
– កាព្យលោកធម៌ នេះ គឺជាព្រះរាជស្នាព្រះហស្ថដំបូងបំផុតរបស់សម្តេចព្រះសង្ឃរាជជាអម្ចាស់ ហើយទ្រង់បានព្រះរាជទានសិទ្ធិឱ្យលោក ឈឹម ស៊ុម កាន់កាប់ជាព្រះកេរ្តិ៍ ក្នុងគ្រាដែលទ្រង់មានព្រះបន្ទូលតែពីរនាក់គាត់អំពីរឿងផ្ទាល់ខ្លួន កាលទ្រង់ស្ថិតក្នុងយុវភាពនៅឡើយ…។ កាលណោះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩១២ សម្តេចព្រះមហាសង្ឃរាជ និល ទៀង បានតែងតាំងដំឡើងឋានៈព្រះអង្គពីព្រះបាឡាត់សាក្យបុត្តីយ៍ ជួន ណាត ទៅជាព្រះគ្រូសង្ឃសត្ថា ជាហេតុធ្វើឱ្យព្រះអង្គមានព្រះទ័យរំភើបពីខាងក្នុងខ្លះៗ បានជារាត្រីនោះ ព្រះអង្គទាញគម្ពីរបាលីមកបើកទតត្រង់រឿងលោកធម៌ ហើយសរសេរប្រែមកជាសម្រាយ ចងក្រងជាពាក្យកាព្យទៀត ដើម្បីសង្កត់នូវសេចក្តីរំភើបខ្លះដែលមានក្នុងព្រះទ័យ…។ តែព្រះរាជស្នាដៃនិពន្ធដំបូងបង្អស់នេះ ត្រូវរង់ចាំរហូតមកដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៥ ទើបសម្តេចព្រះសង្ឃរាជជាអម្ចាស់ បានសម្រេចអនុញ្ញាតឱ្យយលោក ឈឹម ស៊ុម បោះពុម្ពផ្សាយជាផ្លូវការ…។
| ខ្ញុំឈ្មោះអក្សរ ណ ផ្សំស្រះ អា | ដាក់ ត មុខជាតួបង្ហើយ |
| ជាតួប្រកបពុំអានឡើយ | ឱ្យដល់ស្រះចុងដូចបាលី។ |
| មានកាលយប់មួយឥតកង្វល់ | ខ្វល់ខ្វាយអំពីរឿងហេតុអ្វី |
| មានកិច្ចតែខាងមើលបាលី | ដែលព្រះជិនស្រីទ្រង់ទេសនា។ |
| ខ្ញុំមើលត្រង់លោកធម្មសូត្រ | រហូតដល់ចប់ព្រះគាថា |
| មើលបណ្តើរគិតបណ្តើរដោយចិន្តា | គិតថានឹងប្រែជាសម្រាយ។ |
| ជាប្រយោជន៍នៃជនអ្នកត្រូវការ | ចង់ចេះធម៌អាថ៌តាមអភិប្រាយ |
| អ្នកដែលមិនចេះខាងប្រែស្រាយ | បើពាក្យសម្រាយច្រើនចូលចិត្ត។ |
| ខ្ញុំបានផ្តើមតែងជាពាក្យកាព្យ | តាមសភាពប្រាជ្ញាខ្ញុំរិះគិត |
| តម្រូវជាធម៌ដែលមានពិត | ប្រតិដ្ឋប្រដូចឱ្យងាយយល់។ |
| ខ្ញុំតែងជាកាព្យចម្រុះពាក្យ | ប្រាំពីរប្រាំបីតាមយោយល់ |
| ឃ្លាខ្លះមានកើនរហូតដល់ | ប្រាំបួនពាក្យផ្តល់តាមសេចក្តី។ |
| ខ្ញុំសូមសម្តែងចែងពីធម៌ | ដ៏បវរសម្រាប់ជនប្រុសស្រី |
| ឈ្មោះហៅលោកធម៌មានប្រាំបី | ជាសង្ខេបខ្លីតាមគាថា។ |
| ធម៌ទាំងប្រាំបីប្រការនោះ | មានឈ្មោះតាមបាលីភាសា |
| លាភោ មានលាភផងនានា | ទោះស្រែចម្ការទោះមាសប្រាក់។ |
| អលាភោ ឥតលាភឬខាតបង់ | ខុសចំណង់ឃ្វាងចំណុចទាស់ទើសទាក់ |
| មុខស្រពោនខ្លួនស្រពន់ចិត្តអន់អាក់ | គំនិតរាក់ប្រាជ្ញាវល់ពុំយល់ឆ្ងាយ។ |
| យសោ មានយសសក្តិថ្កើងថ្កាន | បានអ្វីក៏បានមកដោយងាយ |
| តេជះតបៈក៏ផ្សព្វផ្សាយ | ជនទាំងឡាយធំតូចសឹងរាប់អាន។ |
| អយសោ ឥតយសឬថ្លោះយស | ខ្ពស់ចុះជាទាបមិនសមប្រាណ |
| ថយអំណាចតេជះមិនក្លាហាន | បានអ្វីក៏បានដោយលំបាក។ |
| និន្ទា អ្នកផងគេតិះដៀល | ចាក់ឆ្កៀលដោយលំពែងគឺមាត់ពាក្យ |
| ទ្រគោះបោះបោកបោកខ្ជោកខ្ជាក | ជ្រោកជ្រាករិះគន់ពោលបង្កាច់។ |
| បសំសា វាចាគេសរសើរ | បង្ហើរសម្តីដោយបូរបាច់ |
| ឆ្ពោះមុខឬកំបាំងគេថាស្រេច | នឹងខ្លួនហើយដាច់គេទាំងអស់។ |
| សុខំ សុខកាយសុខទាំងចិត្ត | ឥតមានក្តីទុកមកទើសទាស់ |
| នេះនោះទាំងគ្រប់ស្រួលទាំងអស់ | ខ្ពង់ខ្ពស់ថ្លៃថ្លាពេញបំណង។ |
| ទុក្ខំ គឺក្តីទុក្ខក្តៅក្តួលរំជួល | ជ្រួលច្រាល់មិនសមប៉ង |
| នាំកាយនិងចិត្តឱ្យសៅហ្មង | ឱ្យអ្នកផងគេព្រួយតែរាល់ប្រាណ។ |
| ធម៌នេះរាប់រាយមានប្រាំបី | បើផ្គូឱ្យខ្លីជាគូបាន |
| ត្រឹមតែបួនគូគត់តាមឋាន | កើតបានតែមួយមួយឈប់កើត។ |
| ផ្លាស់ប្តូរជាវេនវេនតាមគូ | វិញ្ញូអ្នកប្រាជ្ញដែលចេះឆើត |
| កំណត់សម្គាល់ស្គាល់កំណើត | ទោះធម៌ណាកើតក៏អាចដឹង។ |
| ព្រះពុទ្ធទ្រង់ត្រាស់សម្តែងថា | ឱ្យអស់បណ្តាជនផងប្រឹង |
| យកចិត្តទុកដាក់គិតជញ្ជឹង | រំពឹងនឹកដល់ការប្រែប្រួល។ |
| ប្រយត្នគំនិតប្រុងស្មារតី | ទោះបីសុខទុក្ខស្រួលពុំស្រួល |
| កើតហើយបាត់ទៅតាមដំណួល | ត្រូវគិតសម្រួលតាមការណ៍ពិត។ |
| សត្វលោកតែងស្ទោកព្រោះលោកធម៌ | បានអរបង់អន់ស្រពន់ចិត្ត |
| មានយសខ្ពង់ខ្ពស់រីករាយឥត | មានគំនិតគិតដល់ថ្លោះយសឡើយ។ |
| កាលបើបានឮពាក្យគេនិន្ទា | ឆ្ពោះអាត្មាឱរាក្តៅមិនស្បើយ |
| បើបានឮគេសរសើរហើយ | ចិត្តពុំកន្តើយអរផើតៗ។ |
| បានសុខភ្លេចនឹកដល់ទុក្ខំ | កើតកម្លាំងក្លាខ្លាំងឥតញញើត |
| ញញឹមញយៗអរពព្រើត | រកកល់គេទើតទាស់ពុំបាន។ |
| លុះដល់អស់វេនសេចក្តីសុខ | ធ្លាក់វេនក្តីទុក្ខមកដល់ប្រាណ |
| ស្រាប់តែព្រួយរកគេឱ្យជួយច្រាន | ទុក្ខនោះឱ្យក្សាន្តពីអត្តភាព។ |
| សុខក្តីទុក្ខក្តីរបស់សត្វ | ខ្ចាត់ទៅមកវិញតាមសភាព |
| បុណ្យបាបដែលធ្វើមករៀងរាប | ស្ទាបៗឱ្យផលដល់អាត្មា។ |
| ព្រះសម្ពុទ្ធជាមកុដនៃត្រៃភព | ទ្រង់ប្រារព្ធធម៌នេះហើយត្រាស់ថា |
| ឱ្យសត្វរិះគិតដោយប្រាជ្ញា | កុំសាវ៉ាតាមចិត្តដែលប្រទះ។ |
| បានលាភត្រូវនឹកដល់ការបង់ | បានយសសក្តិរុងរឿងតេជះ |
| កុំកក្អិលក្អេងក្អាយដោយមានះ | ត្រូវនឹកខ្លះកុំភ្លេចការប្រែប្រួល ។ |
| បើឮអ្នកផងគេនិន្ទា | ដល់អាត្មាត្រូវតាំងចិត្តសម្រួល |
| សម្រាកក្តីក្រោធកុំរំជួល | បើទុកជាក្តៅក្តួលត្រូវខំអត់។ |
| គប្បីគិតភ្លាមថានិន្ទា | នេះជាគ្នានឹងសរសើរជាប្រាកដ |
| បើអញតាំងចិត្តជាអំណត់ | រាល់មាត់គេនឹងសរសើរអញ។ |
| ថានេះហៅពេញជាចេះអត់ | ចេះសង្កត់កំហឹងដែលចេះខ្នាញ់ |
| ធ្វើអ្នកស្អប់ឱ្យត្រឡប់ជាស្រឡាញ់ | បានសុខព្រោះផ្ចាញ់សេចក្តីក្រោធ។ |
| មួយទៀតមានពាក្យសុភាសិត | អ្នកប្រាជ្ញប្រតិដ្ឋជាចំណោទ |
| ថាកាលបើមានសេចក្តីក្រោធ | កុំច្រឡោតត្រូវរាប់អក្សរសិន។ |
| រាប់អក្សរតាំងពី ក ដល់ ឡ អ័ង | រួចសំកាំងគំនិតគិតដង្វិន |
| គ្នេរគ្នាន់រកហេតុរកផលសិន | បើប្រសិនក្រោធល្មមនឹងបានស្រាក។ |
| ពុំនោះលោកថាឱ្យរាប់លេខ | «ពី ឯក ដល់ ទស ឈប់សម្រាក |
| ងមួយស្របក់នឹងបានស្រាក | ឃ្លាតចាកកំហឹងដ៏ឃោរឃៅ។ |
| បើបានប្រកបដោយក្តីសុខ | ឃ្លាតចេញពីទុក្ខសោកហ្មងសៅ |
| កុំអាលអរអេកត្រេកសំដៅ | ដូចកង្កែបខែក្តៅត្រូវភ្លៀងធំ។ |
| គប្បីតាំងចិត្តគិតទៅមុខ | ថាឥឡូវមានសុខមកអប់រំ |
| មុខជាថ្ងៃណាមួយនឹងរលំ | ទុក្ខតូចឬធំមកពុំខាន។ |
| អ្នកណាបានសុខធំទូលាយ | ដល់វេនទុក្ខផ្សាយមកដល់ប្រាណ |
| មានទុក្ខធំពន់ប្រមាណ | តាមលំអានស្នាមសុខដែលកើតមុន។ |
| ហេតុនេះគួរអស់សាធុជន | កុំទម្រន់គំនិតឱ្យលង់ស៊ុន |
| ក្នុងលោកធម៌ណាដែលកើតមុន | ទោះស្រាលទោះធ្ងន់ក្តីសុខទុក្ខ។ |
| ទោះលាភទោះយសទោះខាតបង់ | ទោះលិចលង់ថ្លោះយសមិនពេញមុខ |
| ទោះសរសើរទោះនិន្ទាថាកំព្រុក | ត្រូវតែតាំងចិត្តជាមធ្យម។ |
| លុះបានតាំងចិត្តទុកដូច្នេះ | ទើបរបេះឃ្លាតខ្លះពីទុក្ខធំ |
| ដោយហេតុមិនផ្ងំចិត្តឱ្យងំ | ឱ្យរង្គំនៅក្នុងកន្លែងមួយ។ |
| បើមានប្រាជ្ញាប្រយោគដល់ | ហេតុនិងផលដែលមានជាតម្រួយ |
| ទើបចិត្តនឹងអាចឃ្លាតចាកព្រួយ | បើទុកជាព្រួយក៏គ្រាន់ទ្រាំ។ |
| ពីព្រោះបានដឹងច្បាស់ការណ៍ពិត | ដោយគំនិតត្រិះរិះដ៏មួនមាំ |
| ដឹងថាលោកធម៌កើតជោកជាំ | ស៊ាំទាំនៅក្នុងសន្តានសត្វ។ |
| កើតមានមិននឹងតែមួយៗ | ចួនព្រួយចួនអរមានបាត់ៗ |
| ហើយមានឡើងវិញមិនទៀងទាត់ | មួយកើតមួយបាត់ផ្លាស់ប្តូរគ្នា។ |
| បើដឹងដូច្នេះហើយគួរខំ | អប់រំប្រាជ្ញាឱ្យក្លៀវក្លា |
| គួរគិតគួរគ្នេរពិចារណា | សិក្សារៀនសូត្រកុំធុញទ្រាន់។ |
| គួរប្រឹងសង្កេតធម៌បរមត្ថ | មានអត្ថជ្រាលជ្រៅជាអនន្ត |
| ប្រាប់ផ្លូវមគ្គផលមិនមានភាន់ | មានថ្នាក់មានជាន់តាមលំដាប់។ |
| សត្វដែលនឹងបានរួចចាកទុក្ខ | ព្រោះធុញជូរមុខនឹងកើតស្លាប់ |
| មានគំនិតដូចសត្វទទាជាប់ | ក្នុងទ្រុងមិនគាប់ក្តីប្រាថ្នា។ |
| ចេះតែស្ទុះច្រាស់ច្រាលដាលចឹកទ្រុង | ចង់ឱ្យរលុងនឹងម្នីម្នា |
| ស្ទុះចេញឱ្យរួចហើយនឹងលា | ត្រដាងស្លាបវាហើយហើរទៅ។ |
| អ្នកដែលធុញទ្រាន់នឹងកើតស្លាប់ | ចង់ប្រញាប់ចាកចេញចោលលំនៅ |
| គឺវដ្តសង្សារនេះហើយទៅ | កាន់លំនៅដែលទុក្ខរលត់បង់។ |
| មគ្គផលនឹងមានព្រោះអាស្រ័យ | ចិត្តដាច់អាល័យពីចំណង់ |
| ហើយស្មគ្រនឹងដើរតាមផ្លូវត្រង់ | ប្រកបដោយអង្គប្រាំបីយ៉ាង។ |
| ហៅថា អដ្ឋង្គិកមគ្គ | ឥតអ្វីទើសទាក់ឥតវៀចវាង |
| ស្រួលដើរបំផុតដល់អ្នកសាង | មានសំណាងដូចយ៉ាងព្រះសុគត។ |
| ផ្លូវនេះជាហេតុជាឧបាយ | ឱ្យសត្វទាំងឡាយបានរលត់ |
| ភ្លើងទុក្ខហើយលែងមានរន្ធត់ | ព្រោះលោកធម៌ទាំងប្រាំបី។ |
| ឈ្មោះហៅថាបានព្រះនិព្វាន | ជានិរោធដ្ឋានគ្មានទុក្ខភ័យ |
| សុខក្រៃលែងសុខឥតទុក្ខអ្វី | មកប៉ះមកពាល់ដល់តិចឡើយ។ |
| ជាឋានគ្មានចាស់គ្មានឈឺចាប់ | គ្មានកើតគ្មានស្លាប់សុខកន្តើយ |
| ព្រះពុទ្ធទ្រង់ត្រាស់ហៅថាត្រើយ | អ្នកទៅដល់ហើយលែងមកវិញ។ |
| ជាទីឥតកិច្ចការគ្រប់យ៉ាង | ឥតសង់ឥតសាងឥតលក់ទិញ |
| មានតែសុខមួយយ៉ាងជាចំណេញ | ឈ្មោះថាចេញចាកទុក្ខស្រឡះហោង។ |
| សេចក្តីនេះពិតជាពាក្យកាព្យ | តែមិនមែនកំណាព្យពាក្យឆ្គាំឆ្គង |
| ជាសាច់ធម៌មែនឥតមោះហ្មង | គ្រាន់តែក្រងជាពាក្យមានឃ្លោងឃ្លា។ |
| សូមអស់អ្នកប្រាជ្ញរាជកវី | កុំបីបន្ទោសដៀលនិន្ទា |
| ពាក្យនេះខ្ញុំតែងតាមមាត្រា | សម្ផស្សវាចាមិនមានល្អៀង។ |
| តាមច្បាប់មេកាព្យវិលាសិនី | វិធីអ្នកប្រាជ្ញលោករៀបរៀង |
| ជាច្បាប់សម្រាប់គ្រាន់ផ្ទឹមផ្ទៀង | ឱ្យទៀងតាមបែបខ្យល់អក្សរ។ |
| ឥតិ ឯវំ មេ កាព្យោ | បរិបុណ្ណោ តាមសាច់ធម៌ |
| សុខិតាហោន្តុ សត្តនិករ | ចូរបានអំណរសុខគ្រប់គ្នា…៕ |
ថ្ងៃទី ០៦ តុលា ព.ស. ២៤៩៨ គ.ស. ១៩៥៥ បានអនុញ្ញាតឱ្យអ្នកមហា ឈឹម ស៊ុម បោះពុម្ពផ្សាយចុះ…
–សម្តេចព្រះមហាសុមេធាធិបតី (ជួន ណាត ជោតញ្ញាណោ) សង្ឃនាយក



ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី





