គុណសោកកថា

គុណសោកកថា

បទកាកគតិ

យើងខ្ញុំបង្គំ
ក្រួញក្រាបប្រណមក្រោមព្រះបាទានៃអង្គសម្តេច
ព្រះសង្ឃរាជាអគ្គមេធាមហាវីរៈ ។
កំពូលអ្នកប្រាជ្ញ
ព្រះទ័យអង្គអាចវាងវៃប្រត្យក្សទាំងអក្សរសាស្ត្រ
ទាំងពុទ្ធចក្រទ្រង់ជាឯកអគ្គ1អ្នកបដិវត្ត ។
រៀបរៀងធម៌អាថ៌
វិន័យសិក្ខាដែលមានភ្លាំងភ្លាត់ឱ្យបានត្រឹមត្រូវ
ត្រង់ដូចបន្ទាត់ព្រះសង្ឃរាល់វត្តប្រតិបត្តិសិក្សា។
អក្សរសាស្ត្រជាតិ
ព្រះអង្គខ្មីឃ្មាតសង្វាតរចនាសើរើរៀបរៀង
ផ្ទៀងផ្ទាត់ភាសាឱ្យមានលក្ខណាថ្លៃថ្លាពិសី ។
ទោះមានឧបសគ្គ
ពើបពះគ្រោះថ្នាក់បង្អាក់ម្តេចក្តីព្រះអង្គឥតរា
ពុះពារឃ្មាតខ្មីប្រយោជន៍ដើម្បីសិរីខេមរា ។
ប្រកបព្រះគុណ
គុណគាប់មហាធ្ងន់ធ្ងន់ឥតឧបមាទាំងផែនការជាតិ
ទាំងផ្នែកសាសនាទ្រង់ព្រះឧស្សាហ៍ពុំមានរសាយ ។
ទោះទ្រង់ជរា
តែត្រង់ការងារពុំមានជិនណាយឥតទ្រង់តម្រិះ
ដល់ព្រះអង្គកាយព្រះទ័យខ្វល់ខ្វាយនិងជាតិសាសនា ។
កិច្ចការឧត្តម
ដែលទ្រង់ខិតខំប្រើព្រះប្រាជ្ញាបំពេញទុកឱ្យ
អ្នកក្រោយសិក្សាមានច្រើនប្រការហួសនឹងអធិប្បាយ ។
ព្រះទ័យមេត្តា
អាសូរករុណាមនុស្សសត្វទាំងឡាយស្មោះស្មើទូទៅ
ទោះនៅជិតឆ្ងាយ គ្រប់ក្រុមនិកាយស្រស់ស្រាយរាក់ទាក់
ឥឡូវព្រះអង្គ
ប្រសើរលើសទ្រង់ឯកអង្គអគ្គៈទ្រង់ទិវង្គត
រលត់ជន្មជាក់ខានយល់ព្រះភក្ត្រព្រះអង្គទៀតហើយ ។
ពីថ្ងៃនេះទៅ
យើងខ្ញុំរស់នៅសោកសៅឥតស្បើយ អាឡោះអាល័យ
ម្ចាស់ថ្លៃខ្ញុំអើយ2ពីនេះទៅហើយខានយល់ភក្ត្រា ។
ខានត្រងខានត្រាប់
ខានឮខានស្តាប់ព្រះរាជឱង្ការឮតែសូរសៀង
ស័ព្ទព្រះវាចាតាមឃោសនាការគឺអក្សរសាស្ត្រ ។
ដែលទ្រង់បរិយាយ
ពន្យល់ដោះស្រាយដោយក្តីវៃឆ្លាសវែកញែកហេតុផល
ផ្តល់ន័យប្រកាសដោយព្រះតម្រាស់ជាក់ច្បាស់ក្បោះក្បាយ ។
ព្រះកាយបាត់ទៅ
ព្រះកេរ្តិ៍គង់នៅឱ្យយើងទាំងឡាយរៀនសូត្រសិក្សា
ភ្លឺថ្លាពណ្ណរាយនឹកឡើងសែនស្តាយស្តាយឥតឧបមា ។
ឱអម្ចាស់ថ្លៃ
យើងខ្ញុំអាល័យអាឡោះសោការន្ធត់តក់ស្លុត
ស្រយុតចិន្តាក្តួលក្តៅខ្លោចផ្សាពុំមានស្រាកស្បើយ ៕
  1. អានថាៈ ឯកអាក់ ↩︎
  2. អានថាៈ ខ្ញុំម៉ើយ ↩︎

កំណាព្យនិពន្ធដោយៈ ព្រឹទ្ទបាលឯក ជា សំបូរ (ការិយាល័យទី៥ នៃ អ.ស.យ.ខ)
សរសើរស្នាដៃ សម្តេចព្រះសង្ឃរាជ ជួន ណាត

🔸Last Updated កំណែចុងក្រោយ on August 8, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace