ការពារប្រសើរជាងព្យាបាល

ការពារប្រសើរជាងព្យាបាល

បទកាកគតិ

– កូន អើយបុព្វកាលដំណាលមកពន្លកគួរយកជាតម្រា
ជាតិខ្មែរខែ្សពូជអ្នកឧស្សាហ៍សោតទាំងប្រាជ្ញាឆ្លាតវាងវៃ ។
– ចរិតរាបសាតែក្លាហានសាងបានវិមានប្រាសាទថ្លែ
តម្កល់កេរ្តិ៍ឈ្មោះខ្ពស់ស្កឹមស្កៃនិមិត្តស្នាដៃខ្មែរអង្គរ ។
– នោះសក្ខីតាងយ៉ាងប្រត្យក្សកូនអើយជឿជាក់កុំថាភរ
គ្រប់ទ្វីបសកលយល់គាំទ្រស្ញប់ស្ញែងអង្គរព្រលឹងជាតិ ។
– ប្រវត្តិសាវតារដូនតាយើងល្បីល្បាញរុងរឿងគ្មានវិវាទ
ឈ្នះសព្វបច្ចាអន្តរជាតិដែលប៉ងជ្រែកជ្រៀតជាតិបូរី  ។
– ស្នាដៃបុព្វវីរៈជនពិតមានគុណធ្ងន់លើទឹកដី
កិត្តិស័ព្ទនោះចាប់ជាសាក្សីស្ងូនមាសប្រុសស្រីចូរចាំទុក ។
– ស​ព្វថ្ងៃស្រុកទេសយើងសាន្តត្រាណគ្មានអ្វីរំខានឱ្យកលិយុគ
ពេញសិទ្ធិសេរីផុតក្តីទុក្ខសព្វកាលទៅមុខសុខសួស្តី ។
– ទន្ទឹមនិងយើងបានសប្បាយតើកូនគ្រប់កាយត្រូវធើ្វអ្វី  ​    
ឱ្យសមកុលបុត្រស្នងទឹកដីស្នេហាបូរីកេរដូនតា ។
– កូនកុំភេ្លចខ្លួនពួនស្រណុកអាងសម្បត្តិស្តុកផុតទុក្ខា
ភេ្លចជាតិទឹកដីភេ្លចស្រែច្បារភេ្លចែវច្រវាគ្រាដល់ត្រើយ  ។
– ចូរចាំឱ្យជាក់អ្នកនៅក្មេងកុំឈ្លោះទាស់ទែងគ្នាឯងឡើយ
ប្រការបែកបាក់នោះឯងហើយនាំជាតិឥតស្បើយរងទុក្ខា ។
– ដែនដីគោកធ្លកជម្រកមាសពោរពាសដោយទ្រព្យសព្វប្រការ
សម្បត្តិសំបូរគួរចេតនាគន់គាប់ចិន្តាខ្មែរប្រុសស្រី ។
– រ៉ែត្បូងធ្យូងថ្មល្អអនេកភ្នំដែកភ្នំមាសពាសលើដី
ទនេ្លបឹងអូរសំបូរត្រីគិរីព្រឹក្សព្រៃសំបូរសត្វ ។
– ធម្មជាតិព្រោងព្រាតអំណោយផលទឹកដីយើងផ្តល់ភោគសម្បត្តិ  
ប្រើប្រាស់គ្រប់គ្រាន់មិនមានខ្ចាត់សំបូរពេកក្តាត់សម្បត្តិជាតិ  ។
– កូនអើយចូរចាំឱ្យបានជាក់នាងអ្នកនិត្យនៅត្រូវខ្មីឃ្មាត
ព្យាយាមរក្សាកុំចង្អៀតថ្ងៃយប់អធ្រាត្រឆ្លៀតគិតគូរ ។
– ចាស់ថាប្រហែសនាំបង់បាត់ប្រឹងប្រែងប្រយ័តប្រយោជន៍យូរ
កូនកុំដើរធ្មេចដេកទទូរនេះជាគំរូពិចារណា ។
– បើសិនបាត់ទ្រព្យកុំស្អប់ចោរពាក្យលោកផ្តាំម៉ោជាតម្រា
សម្បត្តិមិនខ្ចាត់ត្បិតរក្សាទ្រព្យបង់ផងណាត្បិតខ្ជីខ្ជា ។
– កូនអើយស៊ូស្គមក្រោមកិត្តិយសកុំចង់ដុះពោះព្រោះលោភា
ក្រចុះព្រោះស្មោះជាតិប្រជាកុំឃ្លានទ្រព្យាព្រោះប្រវ័ញ្ច ។
– បើខ្សត់រត់រកអំពកស្រែកុំប្រែបែរបោលចោលដីខ្លាញ
កុំស្អប់ខ្ពើមជាតិញាតិសម្លាញ់កុំដៀលផ្ចាលផ្ចាញ់កំណើតខ្លួន ។
– ពន្លកកើតមកត្រកូលខ្មែរកុំបែរបែកចិត្តគិតគុំកួន
សាមគ្គីជានិច្ចកុំភេ្លចខ្លួននោះទើបមាសស្ងូនផុតទុក្ខភ័យ ។
– ដែនសុវណ្ណភូមិរួមកំណើតល្អឆើតគ្មានផ្ទឹមលើលោកីយ៍
រំលេចពេជ្រពណ៌ពណ្ណរង្សីដូចស្រីក្រមុំពេញលក្ខិណា ។
– ផៃ្ទដីមួយសែនប្រាំបីម៉ឺនមួយពាន់គីឡូម៉ែត្រក្រឡា
មត៌កព្រេងព្រឹទ្ធពីដូនតាចូរជួយរក្សាប្រឹងការពារ ។
– កូនអើយទឹកដីជាជីវិតតោងវេញគំនិតដូចព្រឹទ្ធា
តាំងចិត្តធើ្វម្ចាស់ទាំងអស់គ្នានោះមារមិនហ៊ានទន្រ្ទានឡើយ ។
– ដូច្នេះនាងអ្នកភ្ញាក់រលឹកកុំស្រពន់ស្ពឹកធ្វើកនើ្តយ
កុំអាងបានស្ពានឈានដល់ត្រើយកូនអើយបែរភ្លេចពីសសរ ។
– ថ្ងៃអនាគតយូរអងែ្វងតោងកូនគិតក្រែងឱ្យបានល្អ
ស្ពានអាចឈរជាប់រាប់ដំណអាស្រ័យសសរដែលទ្រទ្រង់ ។
– ប្រការនេះឯងធំធេងណាស់គួរគិតឱ្យច្បាស់មាសឆោមយង់
ស្ពានមិនបាក់ស្រុតផុតអន្លង់គង់វង្សដោយសារគ្រឹះមាំមួន ។
– រូបកូននេះហើយគ្រឹះសសរជាអ្នកបន្តឈរខ្ជាប់ខ្ជួន
រួមចិត្តរួមកាយកុំឆ្ងាយខ្លួននោះទើបមាំមួនគង់គាប់ជា ។
– ការពារជាជាងយើងព្យាបាលចាស់លោកដំណាលសមសោភា
ទោះនឹងអាសន្នជាន់គ្រោះគ្រាបើបានការពារសឹងផុតភ័យ ។
-ឧបមេយ្យមានស្រូវនៅជង្រុកសន្សំដាក់ទុកអចិន្រៃ្តយ៍
ទោះគ្រោះទឹកភ្លៀងរាំងជល់ក្តីសឹងឆ្លងផុតភ័យក្តីអត់ឃ្លាន ។
– ម្យ៉ាងសោតបើមានខ្មាំងបច្ចាប៉ុនប៉ងប្រាថ្នាចង់ឈ្លានពាន
ក៏យើងមិនខ្លាចអំណាចព្រានត្បិតមានវិធានការបំរុង ។
– ប្រសិនបើខ្វះប្រុងប្រយ័ត្នជួនជួបវិបត្តិងងឹតស្លុង
ជំពប់ឧបសគ្គធ្លាក់សូន្យសុងគ្រោះព្រោះមិនប្រុងមិនបង្ការ ។
– កុំត្រាប់មារយាទដូចសត្វរៃក្អេងក្អាងប្រពៃខាងវោហារ
សម្បើមឆ្នើមឫកស្ពឹកអាត្មាមិនស្វែងអាហារការពារឆី ។
– ខែប្រាំងរាំងភ្លៀងច្រៀងឡែៗក្លាហានពូកែសេ្នហ៍សំដី
អាងសមេ្លងឯកស្រែកខ្ទ័រព្រៃតាំងខ្លួនថាល្បីលើសសត្វផង ។
– ស៊ីឆែ្អតមួយគែរស់មួយថ្ងៃពុំគិតមមៃថ្ងៃកន្លង
សព្វទាំងជម្រកក៏គ្មានផងហាក់គ្មាននិកផ្សងដល់ថ្ងៃមុខ ។
– វស្សាមកដល់កើតខ្វល់ខ្វាយយល់ក្តីសប្បាយក្លាយជាទុក្ខ
ព្រួយគ្មានអាហារគ្មានសំបុករងាចាប់ចុករងទុក្ខភ័យ ។
– ភ្លៀងធ្លាក់ជោកជាំច្រើនសន្ធឹករាងកាយទទឹកធ្លាក់ដល់ដី
ស្រមោចព្រួតគ្នាខាំក្រញ៉ីក្លាយជាចំណីឆ្ងាញ់ពិសា ។
– កូនអើយមើលចុះសត្វស្រមោចខ្លួនស្វិតល្អិតល្អោចតែហានក្លា
ព្យាយាមស្វះស្វែងរែងឧស្សាហ៍រួមសហការចិត្តអំណត់ ។
– ពួកគេស្រុះស្រួលបបួលគ្នាសាមគ្គីសាមគ្គាមិនខ្លាចហត់
សន្សំអាហារការពារខ្សត់ត្រៀមទុកមិនអត់គ្រប់វេលា ។
– កូនអើយត្រាប់តាមស្រមោចចុះពិតជាមិនខុសទេពុំងា
ចរិតព្យាយាមរួបរួមគ្នាប្រឹងប្រែងស្ទុះស្ទាឥតទំរន់ ។
– ទៀតសោតដូចហ្វូងសត្វកណ្តៀរពួកគេសាមគ្គាខ្លាំងពេកពន់
ខ្លួនល្អិតចិត្តធំផ្សំអធន់ចរិតទន់ភ្លន់ស្មោះសេ្នហ៍ស្និទ ។
– កូនមើលដំបូកធំស្តូកស្តឹងកណ្តៀរខំប្រឹងចៃ្នប្រឌិត
ប្រមូលកូនចៅផៅជីវិតជញ្ជូនដីល្អិតគ្រាប់ធូលី  ។
– នោះឯងសឹងមនុស្សស្មានមិនដល់គួរកោតគួរឆ្ងល់គួរសំភី
ដំបូកស្តូកស្តឹងសឹងគិរីកើតព្រោះសាមគ្គីនៃសត្វល្អិត ។
-កូនអើយកុំត្រាប់តម្រាប់រៃនឹងនាំទុក្ខភ័យដល់ជីវិត
តែលតោលឯកោខ្វះញាតិមិត្តនោះពិតជីវិតឥតរស្មី ។
– ច្នេះហើយរស់នៅត្រូវខិតខំសង្វាតសន្សំរួមប្រាស្រ័យ
រួមគ្នាការពារជាតិទឹកដីស្មោះស្ម័គ្រមេត្រីគ្រប់បែបយ៉ាង ។
– កូនអើយព្រះមហាឃោសនន្ទលោកផ្តែផ្តាំជនជាភស្តុតាង
ចរិតខ្មែរល្អដប់មួយយ៉ាងនេះពុកអះអាងឆ្លើយបញ្ជាក់ ។
– ទីមួយខ្មែរយើងមិនតក់ស្លុតស្មារតីមោះមុតខ្លាំងអនគ្ឃ
លោភះ ទោសះ និងមោហះចិត្តខ្មែរពិតជាក់សង្កត់បាន ។
– ទីពីរខ្មែរមានឫកសុភាពទន់ទាបរាបសាល្អចំណាន
ប្រជាប្រិយភាពថ្លៃថ្កើងថ្កាននិងដោយសន្តានចិត្តជាបុណ្យ ។
– ទីបីខ្មែរមានកតញ្ញូតបស្នងគុណគ្រូពិតពេកពន់
មាតាបិតាមិនមានស៊ុនគ្រប់អ្នកមានគុណមិនរើសមុខ ។
– ទីបួនខ្មែរកាន់នូវសីលប្រាំចងចាំប្រាំបីរក្សាទុក
វាងអកុសលចូលលុយលុកវៀរចាកក្តីទុក្ខផ្អែកលើធម៌ ។
– ទីប្រាំខ្មែរអ្នកភ្ញាក់រលឹកព្យាយាមយប់ព្រឹកអំពើល្អ
ខ្លួនទីពឹងខ្លួនសាងស្មោះសរប្រព្រឹត្តធម៌ល្អការពារខ្លួន ។
– ប្រាំមួយខ្មែរអ្នកផ្សាយមេត្តាមានករុណាមុទិតាផ្ទួន
និងឧបេក្ខាព្រហ្មវិហារបួនផ្សព្វផ្សាយមាំមួនដល់មនុស្សលោក ។
– ប្រាំពីរខ្មែរមានចិត្តខន្តីអត់ធនប្រពៃក្តីយល់យោគ
ពន្លត់គ្រោះថ្នាក់ភាពទុក្ខសោកដែលកើតមានមកចំពោះមុខ ។
– ប្រាំបីខ្មែរមានចិត្តអភ័យសន្តោសប្រណីផ្តល់ក្តីសុខ
មិនចាប់កំហុសធើ្វទោសទុក្ខគ្រប់កលិយុគសុំសន្តិភាព ។
-ប្រាំបួនខ្មែរមានសច្ចធម៌សុចរិតស្មោះសរលើផ្ទៃរាប
មានសីលធម៌មិនខ្ពស់ទាបឋិតក្នុងសភាពជាកណ្តាល ។
– ទីដប់ខ្មែរកាន់នូវវប្បធម៌ប្រពៃណីល្អខ្ពស់ត្រកាល
អាស៊ីអគេ្នយ៍ថៃ្លវិសាលខ្មែរពិតដុះដាលលើសគេឯង ។
– ខ្មែរចេះទន់ភ្លន់ឱនលំទោនភ័ក្រ្កមិនស្រពោនស្រស់ចិញ្ចែង
ញញឹមប្រិមប្រិយដោយឯងៗវាចាថ្លាថ្លែងថ្លៃលើសលប់ ។
– ពាក្យពេចន៍ស្រទន់ហើយផ្អែមល្ហែក្រអូបក្រអែមរាល់ថ្ងៃយប់
ជាបុប្ឆាវាទលាតសាយសព្វឈ្ងុយឈ្ងប់ទៅគ្រប់ទាំងដប់ទិស ។
– ដប់មួយខ្មែរមានធម៌សាមគ្គីរួបរួមសំភីមូលមីរគ្រឹះ
វេញចូលធ្លុងមួយជាគន្លឹះចាក់គល់ចាក់ឫសរឹងមាំមួន ។
– កូនអើយពូជខ្មែរពូកែល្បីប្រុសស្រីពួតដៃឥតគេចពួន
ស្រឡាញ់ជាតិណាស់រៀងៗខ្លួនជ្រកកោនក្នុងសួនវប្បធម៌ខ្មែរ ។
– ​​​អង្គរជាកេរវប្បធម៌ជាតិគង់វង្សឥតឃ្លាតឥតកែប្រែ
ដំនដូនតារក្សាថែមិនបាត់បែកបែរទៅណាបាន ។
– កូនអើយចូរស្ទួយពុទ្ធសាសនាដើម្បីខេមរាសុខក្សេមក្សាន្ត
ពិសេសគ្រួសារយើងថ្កើងថ្កានប្រសព្វសុខសាន្តអងែ្វងទៅ ។
– កំណើតជាតិខ្មែរមានតែមួយមានពូជមានត្រួយគង់វង្សនៅ
គ្មានខៀវក្រហមគ្មានគ្មានសខ្មៅត្រកូលត្រឹមត្រូវគ្មានពីរបី ។
– ខ្មែរគ្មានជើងត្បូងគ្មានលិចកើតឈាមជ័រកំណើតរួមបូរី
ខ្មែរគ្មានពណ៌ប្លែកបែកទីទៃប្រសូតិលើដីដែនសុវណ្ណ ។
– ច្នេះហើយយើងខ្មែរគ្រប់អង្គាចូររួបរួមគ្នាជាឯកច្ឆ័ន្ទ
កូនអើយអាសូរវិញ្ញាណក្ខន្ធដូនតាដែលកាន់ឋានភពថ្មី ។
– សង្គមធំធាត់ត្បិតគ្រួសារជាកោសិកាជាតិទឹកដី
កិត្យានុភាពជាតិល្បាញល្បីត្បិតខ្មែរប្រុសស្រីមិនប្រេះឆា ៕

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន

វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ  ឡាយ  រិន

វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).