កឋិនកថា
ព្រះបវរសត្ថា កៅ ពុទ្ធា (ជោតញ្ញាណោ) ក្រុងភ្នំពេញ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
ពាក្យថាកឋិនសព្ទនេះ បើតាមអដ្ឋកថា លោកសំដៅយកពុទ្ធដីកា ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងបញ្ញត្តិទុកមកថា ការប្រជុំរួបរួមនូវរូបធម៌និងនាមធម៌ ហៅថាកឋិន ។ លោកពន្យល់ ថា កឋិន មកពីកថធាតុ ឥណបច្ច័យ ដែលប្រព្រឹត្តទៅក្នុងអត្ថទាំងពីរយ៉ាងគឺៈ
១- ប្រែថា “រស់នៅបានដោយកម្រ” សមដូចវិគ្គហៈថា កថតិ កិច្ឆេន ជីវតីតិ ជា កឋិនោ សភាវៈឯណារស់នៅបានដោយកម្រ សភាវៈនោះលោកហៅថា កឋិន ។ លោកប្រៀប ឧបមាដូចជាឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹងដី រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា ឯកិច្ចដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ ក៏យ៉ាងនោះដែរ ។
២- ប្រែថា “ពោលសរសើរ” ព្រោះចីវរទានដែលទាយកបានក៏សាងឡើងជាកឋិនទាននោះ គឺជាទានដ៊៏ប្រសើរជាងចីវរទានដទៃៗ ដែលព្រះអរិយទាំងឡាយ មានព្រះពុទ្ធជាប្រធាន តែងពោល សរសើរថា ជាទានដ៏ឧត្តុង្គឧត្តមបំផុត អាចរួបរួមនិងសង្គ្រោះនូវអានិសង្ស ៥យ៉ាងរបស់ភិក្ខុអ្នក ទទួលក្រាលគ្រង និង អនុមោទនា មិនឱ្យទៅក្នុងទីដទៃបាន សមដូចវិគ្គហៈថាៈ
បញ្ច អានិសង្សេ អញ្ញត្ថ គន្តុំ អទត្វា កថតិ សង្គណ្ហាតីតិ ជា កឋិនំ
ប្រែថា ធម្មជាតិឯណាក្រៀកទុក ឬសង្គ្រោះនូវអានិសង្ស៥យ៉ាង (របស់ភិក្ខុអ្នកទទួលក្រាលគ្រង និងអនុមោទនា) មិនឱ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា កឋិន ។
ពាក្យថា កឋិនឬកឋិនទាន បើគិតពីលក្ខណៈនៃទាន ក៏ជាចីវរទានដូចចីវរទានទាំងពួងដទៃ ឯទៀតដែរ ព្រោះជាទានក្នុងក្របខណ្ឌបច្ច័យ៤ដូចគ្នា ។ តែពាក្យថា កឋិនឬកឋិនទាននេះ គឺជាទាន មួយដែលអាចឱ្យផលដល់បុគ្គលទាំងពីរផ្នែក គឺទាយកអ្នកឱ្យ ក៏បានអានិសង្សច្រើន និងបដិគ្គហកៈ អ្នកទទួលក្រាលគ្រង់ឬអនុមោទនា ក៏បានអានិសង្សច្រើន ។ ព្រោះកឋិនទាននេះឯង ជាទានមួយ មានឈ្មោះវិសេសតាមកាលបរិច្ឆេទ ដែលលោកហៅថា “កាលទាន” ជាទានមានផលានិសង្សច្រើន ជាងចីវរទានឯទៀតៗ ព្រោះកឋិនទានឬកឋិនចីវរនេះ មានលក្ខណពិសេសប្លែកពីចីវរទានឯទៀត ដោយលក្ខណាការៈ៥យ៉ាងគឺៈ
១-ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថា កឋិនកាលមានតែ២៩ថ្ងៃ គឺខែអស្សុជ១៤ថ្ងៃ រាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច (ថ្ងៃខែដាច់) ខែកក្តិក១៥ថ្ងៃ រាប់ពីថ្ងៃ១កើត ដល់ថ្ងៃ១៥កើត (ថ្ងៃពេញបូណ៌មី) ។ រយៈកាលនេះពាក្យសាមញ្ញលោកហៅថា រដូវកឋិន ក្នុងរដូវនេះទាយកដែល មានសទ្ធាជ្រះថ្លាចង់ធ្វើក្នុងថ្ងៃណាមួយក៏បាន ។ ប៉ុន្តែក្រៅអំពីថ្ងៃទាំង២៩នេះពុំបានឡើយ ហើយវត្តមួយធ្វើបានតែមួយដងក្នុងមួយរដូវ ព្រមទាំងភិក្ខុសង្ឃក៏ទទួលបានតែមួយដងដែរ ក្នុងមួយរដូវ ពុំអាចទទួលពីរដងបានឡើយ ។
២- ប្លែកដោយវត្ថុ គឺវត្ថុដែលជាអង្គកឋិននោះ បានតែចីពរ ស្បង់ សង្ឃាដី ដែលគេធ្វើ ត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ សំពត់ក្រៅពីនេះពុំបានឡើយ ។ ហើយសំពត់ទាំងបីមុខនោះទៀតសោត នឹងយកទាំងអស់មកធ្វើជាអង្គកឋិនតែមួយក៏ពុំបាន គឺបានតែមួយគត់ ទោះបីទាយកបាននាំយកនូវ ចីវរមួយត្រ័យគឺ ចីពរ ស្បង់ សង្ឃាដី ដែលជាសំពត់កឋិន មកវេរប្រគេនទាំងមួយត្រ័យក៏ដោយ ក៏ភិក្ខុអ្នកក្រាលគ្រង់ លោករើសយកតែវត្ថុណាមួយមកធ្វើជាអង្គកឋិន គឺលោកចង់យកចីពរក៏បាន ស្បង់ក៏បាន ឬសង្ឃាដីក៏បាន ស្រេចតែលើព្រះទ័យរបស់លោក ឱ្យតែវត្ថុនោះត្រឹមត្រូវតាមវិនយប្ប- ញ្ញត្តិ ។ តែតាមធម្មតា លោកអ្នកក្រាលគ្រងច្រើនតែលើកយកសង្ឃាដី មកធ្វើជាអង្គកឋិន ដោយ លោកយល់ថា បណ្តាចីវរទាំងមួយត្រ័យ សង្ឃាដី គឺជាចីវរធំជាងគេបង្អស់ (វិន័យបញ្ញត្តិថា បើចីពរ និងស្បង់មួយជាន់ សង្ឃាដីត្រូវតែពីរជាន់ មានន័យថា សង្ឃាដីត្រូវតែក្រាស់ជាងចីវរ និងស្បង់មួយ ជាន់ជានិច្ច )ហើយងាយស្រួលក្នុងការថែរក្សាទៀតផង ។
៣- ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវតាមរបៀបវិនយប្បញ្ញត្តិ ហើយសង្ឃក៏ គប្បីក្រាលគ្រង និងអនុមោទនា ឱ្យបានត្រឹមត្រូវតាមវិនយប្បញ្ញត្តិដែរ ទើបកើតជាកឋិនពេញ លក្ខណៈ ។
៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកដែលមានសិទ្ធិទទួលនូវសំពត់កឋិនបានតែភិក្ខុ ក្រៅពី ភិក្ខុពុំបានឡើយ ហើយភិក្ខុនោះទៀតសោត លុះតែបានគង់ចាំវស្សាគ្រប់៣ខែ ក្នុងវត្តណាមួយ ទើប អាចទទួលួក្រាលគ្រង និងអនុមោទនាកឋិនក្នុងវត្តនោះបាន ភិក្ខុដែលមិនបានគង់ចាំវស្សា ឬបាន នៅចាំដែរ តែឱ្យដាច់វស្សា ក៏ពុំអាចមានសិទ្ធិទទួលបានឡើយ ។
៥- ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអានិសង្សច្រើន និងបដិគ្គាហកៈ គឺភិក្ខុ អ្នកទទួលក្រាលគ្រង និងអនុមោទនា ក៏បានអានិសង្សច្រើនក្នុងរវាង៥ខែ ដូចមានក្នុងវិនយបិដក ភាគ៨ត្រង់កឋិនក្ខន្ធក ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយ (ក្រោយពេលដែលព្រះអង្គ បានសំដែងនូវធម្មីកថា ប្រារឰអំពីសង្សារវដ្តមិនមានទីបំផុត ប្រោសប្រទានចំពោះភិក្ខុ៣០រូប ដែល មកអំពីក្រុងបាវានោះរួចមក ) ព្រះអង្គទ្រង់បានអនុញ្ញាត នូវកឋិនត្ថារកិច្ចចំពោះភិក្ខុទាំងឡាយថាៈ
អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ កឋិនំ
អត្ថរិតុំ អត្ថតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ ។
“ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ ទទួល ក្រាលគ្រងកឋិនបាន ម្នាលភិក្ខុទាំងឡាយ អានិសង្ស៥ប្រការ នឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែល បានក្រាលកឋិនរួចហើយ” ។ អានិសង្សទាំង៥ប្រការនោះគឺៈ
១- អនាមន្តចារោ (ភិក្ខុដែលបានទទួលក្រាលគ្រង និងអនុមោទនាកឋិនរួចហើយ) អាចត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន គឺថា មិនត្រូវអាបត្តិក្នុងចារិត្តសិក្ខាបទទី៦ ក្នុង អចេលកវគ្គ នៃសុទ្ធិកបាចិត្តិយឡើយ ។ ក្នុងគម្ពីរវិនយាលង្កាដីកាថា “ការត្រូវអាបត្តិសុទ្ធិកបាចិត្តិយ ដោយចារិត្តសិក្ខាបទ មិនមានដល់ភិក្ខុដែលបានក្រាលគ្រង និងអនុមោទនាកឋិនឡើយ” ។
២- អសមាទានចារោ (ភិក្ខុដែលបានទទួលក្រាលគ្រង និងអនុមោទនាកឋិនរួចហើយ) អាចត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់ជាប់តាមទៅជាមួយបាន គឺថា មិនត្រូវអាបត្តិក្នុងទុតិយកឋិនសិក្ខាបទទី២ ក្នុងចីវរវគ្គនៃនិស្សគ្គិយបាចិត្តិយឡើយ ។
ក្នុងគម្ពីរវិនយាលង្កាដីកាបញ្ជាក់ថា “ការដែលភិក្ខុនៅប្រាស់ចាកត្រៃចីវរណាមួយក្តី ឬទាំងអស់ក្តី មិនធ្វើឱ្យនៅក្នុងហត្ថបាស ហើយញ៉ាំងអរុណឱ្យរះឡើងក្នុងទីឯទៀត ។ បើភិក្ខុអង្គណា ដែល បានទទួលក្រាលគ្រង ឬអនុមោទនាកឋិនរួចហើយ ទុកជាធ្វើយ៉ាងនេះក៏ដោយ ការដែលត្រូវអាបត្តិ ដោយទុតិយកឋិនសិក្ខាបទ មិនមានដល់ភិក្ខុអង្គនោះឡើយ ។
៣- គណភោជនំ (ភិក្ខុដែលបានទទួលក្រាលគ្រង និងអនុមោទនាកឋិនរួចហើយ) អាចឆាន់គណភោជនបាន គឺថា មិនត្រូវអាបត្តិក្នុងគណភោជនសិក្ខាបទទី២ ក្នុងភោជនវគ្គ នៃសុទ្ធិក បាចិត្តិយឡើយី ។ បានសេចក្តីថា ការដែលភិក្ខុទទួល ឬឆាន់នូវគណភោជនទាំង៥យ៉ាង មានបាយ ជាដើម ភោជនណាមួយ ទោះបីសូមដោយខ្លួនឯងថា “សូមអ្នកប្រគេនដល់អាត្មាទាំងឡាយ” ដូច្នេះក្តី ឬក៏ទាយកអ្នកមានសទ្ធាណាម្នាក់ និមន្តដោយកប្បិយវោហារថា “សូមលោកម្ចាស់ទាំងឡាយ មេត្តា ទទួលនូវភោជនទាំងឡាយមានបាយជាដើម របស់ខ្ញុំព្រះករុណាទាំងឡាយ” ដូច្នេះក្តី ហើយភិក្ខុ ទាំងឡាយនោះ ទទួលយកនូវភោជននោះមកឆាន់ក្នុងទីជាមួយគ្នាក្តី ឬឆាន់ក្នុងទីផ្សេងគ្នាក្តី ក៏មិន ឈ្មោះថាជាអ្នកដល់នូវអាបត្តិ ដោយគណភោជនសិក្ខាបទនោះឡើយ ។
៤- យាវទត្ថចីវរំ (ភិក្ខុដែលបានទទួលក្រាលគ្រង និងអនុមោទនាកឋិនរួចហើយ) អាច ទុកដាក់អតិរេកចីវរបានតាមត្រូវការ គឺថាមិនត្រូវអាបត្តិក្នុងបឋមកឋិនសិក្ខាបទទី១ ក្នុងចីវរវគ្គនៃនិស្សិគ្គិយបាចិត្តិយឡើយ ។ អដ្ឋកថាបញ្ជាក់សេចក្តីថា សេចក្តីត្រូវការដោយចីវរចំនួនប៉ុណ្ណា ចីវរ ចំនួនប៉ុណ្ណោះ ទោះបីមិនបានអធិដ្ឋានក្តី មិនបានវិកប្បក្តី ក៏ជាការគួរដែរ គឺថាមិនត្រូវអាបត្តិដោយ បឋមកឋិនសិក្ខាបទនោះឡើយ ។
៥- យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរណា កើតឡើងក្នុង អាវាសណា ចីវរនោះនឹងត្រូវមានដល់ភិក្ខុទាំងឡាយ (ដែលបានគង់ចាំវស្សាក្នុងអាវាសនោះ) ។ បានសេចក្តីថា ភិក្ខុអង្គណាបានក្រាលគ្រង បានអនុមោទនាកឋិនរួចហើយ មានសិទ្ធិអំណាចអាច ទទួលនូវលាភសក្ការៈ ដែលកើតមានក្នុងអាវាសដែលខ្លួនបានគង់ចាំវស្សារួចហើយនោះ ។ ទោះបី លាភសក្ការៈនោះ កើតឡើងដោយបការៈបែបណាក្តីក៏ដោយលាភសក្ការៈ(ចីវរ)នោះ និងឹត្រូវបាន ដល់ភិក្ខុដែលបានគង់ចាំវស្សានិងបានក្រាលគ្រង បានអនុមោទនាកឋិនគ្រប់រូបក្នុងអាវាសនោះឯង។
ទាំង៥យ៉ាងដែលបានអធិប្បាយមកខាងលើនេះ ជាអានិសង្សរបស់បដិគ្គាហកៈ គឺភិក្ខុដែល បានក្រាលគ្រង បានអនុមោទនាកឋិន ។ ចំណែកឯអានិសង្សរបស់ទាយកធ្វើវិញ បើរាប់តាមមាតិកា ក៏មាន៥យ៉ាងដែរគឺៈ
- ១- សុរូបតា មានរូបល្អ ។
- ២- សុសណ្ឋានា មានទ្រង់ទ្រាយល្អ ។
- ៣- សុបញ្ញតា មានបញ្ញាល្អ ។
- ៤- ចក្កវត្តិរាជា ហោតិ និងបានជាស្តេចចក្រពត្តិរាជ ។
- ៥- ឯហិ ភិក្ខុ និងបានជាហិភិក្ខុ ឬឯហិភិក្ខុនី ដែលមានត្រៃចីវរកើតឯងដោយឫទ្ធិ នៅពេលបព្វជ្ជា ជាបព្វជិតក្នុងសាសនាព្រះពុទ្ធអង្គណាមួយ ហើយបានសម្រេចមគ្គផលនិព្វាន ក្នុង ពេលបព្វជ្ជានោះ យ៉ាងពិតប្រាកដពុំខានឡើយ ។
ក្រៅពីមាតិកានិសង្សទាំង៥យ៉ាងនេះ គឺនៅមានអានិសង្សដ៏ច្រើន ជាអនេកបរិយាយ តទៅទៀត ។ ព្រោះកឋិនចីវរនេះ គឺជាចីវរទានដែលមានលក្ខណាការៈវិសេស ប្លែកពីចីវរទាននានា ដូចបានពណ៌នារួចមកពីខាងដើមផង ។ ពិសេសគឺ កឋិនទាននេះឯង ជាចីវរទានអាចញ៉ាំងបដិគ្គា ហកៈ គឺភិក្ខុសង្ឃអ្នកទទួលកាលគ្រង និងអនុមោទនាបាននូវអានិសង្ស៥ប្រការ ដ៏ប្រកបដោយ សេចក្តីសុខស្រួលផង ។ សមដូចព្រះពុទ្ធដីកាថាៈ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនដ៏មានប្រាជ្ញា (ណាមួយ) បានឱ្យនូវសេចក្តីសុខស្រួល(ដល់អ្នកដទៃ) ជននោះរមែងបាន ជួបប្រទះនឹងសេចក្តីសុខស្រួលនោះមកខ្លួនវិញ ។
បានសេចក្តីថា ជនណាបានធ្វើកឋិន ដែលនាំឱ្យភិក្ខុសង្ឃបានអានិសង្ស៥យ៉ាង ក្នុងរវាង ៥ខែនោះ បានឈ្មោះថាជាអ្នកឱ្យនូវសេចក្តីសុខស្រួល ដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិនេះ លុះដល់ទៅ អនាគតជាតិជននោះឯង រមែងបាននូវសេចក្តីសុខមកខ្លួនវិញ ជាក់ជាពុំខានឡើយ ។
សមដូចព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់សំដែងអំពី អានិសង្សនៃកឋិនទាន ប្រោសចំពោះកុដុម្ពីក៏ម្នាក់ ដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ហើយ បានធ្វើកឋិននាសម័យនោះថាៈ (បញ្ញាសជាតក ទំព័រ២៩៦)
យេ ជនា សុខមិច្ឆន្តា ទត្វាន កឋិនចីវរំ តេបិ ទុក្ខា បមុញ្ចន្តិ ភុត្វា
ទេវេសុ មនុស្សេសុ នរកាទីនំ ន ជាយន្តិ កឋិនទនស្សិទំ ផលំ…។បេ។
ជនទាំងឡាយឯណាប្រាថ្នានូវសេចក្តីសុខ បានថ្វាយនូវសំពត់កឋិន(ដល់សង្ឃ) នឹងបានរួច ចាកសេចក្តីទុក្ខ លុះដល់ពេលទម្លុះកាយទំលាយខន្ធលះលោកនេះទៅ នឹងបានដល់នូវសេចក្តីសុខ ក្នុងមនុស្សលោកនិងទេវលោក នឹងមិនទៅកាន់អបាយភូមិទាំងឡាយមាននរកជាដើម ។ នេះជាផល របស់កឋិនទាន ។
ជាពិសេសជាងនេះទៅទៀត គឺជនទាំងឡាយនោះ នឹងបានសោយនូវសម្បត្តិដ៏ជាទិព្វ ក្នុង ទេវលោកទាំង៦ជាន់ អស់កាលដ៏យូរអង្វែង លុះច្យុតអំពីទេវលោកនោះមក នឹងបានជាស្តេចក្នុង មនុស្សលោកនេះ ជាស្តេចមានកម្លាំងច្រើន បរិបូរដោយរតនៈទាំង៧ប្រការ នឹងបានជាស្តេចធំ ក្នុងទ្វីបទាំង៤ រមែងបានកើតក្នុងត្រកូលពីរ គឺខត្តិយៈត្រកូល១ ព្រាហ្មណៈត្រកូល១ មិនទៅកើត ក្នុងត្រកូលថោកទាបឡើយ។ នេះជាផលរបស់កឋិនទាន ដែលជនទាំងឡាយបានកសាងល្អហើយ ។
ក្នុងបញ្ញាសជាដក ក្នុងរឿងអតិទេវរាជ ត្រង់ទំព័រទី៥៥៣ មានសេចក្តីពិស្តារថាៈ
