គុណ៤ប្រការ

គុណ៤ប្រការ

បទពាក្យប្រាំពីរ

ព្រះពុទ្ធដីកាត្រាស់ប្រៀបធៀបរាប់រៀបរឿងគុណបួនប្រការ
ដូចមានសេចក្តីន័យខ្លឹមសារថ្លាថ្លែងចែងចារជាឧបមេយ្យ ។
ទីមួយរៀបរយអនន្តគុណគុណច្រើនលើសលន់ពន់ពេកក្រៃ
ច្រើនលើសគ្រាប់ខ្សាច់លើផែនដីច្រើនក្រៃមិនអាចរៀបរាប់បាន ។
ទីពីរអនេកប្បគុណគុណច្រើនលើសលន់ហួសសន្និដ្ឋាន
នឹងថ្លឹងចំនួននោះប៉ុន្មានមិនអាចប៉ាន់ស្មានបានត្រូវឡើយ ។
ទីបីគឺអសមគុណធំធន់គ្មានអ្វីប្រៀបស្មើឡើយ
ទោះយកផែនដីធំល្វឹងល្វើយថ្លឹងហើយប្រៀបធៀបពុំស្មើបាន ។
ទីបួនអប្បមាណគុណគុណច្រើនពេកពន់ហួសប្រមាណ
ប្រៀបនឹងទឹកនព្វនៃជលឋានសមុទ្រថ្កើងថ្កានឋានសែនជ្រៅ ។
ម៉្យាងទៀតលោកឆ្លៀតប្រៀបឧបមាយកផែនភស្តុធាធ្វើសៀវភៅ
ភ្នំព្រះសុមេរុ៍ដ៏សន្ធៅយកទៅធ្វើដងទងប៉ាកា ។
និងយកទឹកនព្វមហាសមុទ្រជ្រាលជ្រៅបំផុតហួសឧបមា
មកធ្វើទឹកខ្មៅដៅឆ្លាក់ចារលុះត្រាផែនភស្តុអស់សព្វឋាន ។
ឬរិចរិលភ្នំព្រះសុមេរុ៍មិនអាចសរសេរទៅទៀតបាន
ទោះទឹកសមុទ្រស្ងួតសព្វឋានរៀបរាប់មិនបានអស់គុណឡើយ ។
ដូច្នេះសូមអស់បុត្តធីតាគប្បីឧស្សាហ៍កុំកន្តើយ
ខិតខំតបគុណធ្ងន់ឱ្យហើយកុំឡើយទុកនៅទៅថ្ងៃក្រោយ ។
ត្បិតពេលវេលាតិចតួចណាស់ត្រូវចាំឱ្យច្បាស់កុំបណ្តោយ
ប្រយ័ត្ននាំកាយស្តាយថ្ងៃក្រោយនោះលោកដង្ហោយព្រោះប្រមាទ ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តគិរីសោភា (កូនសត្វ), ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៨

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace