ទំនៀម​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​បុគ្គល​ស្លាប់

មាន​រឿង​បុរាណ​ដំណាល​ត​ៗ គ្នា​មក​ថា មាន​បុរស​ម្នាក់ នៅ​ជា​មួយ​នឹង​ប្រពន្ធ តាំង​ពី​ក្មេង​ដល់​ចាស់ ខំ​រក​ស៊ី​បាន​មាស​មួយ​បាទ តែ​គ្មាន​កូន​សោះ ។ ប្ដី​ប្រពន្ធ​នេះ​ផ្ដាំ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “បើ​អ្នក​ណា​ស្លាប់​មុន ត្រូវ​យក​មាស​នេះ​ដាក់​មាត់​អ្នក​នោះ” ។ ចំណេរ​ត​មក​មិន​យូរ​ប៉ុន្មាន ប្ដី​ស្លាប់​មុន​ទៅ ។ ប្រពន្ធ ក៏​យក​មាស​នោះ​ដាក់​ក្នុង​មាត់​ប្ដី ហើយ​យក​ខ្មោច​ប្ដី​ទៅ​បូជា ។ ភ្លើង​ឆេះ​រលាយ​មាស​នោះ​អស់ នៅ​សល់​តែ ៣ ស្លឹង ។

សម័យ​មួយ ព្រះ​មហា​ក្សត្រ​មួយ​អង្គ មាន​លោភ​ចិត្ត​គ្រប​សង្កត់ ក៏​ចេញ​ព្រះ​រាជ​អាជ្ញា​ឲ្យ​រៃ​យក​មាស​ក្នុង​មួយ​ផ្ទះ​ចំនួន​មួយ​បាទ ជា​កំហិត ។ យាយ​ជា​ប្រពន្ធ​របស់​ខ្មោច​តា​នោះ ក៏​យក​មាស ៣ ស្លឹង ដែល​គាត់​រើស​ទុក​នោះ ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ ហើយ​ក្រាប​ទូល​ថា “ក្រាប​ទូល​ព្រះ​ករុណា ! មាស​នេះ ពី​ដើម​ពេញ​មួយ​បាទ, តែ​ខ្ញុំ​ម្ចាស់​យក​ទៅ​បង់​មាត់​ឲ្យ​ប្ដី​ខ្ញុំ ៗ ខ្ញុំ​ម្ចាស់​យក​ទៅ​ពុំ​បាន ក៏​ត្រូវ​ភ្លើង​ឆេះ​ខាត​អស់​ខ្លះ​ទៅ នៅ​សល់​តែ​ប៉ុណ្ណេះ សូម​ព្រះ​ករុណា មេត្តា​ដល់​សត្វ​ទាល់​ក្រ​ផង​ចុះ ខ្ញុំ​ម្ចាស់​ទាស់​មធ្យោបាយ​នឹង​ទៅ​រក​មាស​ឯ​ណា​ឲ្យ​គ្រប់​ចំនួន​ថ្វាយ​ព្រះ​អង្គ ពុំ​បាន​ឡើយ” ។ ព្រះ​មហា​ក្សត្រ ទ្រង់​ព្រះ​សណ្ដាប់ ក៏​កើត​ធម្ម​សង្វេគ​ស្លុត​ព្រះ​ទ័យ ទើប​ទ្រង់​ប្រកាស​ឲ្យ​លើក​លែង​រៃ​យក​មាស អំពី​បណ្ដា​រាស្ត្រ​តទៅ​ទៀត ។

អាស្រ័យ​រឿង​នេះ ទើប​បណ្ដា​រាស្ត្រ​ទាំង​អស់​យល់​ថា ប្រាក់ ឬ​មាស​ដែល​បង់​ក្នុង​មាត់​ខ្មោច មាន​អនុភាព​ទៅ​លើ​ទឹក​ចិត្ត​មនុស្ស​ណាស់ សូម្បី​ព្រះ​មហា​ក្សត្រ ក៏​ចុះ​ចាញ់​អានុភាព​នេះ​ដែរ ។ មួយ​ទៀត អានុភាព​នៃ​ប្រាក់ ឬ​មាស​បង់​មាត់​ខ្មោច​នេះ ជា​វត្ថុ​សក្ដិ​សិទ្ធ​អាច​ជួយ​រំដោះ​គ្រោះ​ថ្នាក់​ក្នុង​ពេល​មាន​អាសន្ន​បាន ។ ហេតុ​ដូច្នេះ​ឯង ទើប​គេ​នាំ​គ្នា​ធ្វើ​របៀប​នេះ​ជា​រៀង​រាប រហូត​កើត​ទៅ​ជា​ទំនៀម​ទម្លាប់​មក ។

ប៉ុន្តែ អ្នក​ប្រាជ្ញ​ពី​បុរាណ ដែល​ឲ្យ​យក​មាស ឬ​ប្រាក់​ដាក់​ក្នុង​មាត់​ខ្មោច គឺ​គប្បី​ជា​ប្រស្នា​ឲ្យ​ពិចារណា​ថា “សម្បត្តិ​ទាំង​អស់ យើង​អាច​យក​ជាប់​នឹង​ខ្លួន​ទៅ​បាន​ខ្លះ តែ​ក្នុង​វេលា​នៅ​មាន​ជីវិត, កាល​បើ​ស្លាប់​ហើយ យើង​មិន​អាច​យក​ទៅ​បាន​ទេ” ។

រឿង​នេះ​ឯង ដែល​ជាប់​ជា​ទំនៀម​រហូត​មក​ដល់​សព្វ​ថ្ងៃ ។

🔸Last Updated កំណែចុងក្រោយ on June 29, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).