នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸ងប់នឹងល្បែងតែងហិនហោច។
តម្លៃព្យញ្ជនៈ
បទកាកគតិ
| តម្លៃព្យញ្ជនៈ | ថ្លៃថ្លាអនគ្ឃ | លាក់ន័យខ្លឹមសារ |
| ត្រាត្រាំទំនុក | ផ្ទុកតាមវោហារ | ជ្រៅតាមបញ្ញា |
| ថ្លាថ្លែងតែងបាន ។ | ||
| វប្បធម៌ភាសា | សិល្បៈសាសនា | ថ្លៃថ្លាថ្កើងថ្កាន |
| បានពីអក្ខរា | ចារឆ្លាក់ប៉ាក់ដាន | ផ្សែផ្សំចំណាន |
| ផ្គុំបានខ្លឹមសារ ។ | ||
| សូមជូនឧបមេយ្យ | លៃពីតម្លៃ | នៃតួអក្ខរា |
| ទាំងសាមសិបបី | មកច្នៃរចនា | ជាន័យខ្លឹមសារ |
| ថ្លៃថ្លាហួសថ្លែង ។ | ||
| ក កើតកិច្ចការ | កេរកាលផ្តាំថា | កើតពីប្រឹងប្រែង |
| កាប់គាស់កកាយ | កែកុនលីសែង | ប្រាកដជាក់ស្តែង |
| កើតកេរទ្រព្យា ។ | ||
| ខ ខំខ្វាយខ្វល់ | ខ្លបខ្លាចអំពល់ | ផលពិតសុខា |
| ខាត់ខុសខូចខិល | ខឹងខ្ជឹលខ្ជីខ្ជា | ខាតខើចវេរា |
| ខាប់ខាងខន្តី ។ | ||
| គ គេងគិតគូរ | គយគន់គុណគ្រូ | គង់ជួបគប្បី |
| គំនុំគុំគួន | គួរកុំគិតអី | គុណគាប់ប្រពៃ |
| គួរគប់បណ្ឌិត ។ | ||
| ឃ ឃើញខុសត្រូវ | ឃើញឃាតឃោរឃៅ | ត្រូវកុំឃុបឃិត |
| ឃាត់ឃាំងបាំងបាប | ឆាប់បាត់បាបមិត្ត | ឃ្លាតឃ្លាទុច្ចរិត |
| ពិតលែងថោកទាប ។ | ||
| ង ងាករកងារ | ងើបងើយជានា | ឫក្សពាររាបទាប |
| មិនងោកងីងើ | ភ្លើខុសរបៀប | បាត់បង់សុភាព |
| ងាប់ងាយជាងងៀត ។ | ||
| ច ចារចាត់ចែង | ចេះចោទកោតក្រែង | ចូលចិត្តជួយជាតិ |
| ចែកចាយជំនួយ | ចូរជួយកុំឃ្លាត | ជួយហើយជួយទៀត |
| ចាស់ៗចូលចិត្ត ។ | ||
| ឆ ឆាប់ឈូសឆាយ | ឆោតឆៅទៅឆ្ងាយ | ខ្លាចឆាបឆេះមិត្ត |
| ឆេវឆាវឆុងឆាំង | ឆឆកបញ្ឆិត | ឆើតឆាយឆ្ងាយគិត |
| សូមឆាប់ឈប់ទៅ ។ | ||
| ជ ជួបជុំគ្នា | ជជែកកិច្ចការ | ជញ្ជឹងខុសត្រូវ |
| ជិះជាន់ជាតិឯង | កុំជ្រែងជីកជ្រៅ | ជួយជាតិត្រឹមត្រូវ |
| ជាតិជាក់ជោគជ័យ ។ | ||
| ឈ ឈានទៅមុខ | ឈានឈោងតោងសុខ | ឈានមុខលកលៃ |
| ឈានឈប់ឈូឆរ | ឈប់ឈរឆ្មើងឆ្មៃ | ឈូសឆាយចង្រៃ |
| ឈានឈរឈប់ឈ្លោះ ។ | ||
