គួរឲ្យទានដល់បុគ្គលប្រភេទណា?
មានអ្នកខ្លះបានចោទព្រះសម្មាសម្ពុទ្ធជាម្ចាស់ថា ព្រះអង្គទ្រង់សរសើរចំពោះតែទានដែលគេប្រគេនដល់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ទ្រង់មិនគាំទ្រសរសើរទានដែលគេឲ្យដល់អ្នកបួសដទៃៗទៀតឡើយ តើសម្តីនេះពិតឬទេ?
ក្នុងគម្ពីរសុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា “…ម្នាលវច្ឆៈ បុគ្គលណានិយាយថាព្រះសមណគោត្តមត្រាស់ថា គប្បីធ្វើទានចំពោះតថាគតតែម្នាក់ គប្បីឲ្យទានដល់សាវ័ករបស់តថាគតតែម៉្យាង មិនគប្បីធ្វើទានដល់សាវ័ករបស់អ្នកដទៃៗទៀតឡើយ ដូច្នេះ អ្នកនោះឈ្មោះថាមិននិយាយតាមពាក្យដែលតថាគតសំដែង ថែមទាំងមួលបង្កាច់តថាគតដោយពាក្យមិនល្អ មិនជាការពិត។
“...ម្នាលវច្ឆៈ បុគ្គលណាហាមអ្នកដទៃដែលកំពុងឲ្យទាន បុគ្គលនោះឈ្មោះថា រមែងធ្វើអន្តរាយដល់វត្ថុ ៣យ៉ាង ជាចោរឆក់ប្លន់វត្ថុ៣យ៉ាង ចុះវត្ថុ៣យ៉ាងនោះអ្វីខ្លះ? វត្ថុ៣យ៉ាងនោះគឺ រមែងធ្វើឲ្យអន្តរាយដល់បុណ្យកុសលរបស់ទាយក១ រមែងធ្វើអន្តរាយដល់លាភបដិគ្គាហក១ បុគ្គលនោះខ្លួនឯងជាអ្នកត្រូវបានកំចាត់ និងត្រូវបានបំផ្លាញមុនគេ១...។
“ម្នាលវច្ឆៈ ក៏តថាគតបានសំដែងដូច្នេះថា បុគ្គលណាជះទឹកលាងភាជនៈ ឬទឹកលាងផ្តិលទៅសូម្បីកន្លែងដែលសត្វនៅអាស្រ័យក្នុងថ្លុកជ្រាំ ឬអណ្តូងដែលស្មោកគ្រោក ក្បែរទ្វារផ្ទះដោយតាំងចិត្តថា សូមឲ្យសត្វដែលនៅអាស្រ័យក្នុងទីនោះចូរញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយវត្ថុនេះចុះ ដូច្នេះ ម្នាលវច្ឆៈ តថាគតពោលនូវ កម្មដែលមានការជះលាងទឹកភាជនៈនោះជាហេតុថាជាទីមកនៃបុណ្យ ចាំបាច់ពោលថ្វីដល់កាធ្វើទានចំពោះមនុស្ស។
“…ប្រការមួយទៀត តថាគតរមែងពោលថា ទានដែលបុគ្គលឲ្យហើយដល់អ្នកមានសីល មានផលច្រើន ជាងការឲ្យដល់អ្នកដទៃ ទាំងអ្នកមានសីលនោះជាអ្នកលះអង្គ៥បានហើយគឺ
១- កាមច្ឆន្ទៈ (សេចក្តីផ្គងចិត្តចុះក្នុងកិលេសកាម និងវត្ថុកាម)
២- ព្យាបាទ (គុំគួនអាឃាត ចំពោះអារម្មណ៍ដែលខ្លួនស្អប់)
៣- ថីនមិទ្ធៈ (សេចក្តីធុញទ្រាន់ ច្រអូសកាយ ច្រអូសចិត្ត)
៤- ឧទ្ធច្ចកុក្កច្ចៈ (សេចក្តីអន្ទះអន្ទែងចិត្ត អណ្តែតអណ្តូងចិត្ត រំខានចិត្ត)
៥- វិចិកិច្ឆា (សេចក្តីសង្ស័យមិនអស់មិនហើយ ងងឹតងងល់ មិនទុកចិត្ត)
...ប្រកបដោយអង្គ៥គឺប្រកបដោយ សីលក្ខន្ធ ដែលជារបស់ព្រះអសេក្ខបុគ្គល (ព្រះអរហន្ត)១ ប្រកបដោយ សមាធិខន្ធ ដែលជារបស់ព្រះអសេក្ខបុគ្គល១ ប្រកបដោយ បញ្ញាខន្ធ ដែលជារបស់ព្រះអសេក្ខបុគ្គល១ ប្រកបដោយ វិមុត្តិខន្ធ (ពួកធម៌ដែលនាំឲ្យធ្វើចិត្តឲ្យផុតពីកិលេសនិងសេចក្តីទុក្ខ) ដែលជារបស់ព្រះអសេក្ខបុគ្គល១ ប្រកបដោយ វិមុត្តិញ្ញាណទស្សនក្ខន្ធ (ពួកធម៌ដែលនាំឲ្យចាប់ចិត្ត យល់ដឹងជាក់ច្បាស់ក្នុងសភាវៈដែលរួចផុតចាកកិលេសនិងសេចក្តីទុក្ខ) ដែលជារបស់ព្រះអសេក្ខបុគ្គល១...តថាគតពោលថា ទានដែលបុគ្គលឲ្យហើយដល់លោកអ្នកដែលលះអង្គ៥បាន ប្រកបដោយអង្គ៥ដូចដែលពោលមកនេះ ជាទានមានផលច្រើន។”
ប្រភពៈ
បានផ្សាយនៅ ខែមករា 10, 2012 ដោយ Saloeurm Savath
🔸Last Updated កំណែចុងក្រោយ on September 14, 2024