ ?
គ. ឱ ការដែលដើរលេងយប់នោះ មានទោស ៥ ប្រការគឺៈ

១- ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ជួនប្រពន្ធកូន ឬ បងប្អូនកើតហេតុដោយរោគាព្យាធិ ឬ ដោយហេតុឯណា ១ ក្ដីចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៍ទៅ ជាទោស ១ ។
២- ជួនកាលដើរទៅហើយ ទើបប្រទះលើសត្វមានពិសវាចឹក វាខាំ បាននូវទុក្ខវេទនា យ៉ាងនេះជាទោស ១ ។
៣- ជួនដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អាចោរនោះវាវេះបាត់ទៅ គេឃើញឯងគេក៏ចាប់ថាជាចោរ យ៉ាងនេះជាទោស ១ ។
៤- ជួនដើរទៅហើយប្រទះនឹងចោរ ឬអ្នកដែលមានពៀរវេរាដល់អ្នកណា ១ គេឃើញឯងក៏សំគាល់ជាចោរ ឬថាអ្នកដែលមានពៀរនោះ គេបាញ់ចាក់សំឡាប់ទៅ យ៉ាងនេះជាទោស ១ ។
៥- អ្នកដើរយប់ ជាទីនាំឲ្យគេគរហានិន្ទាថាបាន គឺថាបើគេបាត់របស់ទ្រព្យអ្វីឯណា ១ គេដិតចិត្តសង្ស័យឆ្នៃថាឯង ព្រោះឃើញថា ឯងដើរលេងយប់យ៉ាងនេះជាទោស ១ ។

ស. សូមទាន ការដែលកើតមកជាមនុស្សនេះ ត្រូវបែងកាលប៉ុន្មានកាល ?
គ. ត្រូវបែងកាលតាមវ័យទាំង ៣ ប្រការ គឺហៅថា បឋមវ័យប្រការ ១ ហៅថា ម ជ្ឈឹមវ័យប្រការ ១ ហៅថា មច្ឆិមវ័យប្រការ ១ ក្នុងបឋមវ័យនោះត្រូវស្វែងរករៀនវិជ្ជាសិល្បសាស្ត្រនឹងចំណេះទាំងពួង លុះដល់មជ្ឈិមវ័យ គឺវេលាដែលតាំងនៅក្នុងកាលខ្លួនមានបុត្រភរិយា ហើយត្រូវប្រកបការផ្លូវរកស៊ីមានផ្លូវជួញផ្លូវធ្វើស្រែចំការជាដើម សន្សំទ្រព្យសម្បត្តិឲ្យកើតមានលុះដល់មច្ឆិមវ័យជាវ័យខាងចុង គឺខ្លួនចាស់ជរាហើយត្រូវស្វែងរកផ្លូវកុសល គឺបរិច្ចាគទាន រក្សាសីលចំរើនភាវនា ជាបច្ច័យរបស់ខ្លួនទៅបរលោក ។
ស. មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្គ្រោះដោយផ្លូវប៉ុន្មានប្រការ ?
គ. បុត្រត្រូវសង្គ្រោះមាតាបិតាដែលជាបុព្វការីនោះ ដោយបទសង្គ្រោះ ៥ ប្រការគឺៈ

១- ភរណំ គិតថាអាត្មាអញនេះ គឺមាតាបិតាលោកចិញ្ចឹមមកយូរហើយ គួរតែចិញ្ចឹមលោកវិញ។
២- កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបញ្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសម្រេច។
៣- កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលឲ្យឋិតថេរនៅ ការកេរ្តិ៍មាតាបិតាកុំឲ្យសាបសូន្យវិនាសទៅបាន ។
៤- ទាយជ្ជារហបដិបជ្ជនំ កូនត្រូវបំរើមាតាបិតាដោយសុចរិត តាំងចិត្តលំឧតគោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតាបិតា។
៥- ទក្ខិណានុប្បទានំ បើមាតាបិតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណដោយធ្វើឈាបនកិច្ច ធ្វើបុណ្យ សាងកុសលបញ្ជូនផលទក្ខិណានុប្បទាន ទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ ។

ស. ប្ដីសង្គ្រោះប្រពន្ធមានប៉ុន្មានប្រការប្រពន្ធសង្គ្រោះប្ដី តើមានប៉ុន្មានប្រការ ?
គ. ប្ដីសង្គ្រោះប្រពន្ធនោះមាន ៥ ប្រការគឺ

១- សមាននាយ ប្រដៅសព្វសារពើពោលពាក្យពីរោះ សរសើរដោយលក្ខណៈប្រព្រឹត្តជាប្រយោជន៍ ពោលពាក្យជាបិយវចនៈ ។
២- អវិមាននាយ ពុំបានមើលងាយជេរវាយដូចទាសីទាសាកម្មករឡើយ ។
៣- អនតិចរិយាយ ពុំប្រព្រឹត្តបែកចិត្តពីភរិយា មិនកន្លងចិត្តភរិយា គឺមិនមានស្ត្រីដទៃទៀតជាភរិយាឡើយ ។
៤- ឥស្សរិយវោស្សគ្គេន ប្រគល់នូវរបស់ទាំងពួង មានផ្ទះបាយជាដើមឲ្យដល់ភរិយា ។
៥- លង្ការានុប្បទានេន ឲ្យនូវគ្រឿងប្រដាប់មានសំពត់អាវជាដើម ឲ្យភរិយាដោយសមគួរតាមបវេណី។

