កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
បទកាកគតិ
| – កូនអើយកុំស្លាប់ដូចសត្វពស់ | បើរស់កុំដូចសត្វកងែ្កប |
| ពាក្យពីបូរាណមានបទបែប | កូនអើយខំក្រេបពិចារណា។ |
| – ពាក្យថាកុំស្លាប់ដូចសត្វពស់ | លោកពន្យល់មនុស្សរាល់រូបា |
| កុំឱ្យដាក់ខ្លួនឱនអាត្មា | គេជាន់សិរសាក៏មិនស្តី ។ |
| – បើរស់រងការកៀបសង្កត់ | មិនត្រូវអំណត់ហួសខន្តី |
| ស្វែងយស់គតិបំភឺ្លក្តី | កុំស្លាប់វាហីដូចសត្វពស់ ។ |
| – ធម្មជាតិបងើ្កតកាយសរពាង្គ | ជីវិតរូបរាងដង្ហើមរស់ |
| មនុស្សសត្វកើតមកប្លែកតែឈ្មោះ | ត្រង់ស្លាប់និងរស់មិនខុសអ្វី ។ |
| – អនិច្ចំ ទុក្ខំ អនត្តា | កើតស្លាប់ធម្មតាជាប្រក្រតី |
| តែមនុស្សខុសប្លែកសត្វដទៃ | ស្លាប់មានតម្លៃសល់កេរ្តិ៍ឈ្មោះ ។ |
| – ពុកនឹងប្រៀបធៀបន័យមួយទៀត | កូនកុំចង្អៀតឆ្លៀតពិគ្រោះ |
| លោកថាកុំឱ្យស្លាប់ដូចពស់ | ឃ្លានេះពីរោះមានអត្ថន័យ ។ |
| – សត្វពស់ប្រៀបមនុស្សដែលឃោរឃៅ | រស់នៅអាស្រូវចិត្តអប្រីយ៍ |
| ប្រព្រឹត្តកោងកាចអន្យតិរិ្ថយ | ហ៊ានកាប់ប្រល័យចិត្តឫស្យា។ |
| – លុះដល់ពេលខ្លួនសូន្យជីវិត | អ្នកផងឆ្ងាយជិតគេរអា |
| សូម្បីសាកសពសូន្យសង្ខារ | សឹងគ្មាននរណាហ៊ានចូលជិត។ |
| – គេត្រេកអរណាស់ទោះចាស់ក្មេង | គេលោតកញ្ឆេងលែងភ័យភិត |
| គេផ្សងបន់ស្រន់ឱ្យសូន្យពិត | ស្លាប់ចុះញាតិមិត្តផុតភ័យខ្លាច។ |
| – នោះហើយហៅស្លាប់ដោយគ្មានន័យ | ត្បិតធ្លាប់អប្រីយ៍ចិត្តកោងកាច |
| ប្រៀបបានសត្វពស់ឈ្មោះកំណាច | ញាតិផងខ្ពើមខ្លាចស្អប់អាត្មា។ |
| – កុំស្លាប់ដូចពស់ដូច្នោះឯង | ភាសិតលោកថ្លែងពិតពិស្តារ |
| លោកឱ្យកូនចៅពិចារណា | កុំឱ្យអាត្មាស្លាប់ដូចពស់ ។ |
| – ម្យ៉ាងទៀតកុំរសដូចកង្កែប | ន័យនេះសង្ខេបមិនបង្ហួស |
| លោកចង់ប្រដៅទៅចំពោះ | ផងជនដែលរស់ខ្ពស់សំដី ។ |
| – សមើ្បមសំបូរដោយវោហារ | ព្រោកប្រាជ្ញវាចាអូតខ្លួនល្បី |
| បើកភ្នែកបើកមាត់បើកសំដី | អង្គុយលើល្អីលើកខ្លូនឯង ។ |
| – ប៉ប៉ាចប៉ប៉ោចមាត់ស្រួចស្រាវ | មិនខ្វះរឿងរ៉ាវស្តីថ្លាថ្លែង |
| ក្អេងក្អាងក្អាកក្អាយអួតខែងរ៉ែង | មិនខ្លាចរឯងក្រែងចិត្តគេ ។ |
| – បំភ្លៃបំផ្លើសឆ្កឹះចាក់ដោត | ភូតភូរបញ្ឆោតបញ្ចោរជេរ |
| បង្កាច់បង្ខូចស្តីដើមគេ | គ្មានផលអ្វីទេជួញគេស្អប់ ។ |
| – ប្រៀបនិងនឹងកង្កែបអែបត្រពាំង | ប្រឹងស្រែកឮខ្លាំងមិនស្ងៀមស្ងប់ |
| សត្វផងលួចជេរគេធុញថប់ | កងែ្កបត្រឡប់ជាសប្បាយ ។ |
| – ពេលអាសន្ទដល់ទល់ជំរក | ទើបស្ទុះទៅមកភ្នកខ្វល់ខ្វាយ |
| សត្វអត់មារយាទឆ្លៀតផ្ញើកាយ | រន្ធគេទាំងឡាយកាយទុកស្រាប់។ |
| – ជួនត្រូវរងគ្រោះអន្តរធាន | កង្កែបសាមាន្យនាំក្តីស្លាប់ |
| ស្រែកអូកព្រានលូកដៃញិចចាប់ | ម្ចាស់រន្ធរងស្លាប់ជាមួយដែរ ។ |
| – នេះពុកដង្ហោយមិនឱ្យត្រាប់ | កង្កែបប្រាជ្ញអាប់មិនពូកែ |
| បានខាងក្អេងក្អាងស្រែកឡប់ឡែ | បើនឹងស្និទ្ធស្នេហ៍គេផ្តាសា ។ |
| – មើលចុះសម្ងំក្រោមដើមឈូក | ស្រែកយំអូកៗសោះសោកា |
| ដេកត្រាំភក់ផុកស្អុយរអា | មិនយល់ឈូកផ្កាក្រអូបសាយ ។ |
| – រស់នៅបង្កើយក្បែរបង្កិត | ចាញ់កន្លង់ល្អិតហើរពីឆ្ងាយ |
| ក្រេបរសលំអងឥតជិនណាយ | កង្កែបនៅអាយខ្វះគំនិត ។ |
| – នេះឯងពុកថ្លែងដោយសង្ខេប | កុំត្រាប់កង្កែបល្ងង់ងងឹត |
| កុំរស់តែមាត់ភ្នែកដូចបិទ | ញាតិមិត្តឆ្ងាយជិតពួនប្រមាថ។ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី





