ទូកទៅកំពង់នៅ

ទូកទៅកំពង់នៅ

បទកាកគតិ

– កូនអើយទូកទៅកំពង់នៅចាស់លោកប្រដៅច្រើនតំណ
សាងអំពើបាបផលមិនល្អសាងបុណ្យស្មោះសរល្អពូជផៅ ។
– ពេជ្រមិនទាន់ច្នៃថ្លៃមិនខ្ពស់មនុស្សអាប់កេរ្តិ៍ឈ្មោះព្រោះល្ងង់ខ្លៅ
ដាវដែលមុខមុតព្រោះដុតក្តៅមនុស្សចេះឆ្អិនឆ្អៅព្រោះសិក្សា ។
– ប្រាជ្ញពឹងតំរេះចេះក្បួនច្បាប់ជរាពឹងស្លាប់ពាលពឹងក្លា
ទារកពឹងយំឃ្មុំពឹងផ្ការីស័ព្ទវាចាពឹងទំនុក ​។
– កុំពុសខ្លឹមឈើធ្វើជាខ្នួចហើយកុំសម្រួចឈើដែលពុក
ធ្វើស្រែមើលស្មៅជាត្រីយ៍មុខកូនចៅដាក់ទុកមើលសន្តាន ។
– កូនអើយកុំធ្វើស្រែប្រវាស់កុំនៅរួមផ្ទះរួមជើងក្រាន
 ជង្រុករលស់រង្គោះចានរណ្តំបែកបានមិនខានទេ ។
– គ្រូកាចអាចនាំឱ្យសិស្សខូចមារយាទសរពូជណាមាសមេ
សំដីសរជាតិមិនឃ្លាតទេចេះឯងក្រែងគេចូរប្រយ័ត្ន ។
– ​ទំពក់វាទៅទើបព្នៅមកទឹកមានរលកព្រោះខ្យល់ផាត់
សាងល្អផលល្អឮមិនស្ងាត់សាងទោសវិបត្តិស្អុយកេរ្តិ៍ឈ្មោះ ។
– នោះហើយទូកទៅនៅកំពង់ន័យនេះតម្រង់លើកិត្តិយស
មនុស្សជាតិឃ្លាតទៅសល់កេរ្តិ៍ឈ្មោះពាក្យនេះពីរោះកូនអើយស្តាប់ ។
– លោកថាសន្សឹមកុំបំបោលក្រែងពានពុំដល់គោលប្រញាប់
លឿនណាស់ប៉ះគ្រោះមិនបានប្រាប់នោះកិច្ចការឆាប់ក្លាយជាយូរ ។
– លោកថាតក់ៗពេញបំពង់ពាក្យពីយូរលង់ជាគំរូ
តក់ៗទឹកស្រក់បង្អក់យូរតែគង់ហៀរហូរពេញបំពង់ ។
– ឳពុកផ្តាំស្ងួនកូនប្រុសស្រីមុនគិតការអ្វីថ្លៃស្ទាបស្ទង់
កុំស៊ីតាមឃ្លានហ៊ានតាមចង់ច្បាប់លោកតម្រង់ប្រដៅស្តី ។
– បើខ្លួនទាបតូចស៊ីដូចមូសគួរកុំខំជុះតាមដំរី
ពិចារណាចុះមាសប្រុសស្រីចាស់លោកស្រដីជាបណ្តាំ ។
– កុំឃើញអ្នកមានមកចងមិត្តខ្លាចគេមិនស្និទ្ធជាប់យូរឆ្នាំ
ខ្លួនក្រត្រដរខ្ចីបញ្ចាំលក់ច្បារដំណាំបង្អួតមិត្ត ។
– បញ្ជោរអ្នកមានថាខ្លួនល្អក្លើអើយអញក្រទ្រព្យមែនពិត
តែទោះអស់អ្វីអញមិនគិតបានឯងជាមិត្តអញមានមុខ ។
-ទូកតូចកុំផ្តួចរកកោ្តងធំខ្យល់បក់រលំកលិយុគ
មើលមាឌមើលរាងនាងចាំទុកនឹងឈានទៅមុខនឹកដានក្រោយ ។
– ទឹកហូរពីទួលទៅទំនាបប្រុងប្រៀបរៀបប្រាណមុនបង់បោយ
ចូលស្ទឹងតាមបត់ពិតមិនធ្លោយនេះពុកដង្ហោយឱ្យគិតកែ្រង ។
– កូនអើយបើក្រឱ្យទល់គ្របបើវ័ណ្ឌកន្ទបឱ្យហៀរកែង
ខ្សត់ខ្សោយកុំឱ្យខ្វះសំបែងខ្ទមឯងដេកស្រួលជាងជួលស្នាក់ ។
