ទុល្លភបុគ្គលពីរពួក

ទុល្លភបុគ្គលពីរពួក

ព្រះមហា ប៉ាន – ជុន វត្តលង្កា ក្រុងភ្នំពេញ
ព.ស. ២៤៩១ គ.ស. ១៩៤៩


រតនត្តយំ វន្ទាមិ

សូមថ្វាយបង្គំនូវប្រជុំបីនៃព្រះរតនៈត្រ័យទាំងបី គឺព្រះពុទ្ធរតនៈ១, ព្រះធម៌រតនៈ១, និង ព្រះសង្ឃរតនៈ១ ដោយសេចក្តីគោរព ។

 បន្ទាប់អំពីនមស្សការដែលជាសេចក្តីខ្លីនេះទៅ អាត្មាភាពសូមសំដែងធម្មទេសនា តាមសមគួរដល់កាលវេលា ។

ភោ សាធវោ បពិត្រសាធុសប្បុរសទាំងឡាយ! ក្នុងឱកាសនេះអាត្មាភាព សូម សំដែងអំពីបុគ្គលកម្រមានក្នុងលោក ។ ពិតមែនតែក្នុងសកលលោកមានមនុស្សច្រើន រាប់ដោយរយលាន ប៉ុន្តែបើនិយាយឱ្យឃើញច្បាស់តាមតម្រាស់នៃព្រះសម្មាសម្ពុទ្ធថា បុគ្គលពីរពួក កម្រមាននៅក្នុងលោក ។

បុគ្គលរកក្រពីរពួកនោះគឺបុព្វការី១, កតញ្ញូកតវេទី១ ។ បុគ្គលណាបានទំនុកបម្រុង ផ្ចុងផ្តើមគេមុន នាំឱ្យគេបានលូតលាស់ដុះដាលឱ្យបានសេចក្តីសុខបុគ្គលនោះ ឈ្មោះថា បុព្វការី ។ បុគ្គលណាបានទទួលសេចក្តីទំនុកបម្រុងនោះ ហើយដឹងគុណមិនភេ្លច តែងនឹករឭកឃើញរឿយៗ បានតបឧបការគុណវិញ បុគ្គលឈ្មោះថា កតញ្ញូកតវេទី ។ បើនិយាយដោយសាធារណៈ តាមតែបុគ្គលណាក៏ដោយដែលបានទំនុកបម្រុងគេ បុគ្គល នោះឈ្មោះថា បុព្វការី, អ្នកដែលដឹងគុណហើយបានតបស្នងគុណវិញ ពុំតោះតើយ ព្រងើយ ហៅថាកតញ្ញូកតវេទី ។

ប៉ុន្តែបើនិយាយតាមលំអាន ដែលតែងតែមាននោះគឺ៖

មាតាបិតា ជាបុព្វការីរបស់កូនប្រុសកូនស្រី ព្រោះជាអ្នកបីបាច់ចិញ្ចឹមថែរក្សា ទំនុក បម្រុងផ្ចុងផ្តើមកូនប្រុសកូនស្រី, កូនប្រុសកូនស្រីណាដឹងគុណហើយបានតបឧបការគុណ ចំពោះមាតាបិតា កូនប្រុសស្រីនោះឈ្មោះថា កតញ្ញូកតវេទី ។

ព្រះសម្ពុទ្ធ ជាសាស្តាចារ្យនៃយើង បានប្រកាសពាក្យប្រៀនប្រដៅដ៏ល្អបរិសុទ្ធ ឬ ដែលបានតែងតាំងគម្ពីរក្បួនដ៏ត្រឹមត្រូវប្រាប់ប្រយោជន៍ពិតៗ ទុកឱ្យយើងខាងក្រោយ កាន់តាមៗមក អ្នកដែលជឿស្តាប់តាម បានរៀនសូត្រព្រះបរិយត្តិ កាន់តាមទៅក៏កើត ផលប្រយោជន៍បានជួបប្រទះសេចក្តីចំរើន តាមជាន់តាមថ្នាក់ ដោយសាសនាឬគម្ពីរក្បួន ច្បាប់ដ៏បរិសុទ្ធត្រឹមត្រូវស័ក្តិសិទ្ធនោះ ហើយជាអ្នកដឹងគុណបានតបឧបការគុណវិញ អ្នក នោះឈ្មោះថាកតញ្ញូកតវេទី ។

គ្រូអាចារ្យ ជាបុព្វការីរបស់សិស្ស ព្រោះជាអ្នកបង្ហាត់បង្រៀនឱ្យមានចំណេះវិជ្ជា, សិស្សដែលដឹងគុណហើយ បានតបឧបការគុណគ្រូអាចារ្យវិញ ហៅថា កតញ្ញូកតវេទី ។

ព្រះមហាក្សត្រ ជាបុព្វការី របស់ប្រជាជន ក្នុងព្រះរាជអាណាចក្ររបស់ព្រះអង្គ, ប្រជាជនជាអ្នកមានស្វាមីភ័ក្តិគោរពព្រះរាជារបស់ខ្លួនដោយយល់ជាក់ថាៈ ខ្លួនបានសេច ក្តីសុខចំរើន ដោយសារការគ្រប់គ្រងផែនដី ដែលមានព្រះមហាក្សត្រជាប្រមុខ ក៏ពេញ ចិត្តព្រមប្រព្រឹត្តតាមគន្លងច្បាប់សម្រាប់ផែនដី ប្រជាជននោះឈ្មោះថា កតញ្ញូកតវេទី ។

មាតាបិតា និង បុត្តធីតា

ក្នុងសកលលោកបើរាប់តែចំនួនមនុស្សដែលលមានមាតាបិតា នឹងកូនប្រុស-ស្រី ច្រើនជាអនេក មិនមែនក្រទេ ព្រោះមនុស្សក្នុងលោកដែលកើតតៗ គ្នាមកនោះមាន ច្រើនណាស់ តែដែលកម្រមាននោះគឺមិនសូវមានមាតាបិតា ដែលទំនុកបំរុងសង្រ្គោះបុត្រ ធីតាឱ្យបានត្រឹមត្រូវតាមបែបបទ ច្រើនតែសើៗ ខ្វះៗ ត្រូវត្រង់ណេះ, ត្រូវត្រង់ណោះ មិនសព្វគ្រប់ព្រោះហេតុនោះបានជាថា កម្រមានក្នុងលោក ។

ឯបែបបទដែលមាតាបិតាត្រូវទំនុកបំរុងបុត្រធីតានោះមាន ៥ យ៉ាងគឺៈ

១- ចិញ្ចឹមបីបាច់ថែរក្សា ដោយមិនទំរើសកូនឱ្យធំចិត្ត, ឱ្យឡើងចាងកាលណាបើ ឃើញកូនធ្វើអំពើអាក្រក់ប្រញាប់ប្រញាល់រវៀសរវៃ ហាមឃាត់ការពាររារាំង មិនធ្វេសប្រហែសបណ្តែតបណ្តោយ ប្រាប់ប្រដៅឱ្យស្គាល់ទោសទុច្ចរិត, ឱ្យកូនខ្លាចរអារាងចាលរួញ គំនិតលែងធ្វើអំពើអាក្រក់ទៅទៀត ។

២- ប្រៀនប្រដៅឱ្យកូនរៀនកាន់សុចរិតប្រព្រឹត្តល្អតាមគន្លងធម៌បា្រប់ពន្យល់អំពីផល សុចរិតឱ្យច្បាស់លាស់ឱ្យកូនជឿស្តាប់ ស៊ប់គំនិតពេញចិត្តស្រឡាញ់ផ្លូវល្អ បង្ហាត់ឱ្យស៊ប់សាក្នុងផ្លូវសុចរិតតាំងតែពីតូចមក ។

៣- ប្រដៅកូនឱ្យថ្នឹកក្នុងការចេះដឹងគឹៈបង្ហាត់កូនឱ្យរៀនរាប់, រៀនគិត, រៀនបូក, រៀនចែក, រៀនសង, រៀនវាស់, រៀនថ្លឹង, រៀនវាល់, រៀនគ្នេរ, រៀនស្ទង់ស្មានការជាដើម ឱ្យថ្នឹកតាំងពីតូចមក មិនបណ្តែតបណ្តោយឱ្យកូនងាប់គាំងគំនិតប្រាជ្ញាក្នុងការចេះដឹង លុះដល់កូនមានអាយុចំរើនធំល្មមឱ្យរៀនចំណេះវិជ្ជាហើយ បានទំនុកបំរុងកូនឱ្យរៀន សិល្ប៍សាស្រ្តនឹងចំណេះវិជ្ជាផេ្សងៗ តាមសមគួរដល់កាលៈទេសៈ នឹងសម័យនិយម មិនបណ្តែតបណ្តោយឱ្យល្ងង់ខ្លៅ, ឱ្យកូនប្រុសស្រី រៀនអក្សរឱ្យចេះជាមុន រួចសឹមឱ្យរៀន ចំណេះវិជ្ជាផេ្សងៗ តទៅទៀត ។

