គោតមប្រវត្តិសូធ្យ

ភិក្ខុ កៅ ពុទ្ធា Kao Puthea
ភិក្ខុ ថុក ភា Thok Phea
ភិក្ខុ វ៉ា ហៀន Va Hean

សូធ្យគោតមប្រវត្តិ

ខ្ញុំសូមថ្វាយវន្ទាព្រះសាស្តាដ៏មានបុណ្យ 
                  និងសូមគោរពគុណគ្រាព្រះអង្គចុះចាកឋាន ។
                  មកចាប់ផ្ទៃមាតាស្រីស្រឹង្គារស្រស់កល្យាណ 
                  កាលនោះមហាជនបានសុខក្សេមក្សាន្តព្រោះបារមី  ។
                  ក្នុងថ្ងៃព្រហស្បតិ៍អា-សាឍមាសាពេញបូណ៌មី
                  រកាជាឆ្នាំថ្មីសុខសិរីដល់ជនា ។
                  កាលបានដប់ខែហើយព្រះគុណអើយកើតអស្ចារ្យ
                  នៅនាដងព្រឹក្សាឈ្មោះហៅថាព្រៃសាលវ័ន ។
                  កក្រើកផែនពសុធាមានទេវតារាប់រយពាន់       
                  ឋិតនៅក្នុងតំបន់នៃឧទ្យានលុម្ពិនី ។
                  ឆ្នាំចពិសាខនាថ្ងៃសុក្រជាពេញបូណ៌មី 
                  ថ្ងៃនោះព្រះជិនស្រីទ្រង់ប្រសូតឥតមានព្រួយ ។
                  កាលសិទ្ធត្ថក្សត្រាមានវស្សាដប់ប្រាំមួយ   
                  បិតាបានលើកស្ទួយអភិសេកនឹងស្រឹង្គារ ។
                  នារីស្រស់កល្យាណអ្នកផងបានស្គាល់គ្រប់គ្នា 
                  ថាឈ្មោះនាងពិម្ពាស្រស់សោភាលើសលែងក្រៃ។
                  កាលនោះក្នុងឆ្នាំឆ្លូវត្រូវថ្ងៃសៅរ៍មានសិរី    
                  អាសាឍពេញបូណ៌មីក្សត្រាថ្លៃបានសុខា ។
                  ស្តេចមានព្រះរាជបុត្របរិសុទ្ធភ័ក្ត្រស្រស់ថ្លា  
                  គួរឱ្យព្រះរាជាស្តេចជំពាក់ចិត្តពេកក្រៃ ។
                  តែទ្រង់បានកាត់ផ្តាច់ទ្រង់សម្រេចព្រះហឫទ័យ
                  ថាត្រូវកាត់អាល័យពីបុត្រថ្លៃមួយគ្រាណា ។
                  បើបិតាបានត្រាស់វិលរហ័សរកបុត្រា 
                  មកប្រោសស្ងួនពុំងារចាកសង្សារណាបុត្រថ្លៃ ។
                  កាលនោះថ្ងៃព្រហស្បតិ៍ក្នុងឆ្នាំថោះមានសិរី    
                  អាសាឍពេញបូណ៌មីក្សត្រាថ្លៃចេញបព្វជ្ជា ។
                  កាលបានបព្វជ្ជាហើយមិនព្រងើយខំឧស្សាហ៍   
                  ធ្វើទុក្ករកិរិយាគ្មាននរណាធ្វើដូចអី ។
                  បានត្រាស់ឆ្នាំរកាពិសាខាពុធបុណ្ណមី      
                  ជាថ្ងៃព្រះជិនស្រីមានសិរីឈ្នះក្រុងមារ ។
                  ត្រាស់ដឹងបានពីរខែទ្រង់គ្នាន់គ្នេរប្រោសទេសនា
                  ប្រោសបញ្ចវគ្គិយានាកណ្តាលដងព្រឹក្សព្រៃ ។
                  គឺក្នុងឆ្នាំរកាអាសាឍមាសាបុណ្ណមី   
                  ថ្ងៃសៅរ៍ព្រះជិនស្រីផ្តើមពោលស្តីធម៌ទេសនា ។
                  ក៏ជាថ្ងៃកំណើតសង្ឃបានកើតក្នុងលោកា  
                  សាវ័កព្រះសាស្តាមានរហូតដល់សព្វថ្ងៃ ។
                  នាថ្ងៃមួយនោះណាគួរសោកាណាស់ម្ចាស់ថ្លៃ 
                  គឺថ្ងៃព្រះជិនស្រីកាត់ព្រះទ័យដាក់សង្ខារ ។
                  គឺក្នុងថ្ងៃអាទិត្យឆ្នាំម្សាញ់ពិតមាឃមាសា 
                  នៅចំពោះមុខមារនាបាវាលចេតិយ  ។
                  បីខែកន្លងទៅមិនឈប់នៅយឺតយូរអី   
                  ដល់ថ្ងៃព្រះជិនស្រីទ្រង់និព្វានចាកលោកា ។
                  គឺក្នុងឆ្នាំនោះឯងមានការផ្សេងតែមាសា    
                  គឺខែពិសាខនាថ្ងៃអង្គារពេញបូណ៌មី  ។
                  ដោយអំណាចអានុភាពដែលខ្ញុំក្រាបថ្វាយវន្ទីយ៍  
                  នឹកគុណព្រះមុនីសូត្រប្រវត្តិព្រះសាស្តា ។
                  សូមឱ្យសម្រេចបុណ្យដែលជាគុណល្អថ្លៃថ្លា   
                  អន្ទោលក្នុងសង្សារសូមប្រាថ្នាជួបបណ្ឌិត ។
                  សូមជួបព្រះសិអារ្យជាសាស្តាដ៏ពិសិដ្ឋ    
                  សូមចាក់ធ្លុះធម៌ពិតសមដូចចិត្តប្រាថ្នាហោង ៕

(ក្រាបថ្វាយបង្គំម្តង)
☸️🔸🙏🔸☸️

🔸Last Updated កំណែចុងក្រោយ on August 5, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).