ប្រពន្ធសង្គ្រោះប្ដីមាន ៥ ប្រការ គឺៈ

១- សុសំវិហិតកម្មន្តា ចាត់ចែងការងារដោយប្រពៃ នឹងតាក់តែងភោជនាហារ មិនឲ្យហួសពេលវេលា។
២- សង្គហិតបរិជនា ប្រពន្ធត្រូវសង្គ្រោះដល់ជនក្នុងផ្ទះ និងញាតិខាងប្ដី រាប់អានឲ្យដូចញាតិរបស់ខ្លួន
៣- អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តប្ដីគឺមិនមានបុរសដទៃជាប្ដីឡើយ ។
៤- សមតញ្ច អនុក្ខេតិ រក្សាទ្រព្យសម្បត្តិដែលប្ដីរកបានមកមិនឲ្យអន្តរាយ ដោយការមិនគួរ ។
៥- ទក្ខា ច ហោតិ អនលសា ឈ្លាសក្នុងការស្ត្រីឬមិនខ្ជិលច្រអូស ។

មាតាបិតាអនុគ្រោះបុត្រដោយបទ ៥ ប្រការគឺៈ

១- បាបា និវាវេន្តិ ហាមកូនចាកផ្លូវបាបគឺកុំឲ្យធ្វើបាបកម្ម ។
២- កល្យាណេ និវេសេន្តិ ញ៉ាំងកូនឲ្យតម្កល់នៅក្នុងការកុសល ។
៣- សិប្បំ សិក្ខាបេន្តិ ញ៉ាំងកូនឲ្យសិក្សារៀនសូត្រសិល្បសាស្ត្រផ្សេង ៗ ។
៤- បដិរូបេន ទាវេន សំយោដេន្តិ លុះកូនធំឡើង ត្រូវប្រកបការរកភរិយា ដែលមានរូបមានសម្បត្តិសមគួរផ្សំឲ្យកូន គឺរៀបអាពាហ៍ពិពាហ៍ឲ្យកូន ។
៥- ទាយជ្ជំ និយ្យាទេន្តិ ប្រគល់ទ្រព្យមត៌កឲ្យក្នុងសម័យដ៏សមគួរ គឺឲ្យក្នុងនិច្ចសម័យ ១ ក្នុងកាលសម័យ ១ ។

ស. បុគ្គលដែលគួរយើង នឹងបូជាគោរពក្នុងលោកនេះ មានប៉ុន្មានយ៉ាង ?
គ. បុគ្គលដែលគួរនឹងបូជានោះ ចែកដោយឧក្រិដ្ឋមាន ៣ យ៉ាងគឺ ព្រះសម្មាសម្ពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអរិយសាវក ១ ចែកដោយសាមញ្ញទៀត គឺចំណែកខាងបព្វជិតនោះ យកគ្រូឧបជ្ឈាយាចារ្យជាទីគោរពបូជារបស់កូនសិស្ស ១ ភិក្ខុមានវស្សាចាស់ ជាទីគោរពបូជារបស់ភិក្ខុខ្ចី ១ ប៉ែកខាងឃរាវាសនោះ គឺបងប្រុសបងស្រីជាទីគោរពបូជា របស់ប្អូន ៗ ១ មាតាបិតាជាទីគោរពបូជារបស់កូនប្រុសកូនស្រី ១ ស្វាមីអាពុកក្មេកម្ដាយក្មេកជាទី គោរពបូជារបស់ភរិយាកូនប្រសា ១ ។
ស. កើតមកជាមនុស្សក្នុងលោកនេះ ត្រូវធ្វើពលិកម្មប៉ុន្មានយ៉ាង ? ។
គ. ឱពលិកម្មនោះមាន ៥ យ៉ាងអ្នកឯងស្ដាប់ចុះ ។

១- ញាតិពលិ អធិប្បាយថា បុគ្គលជាញាតិសាលោហិតរបស់ខ្លួនពិត ៗ ខ្លួនគួររាប់អានជួយទំនុកបំរុង ដោយឲ្យនូវវត្ថុផ្សេង ៗ មានបាយទឹកប្រាក់មាសជាដើម ។
២- អតិថិពលិ អធិប្បាយថា បុគ្គលជាភ្ញៀវទើបដល់មក កាន់ទីលំនៅខ្លួន ៗ គួរធ្វើបដិសណ្ធារសួរទទួលរាប់អានតាមសម័យ គឺឲ្យនូវបច្ច័យមានភោជនាហារជាដើម ។
៣- បុព្វបេតពលិ អធិប្បាយថា ញាតិមិត្រឯណារស់នៅក្ដី មរណភាពទៅកាន់បរលោកហើយក្ដី គួរធ្វើការកុសលឯណា ១ ឧទ្ទិសផលជូនទៅជូនញាត់នោះ ។
៤- រាជពលិ អធិប្បាយថា រាជការរបស់មហាក្សត្រមានឡើង គួរខ្លួនទទួលរាជការ ឆ្លងព្រះតេជព្រះគុណ ឬ ទទួលបង់ថ្លៃរាជការ ។
៥- ទេវតាពលិ អធិប្បាយថា ពួកទេវតាទាំងឡាយ បណ្ដាដែលមានសក្ដានុភាពបានជួយសង្គ្រោះ… ខ្លួន គួរធ្វើសក្ដារបូជាដល់ទេវតាទាំងឡាយនោះ ។

🔸Last Updated កំណែចុងក្រោយ on May 4, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).