៤- ត្រូវរៀបចំឱ្យមានផ្ទះសំបែងសមគួរដល់ពូជពង្សជាតិត្រកូលនឹងទ្រព្យធនជាដើម ត្រូវប្រុងប្រយ័ត្នកំចាត់ការរៀបចំឱ្យហួសហេតុហួសទំនង ប្រយ័ត្នកុំឱ្យដាច់ទ្រព្យធន ដល់ថ្នាក់លក់កេរ្តិ៍ បញ្ចាំកេរ្តិ៍ឬ ជំពាក់បំណុលគេរុំកោះ ត្រាំត្រែងយូរទៅ ត្រូវរៀបចំកូនឱ្យ ល្មមសមគួរដល់ការគួរកុំឱ្យទាស់ទំនង ។

៥- គិតលៃលកចំណាយទ្រព្យសម្បត្តិឱ្យរៀនចំណេះវិជ្ជា, ត្រូវទិញគ្រឿងប្រដាប់ឱ្យ កូនតុបតែងខ្លួនខ្លះ ឱ្យកូនមានសំលៀកបំពាក់គ្រាន់បើ មិនកំណាញ់ស្វិតស្វាញ ហួសប្រមាណ, ក្នុងវេលាចែកទ្រព្យសម្បត្តិឱ្យ ត្រូវចែកឱ្យ ឱ្យត្រឹមត្រូវតាមលក្ខណៈច្បាប់ កុំទុក ឱ្យកាសឱ្យកូនឈ្លោះប្រកែកគ្នាខាងមុខ ។

បែបបទដែលកូនប្រុស – ស្រីត្រូវគោរពបូជាមាតាបិតាមាន ៥ យ៉ាងគឺៈ

១- ថ្នាក់ថ្នមបីបមចិញ្ចឹមមាតាបិតាឱ្យពេញលេញ ឱ្យដូចកាលមាតាបិតាចិញ្ចឹមរក្សាខ្លួន បើបានលើសជាងនោះរឹងរឹតតែប្រសើរណាស់ ។

២- ធ្វើការងារជំនួសមាតាបិតា មិនតោះតើយសោះអង្គើយបណ្តែតបណ្តោយឱ្យ មាតាបិតានឿយហត់ដរាបដល់ចាស់ជរា ទោះបីខ្លួនមានស្វាមីភរិយា បែកមុខការរបរ ឃ្លាតចេញពីមាតាបិតាទៅហើយ ក៏ត្រូវតែជួយធ្វើកិច្ចការងារ តាមកាលវេលាម្តងៗ ដែលនឹងខានពុំបាន ។

៣- តាំងវង្សត្រកូលរបស់មាតាបិតា មិនធ្វើឱ្យអ្នកមានគុណកើតទុក្ខព្រួយចិត្ត ព្រោះខ្លួន ។

៤- គោរពប្រណិប័តន៍ ឱ្យល្មមមាតាបិតាពេញចិត្តឱ្យទ្រព្យសម្បត្តិកេរ្តិ៍សម្បាច់, ប្រយ័ត្នរក្សាទ្រព្យកេរ្តិ៍អាករដំណែលដែលមាតាបិតាចែកឱ្យមិនបំផ្លិចបំផ្លាញឱ្យខូចខាត ខ្ចាយវិនាសអន្តរាយបាត់បង់អសារឥតការ ។

៥- លុះឥតអំពីមាតាបិតាទៅ ត្រូវលើកសពសង្ការ ដោយគោរពយ៉ាងផ្ចិតផ្ចង់ ធ្វើទក្ខិណានុប្បទានឧទ្ទិសផលបញ្ជូនទៅរឿយៗ ។

មាតាបិតានឹងកូនប្រុស-ស្រី ដែលបានបំពេញកិច្ចរបស់ខ្លួនតាមបែបបទ ដូចបាន ថ្លែងមកខាងលើនេះ ទើបចាត់ជាបុព្វការី កតញ្ញូកតវេទីពេញទីត្រឹមត្រូវ ។

ព្រះសម្ពុទ្ធ និង ពុទ្ធសាសនិកជន

ព្រះសម្មាសម្ពុទ្ធជាមនុស្សអស្ចារ្យដែលហៅថា “អច្ឆរយមនុស្ស, ឬអស្ចារ្យមនុស្ស” ។ ព្រះអង្គមិនមែនមានរាល់កាលសម័យទេ យូរ ៗ ទើបមានម្តង ព្រោះហេតុនោះបានជា កម្រមានក្នុងលោក ។ ព្រះសម្ពុទ្ធដែលជាគ្រូដើមរបស់យើងទ្រង់មានព្រះទ័យពេញប្រៀប ដោយសេចក្តីអាណិតអាសូរ ទ្រង់ឱ្យសត្វលោករួចរដោះចាកទុក្ខ, កាលព្រះអង្គជិតចូល ព្រះបរិនិពា្វនទ្រង់ខំប្រឹងឆ្លៀតប្រទានឱវាទផ្តាំថា “អ្នកទាំងឡាយចូរកុំប្រហែសធ្វេស” ។

ដោយហេតុនេះយើងជាពុទ្ធបរិស័ទ គួរប្រិតបត្តិកាន់តាមលំអានធម៌វិន័យពុទ្ធសាសនាដែលជាផ្លូវនាំយើងឱ្យបានជួបប្រទះសេចក្តីសុខព្រមទាំងសេចក្តីចំរុងចំរើនយើងនឹង បានឈ្មោះថាកតញ្ញូកតវេទី ចំពោះព្រះអង្គ ។

គ្រូអាចារ្យ និង សិស្ស

កុំបាច់និយាយដលគ្រូអាចារ្យដែលបង្ហាត់បង្រៀនប្រដៅចំណេះវិជ្ជាគ្រប់យ៉ាងពិតៗ សូម្បីតែលោកណា ដែលកំពុងតែប្រៀនប្រដៅកូនសិស្ស ឬ ប្រៀនប្រដៅ ចំពោះធម៌នឹង ច្បាប់ត្រឹមត្រូវ ស័ក្តិសិទ្ធិពិតប្រាកដ ដែលជាពាក្យមានប្រយោជន៍ គួររៀនគួរស្តាប់ យើងបានស្តាប់ពាក្យនោះចាំបានហើយ យកមកត្រិះរិះប្រតិបត្តិតាមទៅកើតសេចក្តីសុខ ចំរើន លោកអ្នកនោះឈ្មោះថា បុព្វការីរបស់យើងដែរ, យើងត្រូវដឹងគុណ ហើយតបគុណកុំភេ្លចឱ្យសោះ យើងទើបឈ្មោះថាកតញ្ញូកតវេទី ។

ព្រះមហាក្សត្រ និង ប្រជាជន

ព្រះមហាក្សត្រដែលទ្រង់គ្រប់គ្រងប្រទេសនីមួយៗ ព្រះអង្គជាសម្មតិទេព “ទេពតា ដោយសន្មត” ទ្រង់ព្រះនាមថា ព្រះរាជា ព្រោះទ្រង់ប្រកបដោយការសង្រ្គោះប្រជាជន ដោយសង្គហធម៌ ៤ យ៉ាងគឺៈ

១- ប្រទានទេយ្យវត្ថុឱ្យ

២- មានព្រះវាចាគួរចង់ឮ ចង់ស្តាប់

៣- ទ្រង់ប្រព្រឹត្តអំពើជាប្រយោជន៍

៤- ទ្រង់តាំងព្រះអង្គស្មើៗ គឺប្រើឫកពាឱ្យល្មមពេញចិត្តប្រជាជនទ្រង់តម្រង់ប្រជា ជនដោយទសពិធរាជធម៌ សម្រាប់ព្រះរាជាមាន ១០ យ៉ាង គឺៈ

១- ទ្រង់ឱ្យទាន

២- រក្សាសីល ៥ ជានិច្ច

៣- ចំណាយព្រះរាជទ្រព្យទំនុកបំរុងប្រទេសជាតិ

៤- មានព្រះទ័យទៀងត្រង់

៥- មានព្រះកាយទន់ភ្លន់សុភាព

៦- រក្សាឧបោសថសីលតាមកំណត់កាល

៧- មិនក្រេវក្រោធធ្វើឱ្យប្រជាជនក្តៅក្រហាយ

៨- មិនបៀតបៀនអ្នកដទៃ

៩- មានសេចក្តីអត់ធន់

១០- មិនបំពានលើធម៌ លើច្បាប់ ។

ដោយហេតុនេះទើបទ្រង់ព្រះនាមថា បុព្វការីរបស់ប្រជាជន ។

ប្រជាជនដែលបានសេចក្តីសុខ ដោយសារការគ្រប់គ្រងរបស់ព្រះរាជា, ប្រជាជន កាលបានដឹងយ៉ាងនេះហើយ ត្រូវជាអ្នកដឹងគុណតាំងចិត្តស្លូតត្រង់ចំពោះរាជការ ផែនដី ជួយយកអាសារផែនដី ដោយស្មោះស្ម័គ្រមានស្វាមីភ័ក្តិ ចំពោះព្រះរាជា ចំពោះរាជការផែនដី ឥតមានរឹងទទឹងទាស់ផ្លូវរាជការ យ៉ាងនេះ ហៅថា កតញ្ញូកតវេទី ។

អាត្មាភាពសំដែងមកអំពីបុគ្គលរកក្រ ២ ពួក ដោយសង្ខេបតាមគួរដល់កាលវេលាខ្លី សន្មត់ថាចប់តែប៉ុណ្ណេះ ឯវំ ។

សូមសិរីសួស្តីមានដល់អស់ខេមរជនអ្នកស្តាប់គ្រប់ៗគ្នា ។៚


វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃ២៤ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 5, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).