គួរ គេង គិត

គួរ គេង គិត

បទពាក្យ៧

កូនអើយគួរគេងគិតរំពៃគួរ ស្គាល់តម្លៃនៃជីវិត
គួរ ដឹងរាក់ជ្រៅខុសត្រូវពិតគួរ យល់សុចរិតនិងបាបកម្ម។
គួរ ប្រមូលមិត្តកាត់សត្រូវគួរ ដើរតាមផ្លូវកុំចោលស្តាំ
គួរ ចៀសវាងឆ្ងាយអបាយកម្មគួរ ត្រាច់ចំណាំមាគ៌ាល្អ ។
គួរ ណាស់ស្គាល់ច្បាស់ពីកិច្ចការគួរ កុំហ៊ឺហារក្រែងនាំក្រ
គួរ ប្រុងប្រុងប្រៀបប្រាណឱ្យបានល្អគួរ កាន់ស្មោះសរធម៌ខន្តី ។
គួរ ខំសងេ្វគលេខអក្ខរាគួរ គាប់សិក្សាបញ្ញាវៃ
គួរ ត្រាប់កិច្ចការស្រាលធ្ងន់ក្តីគួរ កុំខ្ជិលអីប្រឹងឧស្សាហ៍ ។
គួរ កុំចោលម្សៀតឃ្លាតញាតិមិត្តគួរ កុំទុច្ចរិតចិត្តឫស្យា
គួរ កាន់សុចរិតចិត្តកិរិយាគួរ កុំមុសាវាចាស្តី ។
គួរ កុំកោងកាចកេងប្រវ័ញ្ចគួរ កុំកំណាញ់ខ្វះភក្តី
គួរ កុំបំពានច្បាប់វិន័យគួរ កុំបំភ្លៃប្រពៃណី ។
គួរ កុំគុំគួនពួនព្យាបាទគួរ កុំប្រមាថជន្មជីវី
គួរ ខំសន្សំធម៌សាមគ្គីគួរ ស្វែងសំភីបុណ្យបារមី ។
គេង កុំលេងលក់ទ្រមក់ប្រាណគេង ប្រៀបប្រមាណរឿងវែងខ្លី
គេង ពិចារណាការចាស់ថ្មីគេង នឹករំពៃក្តីខុសត្រូវ ។
គេង កុំសន្សំសុបិនល្អគេង កុំអង្វរខ្មោចម៉ែឳ
គេង កុំបន់ផ្សងប៉ងខុសផ្លូវគេង កុំសុំស្រូវសុំទ្រព្យធន ។
គេង កុំពឹងផ្អែកជោគរាសីគេង ខ្ជិលដើរដីឫកទំរន់
គេង ពឹងទ្រព្យកេរគង់ស៊យស៊ុនគេង ស្ពឹកស្រពន់ស្ងួនវិនាស ។
គេង ត្រូវស្រណោះពេលវេលាគេង ស្តាយការងារដែលជាមាស
គេង នឹកប្រយោជន៍ក្រែងនិរាសគេង កុំវាងចៀសពីការគិត។
គេង កល់ខ្នល់ខ្នើយកើយសញ្ជឹងគេង គន់ទន្ទឹងភ្ញាក់គំនិត
គេង កុំបង្ខំភ្នែកឱ្យបិទគេង ហើយប្រឹងប្រឹតពិចារណា។
គិត គួរឱ្យជាប់គង់គប្បីគិត វែងកុំខ្ចីទើបពិស្តារ
គិត ញាតិឆ្ងាយជិតគិតអាត្មាគិត សព្វប្រការឱ្យបានច្បាស់។
គិត រៀងវាសនាអនាគតគិត ប្រឹងប្រយុទ្ធប្រសើរណាស់
គិត ទាន់នៅក្មេងក្រែងស្បើយចាស់គិត កុំបីខ្វះគ្រប់កិច្ចការ ។
គិត ស្វែងជំនាញជាត្រីមុខគិត កុំសំកុកឈ្នះទុក្ខា
គិត សន្សំទានមានមេត្តាគិត សាងករុណាប្រាថ្នាធម៌ ។
គិត រួមស័្មគ្រស្មោះសង្រ្គោះគ្នាគិត កុំពាលានោះនឹងល្អ
គិត ជាតិទឹកដីថ្លៃបវរគិត អរិយធម៌អម្បូណ៍ខ្មែរ ។
គិត ហើយសឹមគូរណាពុំងាគិត ឱ្យគាប់ជាកុំប្រួលប្រែ
គិត ជាតិសាសនាវប្បធម៌ខ្មែរគិត សម្បត្តិកេរថែគង់គាប់ ៕

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន

វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ  ឡាយ  រិន

វត្តខេមររតនារាម, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).