ចេះពីរៀន មានពីរក

ចេះពីរៀន មានពីរក

បទពាក្យ៧

– ចេះមកពីរៀនមានពីរកហៃស្ងួនពន្លកគ្រប់អង្គា
ពាក្យចាស់ពន្យល់រាល់វេលាឱ្យកូនគ្រប់គ្នាចងចាំទុក ។
– លោកថាចំណេះបានពីរៀននេះដំបូន្មានចំពោះមុខ
ចំណេះជួយ ឆ្លងចម្លងទុក្ខចូរចាំទំនុកលោកស្រដី ។
– វិជ្ជាគឺជាឃ្លាំងសម្បតិ្តចាយមិនចេះខ្ចាត់ទេពីសី
ចោរលួចមិនបាត់ទោះយប់ថ្ងៃចរណៃចំណាំគឺវិជ្ជា ។
– ចំណេះអាចស្គាល់ពន្យល់ផ្លូវស្គាល់ហេតុខុសត្រូវសព្វការងារ
បើមានឆន្ទៈខ្វះវិជ្ជាធ្វើអ្វីនានាច្រីនសៅហ្មង ។
– អវិជ្ជាងងឹតពិតដូចខ្វាត់យល់ក្តីគ្រោះថ្នាក់ច្រីនកន្លង
សូន្យសុងលង់លិចភេ្លចឆ្គាំឆ្គងសឹងសេពគប់ផងដោយបាបកម្ម ។
– ពាក្យពីបូរាណបានចងចារតំណដូនតាជាបណ្តាំ
ហៃមាសស្ងួនអើយចូរកូនចាំលោកផ្តាំភ្លើងភ្លឺគឺប្រាជ្ញា ។
– កកើតចំណេះគឺខិតខំសន្សំសង្វាតឆ្លាតសិក្សា
ប្រមូលតក់ៗឆក់តម្រាមានលេខអក្ខរាជាប្រភព ។
– ចេះចាំកាលណាភ្លឺកាលនោះនាំខ្លួនផុតគ្រោះលែងធុញថប់
ភ្លអចិន្រ្តៃយ៍ទាំងថ្ងៃយប់ឧបសគ្គសព្វគ្រប់ឈប់អំពល់ ។
– ពុកពោលរួចហើយឃា្លមួយថាចង់បានផ្លែផ្កាឱ្យដុតគល់
កូនអើយប្រឹងរៀនហ៊ានឈ្មុសឈ្មុលថ្ងៃមុខគង់យល់ដោយសម្បតិ្ត ។
– កំណប់មាសប្រាក់គឺសាលាត្រូវកាយកាប់ឆ្ការកុំស្ងៀមស្ងាត់
កូនចេះចាំហើយស្បើយវិបត្តិទុក្ខព្រួយខ្ចាយខ្ចាត់ពីអាត្មា ។
អ៊ើយកើតជារូបកាយកូនកុំកាត់ឆ្ងាយពីកិច្ចការ
កាប់គាស់កុះករល្អកាយាកេរកាលផ្តាំថាកុំកោងកាច ។
អ៊ើយខំកុំខូចខិលខកខានប្រាណខ្ជិលវិលទាល់ប្រាជ្ញ
ខែងរ៉ែងក្រែងខុសឈ្មោះខូចកាចខិតខំខ្លបខា្លចអាចសុខា ។
– គ អ៊ើយគួរចេះគិតគូរចេះគាប់គុណគ្រូកុំគេចបា
កុំកួចគុំគួនកាន់មោហាគេងគិតកិច្ចការគង់គប្បី ។
អ៊ើយឃើញភាពឃោឃៅកុំទៅឃុបឃិតជិតគេអី
ជួយឃាត់មនុស្សឃាតឱ្យឃ្លាតភ័យកើតក្តីឃុំឃាំងទាំងអ្នកជួយ ។
អ៊ើយងឹតពិតដូចងោះងប់ងុលជ្រុលជ្រួលព្រោះខ្វះព្រួយ