– កុំត្រាប់សេដ្ឋីមានពន់ពេកសំបូរអនេកសព្វមាសប្រាក់
ផ្ទះធំមិនដេកខ្លាចប្រឡាក់ស៊ូអាស្រ័យស្នាក់ក្រោលក្របី ។
– សម្បត្តិហៀរហូរសំបូរណាស់តែគង់មកខ្មាស់អ្នកក្រក្រី
សព្វអមែ្បងបែកចោលដោយដីសេដ្ឋីហារខ្ចីឥតខ្មាស់អៀន ។
– បំណាច់នឹងក្រឱ្យប្រពៃកុំស៊ូលើកដៃដើរសុំទាន
មានយសកុំរស់ដូចអត់ឃ្លានដូនតាទូន្មាជាទម្លាប់ ។
– កូនអើយខិតខំកុំឱ្យខកលោកថាងើយស្កកឱនដាក់គ្រាប់
ទោរទន់ធ្ងន់ធ្ងរទ្រដោយទ្រព្យឈរឆើតអើតជាប់ដោយសំដី ។
– ឧបមេយ្យនឹងមនុស្សខ្ពស់ខែងរ៉ែងអួតអាងខ្លួនឯងប្រជាប្រិយ
ពើងទ្រូងបូញមាត់បត់ដុំដៃសម្បើមសំដីខ្វះសន្តាន ។
– រីមនុស្សទោរទន់គន់សុភាពកាយចិត្តបន្ទាបរាបសាប្រាណ
ចេះផ្គាប់គោរពគ្រប់សន្តានប្រៀបបានឱបធ្ងន់ដោយធនធាន ។
– មនុស្សខ្លះសម្បើមឆ្នើមសំបកដូចស្រូវដែលស្កកអង្ករគ្មាន
ងើបងើយខ្ពស់ពេកឥតខ្មាស់អៀនចាស់លោកនិទានថាគ្មានផល ។
– លោកប្រដូចទៅស្រូវសំដីប្រៀបជនប្រុសស្រីលើសកល
ឫកខ្ពស់ហួសខ្នាតខាតលាភផលញាតិផងមិនខ្វល់មិនស្និទ្ធស្នេហ៍ ។
– គេខ្ពើមអំណាចខ្លាចអំនួតត្បិតធ្លាប់តែអួតអាងពូកែ
លុះកាលទល់ច្រកបកមកស្នេហ៍ទោះខំត្អួញត្អែរគ្មានគេស្និទ្ធ ។
– បើធ្លាប់ឱនទាបសុភាពប្រាណញាតិមិត្តរាប់អានចោមចូលចិត្ត
អាសន្នអន់ក្រគេអាណិតឱនដាក់គ្រាប់ពិតដូចនិទាន ។
– កូនអើយខ្មៅចុះឱ្យតែសបើក្រៗចុះឱ្យតែមាន
ពាក្យពីបូរាណបានប្រាប់ប្រៀនទូន្មានអោយហ៊ានពិចារណា ។
– ពាក្យខ្មៅហៅផ្ទុយពីពាក្យសអាក្រក់ផ្ទុយល្អពិតពិស្តារ
ខ្មៅចុះឱ្យសបានន័យថាអាក្រក់កាយាឱ្យល្អចិត្ត ។
– ឯពាក្យក្រចុះឱ្យតែមានចាស់លោកនិទានងាយរិះគិត
ន័យថាក្រចុះទ្រព្យពេ្រងព្រឹទ្ធតែសូមមានពិតត្រង់កិត្តិយស ។
– មានញាតិសន្តានមានចិត្តល្អមានចិត្តស្មោះសរមានកេរ្តិ៍ឈ្មោះ
មានប្រាជ្ញាវៃស្តីពីរោះប៉ុណ្ណោះទោះក្រក៏គប្បី ។
– កូនអើយចូរចាំចំណាំទុកទំនុកពុកផ្តាំមាសប្រុសស្រី
មនុស្សមានអៀនខ្មាសព្រះប្រណីមនុស្សទុ្រស្តវិន័យព្រះផ្តាសា ។

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន

វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ  ឡាយ  រិន

វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).