កុំជាប់ចិត្តក្នុងរសអាហារ

៣. កុំជាប់ចិត្តក្នុងរសអាហារ

🔸ព្រះពុទ្ធជាម្ចាស់ប្រៀបឧបមាកវលិង្កាហារមានន័យ
ដូចជាភរិយានិងស្វាមីបីទាំងកូនខ្ចីដើរផ្លូវឆ្ងាយ ។
🔸ផ្លូវកន្តារៈកើតទុរភិក្សព្រោះខ្វះបាយទឹកផ្គត់ផ្គង់កាយ
មានចោរសត្វកាចនាំអន្តរាយអមនុស្សទាំងឡាយបៀតបៀនផង ។
🔸ដើរយូរស្បៀងតិចដាច់អាហារគិតគ្នាប្រហារកូនតែម្តង
យកសាច់បរិភោគដើម្បីឆ្លងវាលធំកន្លងជាផ្លូវឆ្ងាយ ។
🔸ពេលលេបសាច់កូនពិចារណាមិនមែនជាការលេងសប្បាយ
មិនមែនសម្រាប់តាក់តែងកាយជាប់ចិត្តរីករាយក្នុងការឆី ។
🔸ពីព្រោះជាសាច់កូនបង្កើតជាទីស្រលាញ់ពេញហឫទ័យ
សាច់នោះនៅឆៅហើយទន់ខ្ចីគ្មានរសជាតិប្រៃសាបសូន្យឈឹង ។
🔸មិនបានចំអិនក្លិនអសោចប៉ុន្តែយ៉ាងហោចគ្រាន់ទីពឹង
បរិភោគបានរស់មានលំនឹងដើរឆ្លងវាលស្ទឹងឱ្យដល់ត្រើយ ។
🔸លុះដល់ទីដៅលាក់រឿងពិតសល់សាច់កប់ជិតរួចស្រេចហើយ
មិនអួតប្រាប់ញាតិមិត្តណាឡើយថាបានបរិភោគសាច់កូនឯង ។
🔸រឿងនេះប្រៀបដូចពុទ្ធបរិស័ទបានលាភហើយស្ងាត់មិនសំដែង
មិនអួតមិនមើលងាយគ្នាឯងប្រឹងប្រែងតម្រង់ផ្លូវជីវិត ។
🔸អនុគ្រោះដល់ព្រហ្មចរិយធម៌ថាស្អាតបវរល្អពេកពិត
ដែលគួរក្រេបផឹកហើយប្រព្រឹត្តជំរះផ្លូវជិតទៅនិព្វាន ។

នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា

🔸Last Updated កំណែចុងក្រោយ on July 12, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).