| ញ ញឹមញញែម | ញ៉េះញ៉ោះផ្អែមល្ហែម | ញ៉ាំងញាតិស្រណោះ |
| នឹកនាញឹកញាប់ | រាប់រកស្ម័គ្រស្មោះ | ញញឹមស្រស់បស់ |
| ញាតិញោមរោមរាប់ ។ | ||
| ដ ដើរដេកដឹង | ដើមដានស្នានស្នឹង | ដូចដឹងដល់ដប់ |
| ដាំដុះដោះដូរ | ដាក់ដោយប្រសប់ | ដុសខាត់ទម្លាប់ |
| ឱ្យជាប់ឧត្តម ។ | ||
| ឋ ឋិតថែថួន | ថែទាំគុណធ្ងន់ | កុំថយបន្លំ |
| ថែហើយថែទៀត | ថែថែមឱ្យសម | គុណគាប់ស្តុកស្តម្ភ |
| មាតាបិតា ។ | ||
| ឌ ឌុនឌឺដង | ដៀមដាមចងក្រង | ឌុកដាន់ចណ្ឌា |
| ប្រឌិតដើមដាន | ដុតដាលដូនតា | ដាសតឿនលឿនជា |
| គួរតែដោះដូរ ។ | ||
| ឍ ធនធូរធារ | ធំធាត់វឌ្ឍនា | ទ្រព្យាហៀរហូរ |
| ធុនតូចធុនធំ | ផ្សំផ្គុំសម្បូរ | សម្បត្តិជន់ជោរ |
| ធូរធារឥតខ្វះ ។ | ||
| ណ ណាត់ណែនាំ | អំណត់អត់ទ្រាំ | នាំអ្នកណាណាស់ |
| ន័យនេះនឹមនួន | នឹងបានយល់ច្បាស់ | ល្អិតល្អន់ល្អល្អះ |
| នែបនិត្យនឹងន័យ ។ | ||
| ត តបស្នងគុណ | តបតគុណមុន | គុណបុព្វការី |
| តែងតែបានបុណ្យ | តទុនតម្លៃ | តទៅមុខថ្ងៃ |
| ថ្លៃថ្លាឧត្តម ។ | ||
| ថ ថែម៉ែពុក | ថ្នាក់ថ្នមទំនុក | ពុកម៉ែជាព្រហ្ម |
| តបតាមលំអាន | ឱ្យបានមុតមាំ | គុណលោកស្តុកស្តម្ភ |
| ធំធេងពេកក្រៃ ។ | ||
| ទ ទប់ទស់ទែង | ទាក់ទងគ្នាឯង | កុំទាស់គ្នាអី |
| ទោរទន់អត់ទោស | ទើបឈ្មោះថ្លាថ្លៃ | ទោះទាស់ម្តេចក្តី |
| តបតាមមេត្តា ។ | ||
| ធ ធន់អំណត់ | នឹងធឹងអត់ធ្មត់ | ធំធាត់ធម៌អាថ៌ |
| បានជាធនធាន | ធំធេងអស្ចារ្យ | ប្រាជ្ញប្រាយហៅថា |
| ទ្រព្យាពិសិដ្ឋ ។ | ||
| ន នៅនឹងន | ន័យនេះល្អះល្អ | នួននាងពិនិត្យ |
| កុំនៅទំនេរ | ទទេគំនិត | ចរណៃចូរគិត |
| ន័យនេះផងណា ។ | ||
| ប បោះបង់បាប | បៀតបៀនថោកទាប | បែបបទឫស្យា |
| បាចបោកបាញ់បោះ | បែកបែរមេបា | បំបាត់បាណា |
| បានបុណ្យច្រើនក្រៃ ។ | ||
| ផ ផាតិភោគផល | ផូរផង់យង់យល់ | ផលផុសថ្លាថ្លៃ |
| ផិតផាយភូតភរ | ផុងផុតភក្តី | ផឹកផុងលង់ថ្ងៃ |
| ផលមិនផូរផង់ ។ | ||
| ព ពោលពាក្យពិត | ពោរពេញសុចរិត | ពាក្យពិតទៀងត្រង់ |
| ពាក្យពេចន៍ពុំពិត | ពុំពោលកន្លង | ពាក់ព័ន្ធសៅហ្មង |
| ពាលពុំប្រពៃ ។ | ||
| ភ ភប់ភោគផល | ផូរផង់មង្គល | ផលផុតភិតភ័យ |
| ភាវនាចំរើន | កើនភាគផលថ្មី | ភ័ព្វព្រេងនិស្ស័យ |
| ថ្លៃថ្លាឥតខ្ចោះ ។ | ||
| ម មានមេត្តា | មូលមិត្តសាច់សា | ស្នេហាស្ម័គ្រស្មោះ |
| មូលមករាក់ទាក់ | មិនមានទើសទាស់ | ម៉ត់ហ្មងកេរ្តិ៍ឈ្មោះ |
| រស់មានមុខមាត់ ។ | ||
| យ យកយោគយល់ | យោនយកមគ្គផល | យល់លំអានរ័ត្ន |
| ជាយានស្ពានផ្លូវ | យោលត្រូវតាមបទ | យសស័ក្តិវិវឌ្ឍន៍ |
| ប្រាកដយូរយារ ។ | ||
| រ រស់រៀនសូត្រ | រុងរឿងរហូត | រុះរោយវេរា |
| រួញរៀវរឿងរ៉ាវ | សល់នៅរម្យនា | រួបរួមរកគ្នា |
| រាក់ទាក់រីករាយ ។ | ||
| ល លះលោភលន់ | លបលួចលាក់ជន | លូកលាន់លែបខាយ |
| លាក់លៀមលលេង | យូរលង់អន្តរាយ | លិចលង់ផុងកាយ |
| អន្តរាយកេរ្តិ៍ឈ្មោះ ។ | ||
| វ វៀរវិវាទ | វឹកវរចោលម្សៀត | វាតចោលឱ្យអស់ |
| កុំវក់វង្វេង | វិលវល់នឹងឈ្លោះ | វៀចវេរមិនស្មោះ |
| យសមិនវិវឌ្ឍន៍ ។ | ||
| ស ស៊ូសិក្សា | ស៊ូសព្វសញ្ញា | សូន្យសោះកំសត់ |
| សន្សំសុខសាន្ត | តាមលំអានរ័ត្ន | សាងសន្សំបទ |
| ស្ពានសួគ៌ាឋាន ។ | ||
| ហ ហាមហ៊ឺហា | ហាច់ហើរលីលា | ហ៊ឹកហ៊ាក់ក្លាហាន |
| ប្រយ័ត្នហិនហោច | ហួតខ្លោចខ្លួនប្រាណ | ព្រោះខ្លៅសាមាន្យ |
| ហ៊ានហួសហ្នឹងហើយ ។ | ||
| ឡ ឡើងលូតលាស់ | កុំឡូយឱ្យសោះ | នោះមិនល្អឡើយ |
| ឡេមឡឺមឡេះឡោះ | លោកហាមអស់ហើយ | ឡូឡាមិនស្បើយ |
| ក៏មិនល្អដែរ ។ | ||
| អ ឱនអង់អាច | អត់ឱនឱ្យប្រាជ្ញ | អង់អាចពូកែ |
| តែកុំអួតអាង | អស់អត្ថលើសគេ | ចេះឯងក្រែងគេ |
| ទើបហៅអស់អត្ថ ។ | ||
| តម្លៃព្យញ្ជនៈ | រៀបរាប់បញ្ជាក់ | ជូនដោយកាត់ៗ |
| សូមស្លេះបញ្ចប់ | ដោយក្តីប្រតិបត្តិ | កណ្តាលយប់ស្ងាត់ |
| ប៉ុណ្ណេះឯងហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តខេមររតនារាម, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី




