ត្រុកៗអ្នកស្រុកមើលងាយ
បទកាកគតិ
ឫកពាត្រុកៗ | ||
ជននៅក្នុងស្រុក | គេច្រើនមើលងាយ | កណ្តាលជំនុំ |
ស្រាប់តែកម្ចាយ | កិច្ចកលឧបាយ | មានឱតមានភ័ន្ត ។ |
បញ្ចោញសម្តី | ||
មានពាក្យវែងខ្លី | រាបទាបស្រទន់ | មានឱតឮខ្លាំង |
ម្តងៗមិនស្លន់ | រាល់ម៉ាត់ឥតអន់ | សុទ្ធតែបានការ ។ |
ពុំដែលមានឈ្មោះ | ||
ថាខ្លួនអ្នកនោះ | ជាគ្រូអាចារ្យ | ឬជាអ្នកចេះ |
ចំណេះធម៌អាថ៌ | សោះទេមានការណ៍ | ក៏ចេញប្រាជ្ញប្រុះ ។ |
ប្រាជ្ញាយង់យល់ | ||
សម្តីនិម្មល | យោបល់ឈ្លាសឆ្លុះ | អ្នកស្តាប់ស្ញប់ស្ញែង |
ព្រោះឃើញស្តែងនុះ | ទម្លាយទម្លុះ | ការក្រសម្ទាយ ។ |
នេះហៅត្រុកៗ | ||
ត្រាតែអ្នកស្រុក | ភូមិផងមើលងាយ | ស្រាប់តែមានការណ៍ |
ដែលត្រូវដោះស្រាយ | រលាស់គូទខ្ចាយ | មានឱតមានភ័ន្ត ។ |
ឬដូចកុកសាប់ | ||
ស្លាបក្រៅស្រអាប់ | ឥតសសាន់វ៉័ណ្ត | កាលបើវាហើរ |
ឃើញសជាក់ស្បាន់ | ចាស់ថាត្រូវកាន់ | តម្រាប់កុកសាប់ ។ |
រីឯកុកស | ||
ទំក៏ឃើញស | ឥតឃើញស្រអាប់ | ហើរក៏ឃើញស |
ផ្ទុយពីកុកសាប់ | ខ្នងស្លាបស្រអាប់ | នៅពេលដែលទំ ។ |
ហេតុនោះបានជា | ||
ពួកចាស់ព្រឹទ្ធា | ថាឱ្យនិយម | តាមបែបកុកសាប់ |
ជាការសមរម្យ | កុំឱ្យនិយម | តាមកុកសឡើយ ។ |
បើសាធុជន | ||
រិះរេគិតគណ | យល់ន័យនេះហើយ | ពេញចិត្តប្រព្រឹត្ត |
ពិនិត្យរឿយៗ | ប្រើឫកជើយៗ | មិនប្រើអំនួត ។ |
ក៏ទៅដោយយ៉ាង | ||
ពីព្រោះមានអាង | ថាមិនបាច់អួត | ចាំដល់នៅពេល |
ប្រណាំងប្រកួត | គង់មានគេអួត | ជួសខ្លួនយើងទេ ៕ |
ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម ថ្ងៃចន្ទ ទី២៩ ខែកក្កដា គ.ស. ១៩៦៨ ព.ស. ២៥១២
🔸Last Updated កំណែចុងក្រោយ on November 10, 2024
Facebook Comments