កតញ្ញុតា

កតញ្ញុតា

បទកាកគតិ

កតញ្ញុតាមានន័យប្រាប់ថាជនកតញ្ញូ
ត្រូវតែប្រព្រឹត្តតាមបែបគំរូដែលព្រះជាគ្រូ
ប្រាប់ឱ្យតបគុណ ។
មាតាបិតាគ្រូឧបជ្ឈាយ៍សុទ្ធតែស្រែបុណ្យ
ជនណាក៏ដោយដែលគេមានគុណក៏ជាស្រែបុណ្យ
ដែលត្រូវសាបព្រោះ ។
បណ្តុះពូជបុណ្យក្នុងស្រែជាគុណវកុំឱ្យមានមោះ
បុណ្យនឹងកើតកើនចម្រើនឥតខ្ចោះត្រូវមានចិត្តស្មោះ
កុំលុបគុណចោល ។
កុំគ្រាន់តែថាមាតាបិតាមានគុណជាគោល
មាត់ថាត្រូវតបគុណកុំច្បោលៗធ្វើដែរស្រោលៗ
សោះតែគេថា ។
ជនអ្នកតបគុណព្រះពុទ្ធមានបុណ្យទ្រង់ត្រាស់ទេស្នា
សរសើរញឹកញយមានក្នុងសាស្ត្រាគម្ពីរដីកា
គួរយើងចងចាំ ។
ចេះចាំហើយធ្វើដោយចិត្តអើពើឱ្យស៊ប់ឱ្យស៊ាំ
ឱ្យស្និទ្ធនឹងគុណគុណតែងថែទាំពុំមែនខ្ទេចខ្ទាំ
ព្រោះតបគុណទេ ។
ជនមានចិត្តខ្សោយច្រើនតែធ្វេសធ្លោយរមិលគុណគេ
អាងព្រេងសំណាងពីក្នុងបុព្វេប្រហែសធ្វេសទ្វេ
ព្រងើយកន្តើយ ។
អ្នកប្រាជ្ញប្រាប់ថាជនប្រុសស្រីណាលុបគុណចោលហើយ
ជនប្រុសស្រីនោះពុំមានសុខស្បើយយូរប៉ុន្មានឡើយ
រែងតែធ្លាក់ខ្លួន ។
កំពុងបានសុខស្រាប់តែមានទុក្ខចេញមុខផ្ទួនៗ
ឱ្យផលកំណាចឃោរឃៅឥតស្ងួនទោសមកពីខ្លួន
រមិលគុណគេ ។
ទេព្តោគខឹងព្រោះខ្លួនរឹងត្អឹងអាងបុណ្យបុព្វេ
ទោសបច្ចុប្បន្នជិះជាន់ឥតល្ហែភ័ព្វព្រេងបុព្វេ
បើមានក៏ផ្អាក ។
ទោសរមិលគុណរារាំងមុខបុណ្យព្រេងឱ្យសម្រាក
បង្អង់ឈប់សិនបាបថ្មីវិបាកឱ្យផលឥតស្រាក
ព្រោះបានឱកាស ។
បុណ្យបាបចាស់ថ្មីតែងតែរំពៃពុំមែនផ្តេសផ្តាស
កាលមានចន្លោះត្រូវពេលសស៊្រាសហាក់ដូចប្រកាស
ប្រាប់ថាត្រូវអញ ។
ចេញមុខផ្តល់ផលសុខទុក្ខឱ្យដល់ជនដែលកកាញ់
កសាងបង្កើតកំណើតជាអញអញជាសម្លាញ់
ត្រូវអញបានផល ។
រីបុណ្យឬបាបដែលមានសភាពជាកម្មតែងផ្តល់
សុខទុក្ខឱ្យជនអ្នកធ្វើឱ្យដល់នូវក្តីសល់វ៉ល់
ឬក្តីសុខសាន្ត ។
បាបតែងរារាំងបុណ្យឱ្យនៅគាំងផ្អាកសិនពុំបាន
ចេញមុខឱ្យផលជាសុខសម្រាន្តអ្នកធ្វើតែងបាន
ទទួលរងទុក្ខ ។
បុណ្យក៏រារាំងបាបឱ្យនៅគាំងផ្អាកពុំចេញមុខ
ព្រោះមានឱកាសបុណ្យផ្តល់ក្តីសុខសុទ្ធតែមានមុខ
ទីទៃពីគ្នា ។
ហេតុនោះគួរជនកុំនៅទម្រន់ក្នុងក្តីខ្ជីខ្ជា
គួរកសាងបុណ្យមានគុណមហិមាទើបបានឈ្មោះថា
អ្នកស្រឡាញ់ខ្លួន ៕

កំណាព្យនិពន្ធដោយៈ
សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

– វត្តឧណ្ណាលោម, ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ព.ស. ២៥១២ – គ.ស. ១៩៦៨

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).