ងីងើងំៗយំរងួយងើបងើយផុតត្រួយធ្លោយការងារ ។
អ៊ើយចាប់ចេះចាត់ចែងចាស់ៗលោកថ្លែងថាចិត្តជា
ចូលចិត្តចោទស្រាយចែកចាយគ្នាចាំចុះអ្នកជាចេះចចារ ។
– ឆ អ៊ើយឆោមកុំឆើតឆាយឆុងឆាំងនាំកាយក្លាយប្រេះឆា
ឆិនឆៃដៃឆៅឆាប់ឈើផ្សាកុំឆោតអាត្មាឆាបឆួលឆេះ ។
អ៊ើយជួបជោគជយាជនជាតិអ្នកជាល្អពិសេស
មិនជេរជជែកស្រែកចចេសជួយជាតិប្រទេសមិនជិះជាន់ ។
អ៊ើយឈានឱ្យលឿនឆាប់ឈូឆរប្រញាប់ឈោងឱ្យទាន់
កុំឈៀងឈរឈប់ចង់ទប់ឈ្នាន់ខំប្រឹងរួសរាន់ទាន់ឈឺចាប់​ ។
អ៊ើយញឹមកុំញញើតកុំញាក់ញ័រព្រើតប្រឹងប្រញាប់
ញុះញង់ញឹកញាប់គាប់កុំត្រាប់ញ៉េះញ៉ោះខុសច្បាប់នាំញាតិស្អប់។
អ៊ើយដឹងដល់សល់ដើមដានដេកដើរប្រមាណដានប្រសព្វ
ដាំដុះដេរដាស់អស់ធុញថប់ដូចដឹងដល់ដប់ឈប់ដុនដាប ។
អ៊ើយឋិតក្នុងឋានសុខបឋមស្តម្ភស្តុករៀងដរាប
ឋានៈខ្ពង់ខ្ពស់ព្រោះគ្មានបាបសាងបុណ្យឱ្យកា្របជួបសួគ៍ឋាន ។
អ៊ើយឌឺឮប្រឌិតដៀមដាមញាតិមិត្តពិតរំខាន
ឌុកដាន់ឌឺដងសៅហ្មងប្រាណដៀលខុសដើមដានគេផ្តន្ទា ។
អ៊ើយធំជួបជុំញាតិវឌ្ឍនភាពជាតិឃ្លាតវេរា
ចាកផុតទុក្ខទោសព្យុះព្យោមារឆ្លងកាលវឌ្ឍនាអភិឌវ្ឍន៍ ។
អ៊ើយណាស់ប៉ះអ្នកណាដំណាងដួនតាចារទៀងទាត់
ដំណឹងតំណតប្រវតិ្តដំណើរធំធាត់ដំណែលកេរ្តិ៍ ។
អ៊ើយតូចនៅតេះតះតោងតាមតាចាស់ណាមាសមេ
តូចតាចកុំតាំងខ្លាំងជាងគេតក់ៗគង់តែតាមគេទាន់ ។
អ៊ើយថាឱ្យថែថួនថោកដៃថ្លៃខ្លួនលោកថាគ្រាន់
ថែកេរ្តិ៍ថេរថិតគិតគ្នេរគ្នាន់កុំថប់ធុញទ្រាន់ចេះថែមថយ ។
អ៊ើយទៅឱ្យទៀងទាត់ទន្ទេញចាំមាត់ទើបមិនស៊យ
ទិសទីទើសទាល់កុំទៅញយទាស់ទែងនាំឱ្យទុក្ខទោសា ។
អ៊ើយធនធានធូរធារធំធាត់សោភាសមប្រាថ្នា
សន្ធឹកសន្ធាប់គាប់ចិន្តាសន្សំធម៌អាថ៍កុំធុញថប់ ។
អ៊ើយនាងកុំទំនេរនិត្យនៅរិះរេរៀនឱ្យចប់
នោះទើបនឹមនួនមានកំណប់ន័យនេះជាទ្រព្យណានួនភ្ងា ។
អ៊ើយបោះបង់ឱ្យបានបែបបទសាមាន្យធ្វើបាបគ្នា
កុំបែកបែរបុណ្យគុណបុព្វជាបីបមបុត្រភ្ងាជាប្រចាំ ។
អ៊ើយផុសដុះផល្លាបំផុតផ្លែផ្កាព្រោះប្រឹងដាំ
ភោគផលផូរផងផ្ចង់ផ្សែផ្សាំផូងផាងផឹកញ៉ាំងផលមិនផេះ។
អ៊ើយពោលពាក្យឱ្យពិតដូចពេជ្រប្រណីតពេញពិសេស
កុំពានពួកពាលពុតមិនខ្មេះពាក់ព័ន្ធពួកនេះខូចពូជពង្ស ។
អ៊ើយរភូតនាំអភ័ព្វភាន់ភាំងបង់ទ្រព្យមិនគាប់គង់
ភិតភ័យភោគផលផ្តល់លិចលង់ពិភពល្ងិតល្ងង់កុំសំភី ។
អ៊ើយមានមិត្តចិត្តមួយមាំមួនមិនព្រួយមួយជីវី
មាសមេមើលមុខមុនមានពីរមោះមុតមូលមីរឱ្យម៉ឹងម៉ាត់ ។
អ៊ើយយាន្តស្ពានយិតយោងយាងយាត្រកុំឃ្លោងយើងប្រយ័ត្ន
ប្រយោជន៍យឺនយូរគួរយាមស្កាត់ប្រយែងប្រយ័ត្នយល់គ្រប់យ៉ាង ។
អ៊ើយរស់រត់រករៀនរិះរេរាប់អានញាតិជិតខាង
រួតរះរួសរាន់ទាន់សំណាងរឹងរូសរ៉ូងរ៉ាងរែងរិចរិល ។
អ៊ើយលេងកុំលីលាលូកលាន់ប៉ោបៀវាខូចខិល
លោភលន់លួចលាក់ធ្លាក់មន្ទិលលិចលង់ខូចខិលគួរលះលែង ។
អ៊ើយវវាងរឿងវិបត្តិវៀចវេរប្រយ័ត្នគេវាស់វែង
វានឹងវិលវល់យល់ទាស់ទែងវឹកវរវង្វេងគេវាត់វិញ ។
អ៊ើយសួនស្ងួនសុខសាន្តញាតិសរសើរប្រាណសាយសព្វពេញ
សន្សំសិក្សាសូត្រទន្ទេញសោកសៅទោម្នេញសឹងសូន្យសោះ ។
អ៊ើយហាត់ឱ្យហំហួនហើយហាមមាសស្ងួនកុំហើរហោះ
ហួងហែងហួសហេតុអសុរសហិនហោចរបស់អស់ហ៊ឺហា ។
អ៊ើយឡើងកុំឡប់ឡែឡេះឡោះចែប្រែឡកឡូឡា
ឡឹកឡក់ឡេឡឺមិនធ្វើការលោកថាឡប់ឡិនមិនល្អឡើយ ។
អ៊ើយឱ្យចិត្តអង់អាចកុំអាងអំណាចឥតកោះត្រើយ
អែបអបអញឯងក្រែងមិនស្បើយកុំអួតអ្នកអើយចេះឱនអត់ ។
– សាមអ៊ើយសិបបីតួនេះឯងហើយមាសស្ងួនកូនអើយលោកកំណត់
ប្រៀបបានប្រទីបពិតប្រាកដភ្លឺច្បាស់បំផុតទាំងយប់ថ្ងៃ ។
– កូនអើយខំរៀនឱ្យសកម្មរៀនផ្សំផ្សែផ្សាំពិសោធន៍ច្នៃ
រៀនបូកគុណគូររៀនយប់ថ្ងៃរៀនកុំសំចៃរៀធ្វើការ ។
– រៀនបណ្តុះដាំដំណាំគ្រប់រៀនកុំធុញថប់គ្រប់សញ្ញា
រៀនលីសែងរែកបែកប្រាជ្ញារៀនសព្វស្រែច្បាររៀនសាងសង់ ។
– រៀនគូរចាំងឆ្លាក់វិចិត្រកររៀនត្រាច់បើកបររៀនផ្ចិតផ្ចង់
រៀនសាងសីលទានរៀនស្មោះត្រង់រៀនបំបាត់បង់នូវបាបកម្ម ។
 -រៀនសរសេរស័ព្ទចាប់ចុងចួនរៀនហាត់ពត់ខ្លួនជាប្រចាំ
រៀនសព្វកីឡាកាយវប្បកម្មរៀនតស៊ូទ្រាំរៀនរកស៊ី ។
– រៀនហើយរៀនទៀតរៀនសព្វមុខរៀនរកទំនុករៀនសំភី
រៀនរៀបរៀនរាប់គ្រប់នាទីរៀនរួមសាមគ្គីរៀនសុចរិត ។
– រៀនហើយគង់ចេះតម្រេះបានរៀនចប់កល្យាណបានផលពិត
ចេះចាំជាថ្នាំដ៏ស័ក្តិសិទ្ធចាស់ៗចូលចិត្តអ្នកចេះការ ។
– ចេះបានជាប្រាជ្ញជាបណ្ឌិតចេះបានជាព្រឹទ្ធជាគ្រូបា
ចេះដេកដើរស្តីពិចារណាចេះនាំអាត្មាយល់ផ្លូវល្អ ។
– ចេះជួសចេះជុលចេះធ្វើជាងចេះភ្លេងចេះច្រៀងសិល្បករ
ចេះច្បាប់វិន័យចេះសីលធម៌ចេះសព្វអក្សរគ្រប់ភាសា ។
– កូនអើយឳពុកទុកបណ្តាំចូរស្ងួនចំណាំរាល់រូបា
កុំរៀនវិជ្ជាក្រៅតម្រាជាអាទិ៍ស្រីស្រាល្បែងអបាយ ។
កុំរៀនធ្វើចោរចេះលួចឆក់ចេះភរកុហកបោកប្រាស់ប្រាយ
ចេះហ៊ឺហាហួសឈ្មោះអន្តរាយពុកផ្តាំឆោមឆាយកុំឱ្យរៀន ។
– កូនអើយចំណេះពិសេសផុតនោះគឺប្រាកដចេះខ្មាស់អៀន
សូវខ្វះសម្បតិ្តទ្រព្យធនធានតែទ្រង់ខ្មាស់អៀនកុំខ្វះអី ។
– ឯឃ្លាមួយទៀតគួរនឹកភ្នកមានមកពីរកលោកស្រដី
កុំស្ពឹកស្រពន់ស្ងួនប្រុសស្រីដេកដើរយបថ្ងៃរំពៃគិត ។
– បើរពិសដៃទើបផ្ទៃឆ្អែតនោះជាបុព្វហេតុច្នៃប្រឌិត
ត្រូវស្នេហ៍កិច្ចការស្មើជីវិតនោះទើបវរមិត្តពិតមានបាន ។
– ឧស្សាហ៍ព្យាយាមកុំទំនេរប្រឹងប្រែងគ្នាន់គ្នេរគង់ស្រាកស្រាន្ត
របរសុចរិតឥតសាមាន្យបង់បោយមើលប្រាណស្មានកម្លាំង ។
– រកស៊ីផ្សែងផ្សំសន្សំទ្រព្យរិះរេឱ្យជាប់កុំឆុងឆាំង
កុំលោភលាភផលលើសកម្លាំងប្រមាណចានឆ្នាំងជាទម្លាប់ ។
– កុំដេកផ្សងព្រេងពឹងវាសនារង់ចាំទេវតាផ្តល់ភោគភ័ព្វ
សង្ឃឹមរាសីមមៃទ្រព្យសំណាងមិនគាប់អភ័ព្វខ្លួន ។
– ចង់ឆ្ងាញ់ខំស្វែងរកអន្លក់ស្ទុះស្ទាកុំស្ទក់ទើបមាំមួន
ចង់ស្បើយកុំគិតនឿយហត់ខ្លួននោះជាច្បាប់ក្បួនលោកស្រដី ។
– ប្រឹងរកនាំមកនូវភោគផលបើខ្វះខ្វាយខ្វល់នាំក្រក្រី
ទាល់ណាស់គាស់កាយធរណីដីម្ល៉េះគង់បានឆីខ្លួនរស់បាន ។
– មានជើងមានដៃសព្វទាំងទ្វេកុំសុំទានគេអាប់ឱនប្រាណ
សឹងស៊ីឈ្នួលគេក៏រស់បានកុំត្រាច់សព្វឋានសំពះគេ ។
– ចេះចាយឆោមឆាយត្រូវ ចេះរកពុកផ្តាំពន្លកស្ងួនមាសមេ
ក្រខ្សត់អត់ឃ្លានព្រោះទំនេរទ្រព្យធនមានទ្វេព្រោះឧស្សាហ៍ ។
– ឃ្លានេះរិះគិតពិនិត្យចុះចូរស្ងួនស្រីប្រុសពិចារណា
ចំណេះចេះបានពីសិក្សាសម្បតិ្តទ្រព្យាបានពីរក ។
– ដូច្នេះពាក្យថាចេះពីរៀនជាដំបូន្មានត្រូវចាប់យក
ធនធានកើតមានព្រោះប្រឹងរកពន្លកគួរយកជាតម្រា ។
– សំណាងកូនណាស់កើតជាខែ្មរមិនថាក្រុងស្រែឬចំការ
ឱ្យតែមានចិត្តមានប្រាជ្ញាមិនខ្វះមុខការប្រកបឡើយ ។
– ខ្លាចម្យ៉ាងតែខាងខ្ជិលទ្រមក់ស្ពឹកស្រពន់ស្ទក់ធ្វើកន្តើយ
បើនឹងឧស្សាហ៍ព្យាយាមហើយជីវិតនឹងស្បើយសល់ត្រើយសុខ ។
– ធម្មជាតិស្រុកយើងអំណោយផលទឹកដីយើងផ្តល់សម្បតិ្តស្តុក
កូនអើយខំរកកុំសំកុកក្តីសុខស្រណុកដ្បិតឧស្សាហ៍ ។
– នេះបទទំនុកឳពុកផ្តាំពន្លកចូរចាំណាកូនណា
ពាក្យពុកផ្ញើទុកនឹងអក្ខរាផ្តល់ឱ្យធីតាសំណព្វចិត្ត ។
– កូនអើយវិជ្ជាជាទ្រព្យធនប្រាជ្ញាជាទុននៃគំនិត
កេរ្តិ៍ឈ្មោះជាយសនៃជីវិតន័យនេះគេងគិតកុំកន្តើយ ។
– ពាក្យពុកផ្តាំទុកប៉ុណ្ណេះហោងបញ្ចប់ចងក្រងប៉ុណ្ណឹងហើយ
សូមស្ងួនសំរេចត្រាច់ដល់ត្រីយអនាគតស្បើយឃ្លាតទុក្ខភ័យ ។
– សូមជីវិតកូនភ្លឺត្រចះដូចចួងច័ន្ទរះពេញបូរណ៍មី
ប្រសព្វសុខសាន្តប្រាណប្រិមប្រិយ៍ប្រកបជោគជ័យតរៀងទៅ ។
– ពេលអត់ពីពុកកូនកុំភ្លេចពិនិត្យទឹកប៊ិចក្នុងសៀវភៅ
អក្ខរាចារចួនផ្ញើស្ងួនពៅពេលពុកមិននៅត្រូវគេងគិត ៕

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន

វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ  ឡាយ  រិន

វត្តខេមររតនារាម, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).