កាលពីអតីតសម័យ ក្នុងកំឡុងកប្បមួយហៅថា សារកប្ប កាលណោះព្រះពុទ្ធជាម្ចាស់ ព្រះនាមកោណ្ឌញ្ញ ស្តេចឧប្បត្តិឡើងក្នុងលោកនា នគររម្មវតី ព្រះពុទ្ធបិតាព្រះនាមព្រះបាទអនន្ទរាជ ព្រះពុទ្ធមាតា ព្រះនាមសុជាតា ។ ព្រះពុទ្ធកោណ្ឌញ្ញអង្គនោះ កាលទ្រង់គង់ជាឃរាវាស មានព្រះអគ្គមហេសី ព្រះនាមសុបិនាទេវី ស្ថិតក្នុងរាជសម្បត្តិអស់កំឡុងពេលមួយហ្មឺនឆ្នាំ ។ ក្រោយមក ស្តេចចេញសាងមហាភិនេស្ក្រមណ៍ដោយរថយាន ទ្រង់បានបំពេញមហាបធានអស់កំឡុង ១០ខែ ទើបបានត្រាស់ជាព្រះសព្វញ្ញុតញ្ញាណ ទៀបគល់ដើមភ្លៅនាង មានព្រះភិក្ខុសង្ឃប្រមាណមួយសែន កោដិជាពុទ្ធបរិវារ ស្តេចត្រាច់ប្រោសវេនេយ្យសត្វ ដរាបដល់អញ្ញវតីមហានគរ នៃព្រះបាទវិចិត្តចក្កពត្តិរាជ មានព្រះរាជានុភាពផ្សាយទៅក្នុងទ្វីបទាំង៤ និងទ្វីបតូចពីរពាន់ជាបរិវារ ។ កាលព្រះបាទ ចក្កពត្តិរាជទ្រង់បានជ្រាបថា ព្រះពុទ្ធកោណ្ឌញ្ញបរមគ្រូ ស្តេចត្រាច់មកដល់នគរអញ្ញវតី ហើយទ្រង់ មានព្រះរាជហឬទ័យ ត្រេកអរសោមនស្សយ៉ាងក្រៃលែង ទើបស្តេចចេញទៅទទួលព្រះពុទ្ធជាម្ចាស់ ព្រមទាំងរាជបរិវារដ៏ច្រើនអនេក ទ្រង់អភិវាទដោយបញ្ចង្គប្រតិស្ថាន ហើយទ្រង់ក្រាបទូលអារាធនា ព្រះពុទ្ធជាម្ចាស់ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តាហារក្នុងព្រះរាជនិវេសន៍ លុះស្រេចភត្តកិច្ចហើយ ទ្រង់កាន់កុណ្ឌីមាស ស្រោចច្រូចឧទកវារីលើព្រះហស្ថ វេរថ្វាយប្រគេនអញ្ជនៈឧទ្យានព្រះរាជទ្រព្យ ចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធបរមគ្រូជាប្រធាន សម្រាប់ជានិវាសនដ្ឋាន ទើបព្រះពុទ្ធជាម្ចាស់ ព្រមទាំងភិក្ខុសង្ឃជាបរិវារ គង់ចាំវស្សាក្នុងព្រះរាជឧទ្យាន អស់ត្រ័យមាស ។ ឯព្រះបាទវិចិត្ររាជ បរមចក្រពត្តិ ទ្រង់បានធ្វើមហាទានជានិរន្តរ៍ លុះបវារណាចេញវស្សាហើយ ព្រះបរមចក្រពត្តិរាជ ទ្រង់មានបំណងចង់បរិច្ចាគមហាទាន ឱ្យធំសម្បើមថែមទៀត ទ្រង់ឱ្យប្រកាសព្រះរាជឱង្កា ក្នុងជម្ពូទ្វីបទាំងមូល ឱ្យប្រដាប់តាក់តែងព្រះនគរដោយទង់ជ័យនិងទង់ផ្សេងៗ ដាំដើមចេក ដើមអំពៅ ជាដើម ហើយឱ្យប្រដាប់តាក់តែងផ្លូវទៅកាន់ព្រះឧទ្យាន ដោយគ្រឿងអលង្ការដ៏វិចិត្រផ្សេងៗ ។
លុះព្រឹកព្រាងស្វាងឡើង ព្រះបាទចក្រពត្តិរាជទ្រង់ស្រង់ស្ថានព្រះអង្គរួចហើយ ទ្រង់ប្រដាប់ ព្រះអង្គ ដោយគ្រឿងអលង្ការដ៏ផ្ចិតផ្ចង់ ទ្រង់ដាក់សំពត់មួយគូក្នុងស្មុកមាស ទ្រង់លើកឡើងទូលលើ ព្រះសិរសា ស្តេចព្រះរាជដំណើរតាមមាគ៌ា ដែលតាក់តែងរៀបចំហើយ ស្តេចព្រមដោយរាជបរិវារ ជាច្រើន កាន់សំពត់មួយគូម្នាក់ៗ ព្រមទាំងគ្រឿងសក្ការៈផ្សេងៗម្នាក់មួយសំរាប់ តាមហែព្រះអង្គ តាមមាគ៌ានោះ លុះដល់ព្រះអារាមអញ្ជនៈឧទ្យាន ទើបទ្រង់វេរសំពត់កឋិនទានដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធព្រះនាមអញ្ញកោណ្ឌញ្ញជាម្ចាស់ជាប្រមុខ ហើយស្តេចថយទៅប្រថាប់ក្នុងទីសមគួរមួយ ដល់ពេលសមគួរ ទ្រង់បានអង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយយាគូនិងភត្តាហារ ជាដើម ។
ក្រោយភត្តាហារ ព្រះបាទចក្រពត្តិរាជ ចូលទៅក្រាបថ្វាយបង្គំព្រះដ៏មានបុណ្យ ដើម្បីទូល តាំងសេចក្តីប្រាថ្នាថា “ដោយផលនៃកឋិនទាននេះ សូមអោយខ្ញុំព្រះករុណាបានត្រាស់ជាព្រះពុទ្ធមួយ អង្គ ទៅអនាគតកាល ដើម្បីជួយស្រោចស្រង់សត្វលោក ឱ្យបានឆ្លងផុតចាកសំសារទុក្ខទាំងពួង” ។
លុះចប់ពាក្យអធិដ្ឋានហើយ ទើបព្រះពុទ្ធកោណ្ឌញ្ញ ទ្រង់បានជ្រាបដោយទិព្វញ្ញាណថា ស៉េចក្តីប្រាថ្នារបស់ទ្រង់ មុខជានឹងបានសំរេចដូចព្រះបំណង ទើបទ្រង់ព្យាករណ៍ថា ម្នាលភិក្ខុ ទាំងឡាយ នៅទីបំផុតនៃ៣អសង្ខេយ្យមួយសែនកប្ប រាប់តាំងពីកប្បបច្ចុប្បន្ននេះ ទៅអនាគតកាល ព្រះបរមក្សត្រាធិរាជអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គទ្រង់ព្រះនាមគោតម ប្រសូតក្នុង នគរកបិលពស្តុ ព្រះពុទ្ធបិតាទ្រង់ព្រះនាមសុទ្ធោទនមហារាជ ព្រះពុទ្ធមាតាព្រះនាមមហាមាយាទេវី ព្រះអគ្គមហេសីព្រះនាមយសោធរា មានព្រះឱរសព្រះនាមរាហុល ។ ព្រះពុទ្ធគោតមស្តេចគ្រប់គ្រង ឃរាវាស២៩ឆ្នាំ ទើបចេញសាងមហាភិនេស្ក្រមណ៍ ដោយកណ្ឋកអស្សយាន ទ្រង់ធ្វើមហាបធាន អស់កំឡុងពេល៦ឆ្នាំគត់ ទើបបានត្រាស់ជាព្រះសព្វញ្ញូពុទ្ធប្រាកដ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំរកា មានបរិព្វាជកពីរនាក់ឈ្មោះ កោលិត និងឧបតិស្ស ជាអគ្គសាវកឆ្វេងស្តាំ ពុទ្ធុប្បដ្ឋាកឈ្មោះ អានន្ទ មានភិក្ខុនីពីររូបឈ្មោះ ខមា និងឧប្បលវណ្ណា ជាអគ្គសាវិកា មានឧបាសកឈ្មោះ អនាថបិណ្ឌិកសេដ្ឋី មានមហាឧបាសិកា ឈ្មោះនាងវិសាខា” ។
ព្រះបាទវិចិត្រចក្កពត្តិរាជ ទ្រង់គង់នៅក្នុងរាជសម្បត្តិ ទ្រង់បានបំពេញកិច្ចបរិច្ចាគទានដ៏ធំ ក្រៃលែង ។ លុះដល់ក្ស័យព្រះជន្ម ទ្រង់បានទៅកើតក្នុងឋានសួគ៌ទាំង៦ជាន់ លុះច្យុតអំពីទេវលោក មកកើតក្នុងមហានគរកុសាវតី ជាស្តេចចក្រពត្រាធិរាជ ទ្រង់បរិបូរដោយរតនៈ៧ប្រការគឺ ចក្រកែវ១ ដំរីកែវ១ សេះកែវ១ កែវមណី១ នាងកែវ១ នាយឃ្លាំងកែវ១ មេទ័ពកែវ១ ទ្រង់ជាអធិបតីលើទ្វីបធំទាំងបួន មានទ្វីបតូចពីរពាន់ជាបរិវារ ។ លុះសោយព្រះទីវង្គតទៅ បានទៅកើតជាព្រះឥន្ទ្រាធិរាជ ក្នុងឋានតាវត្តឹង្សទេវលោក ហើយតៗមកទៀត ស្តេចក៏ទៅឧប្បត្តិក្នុងមនុស្សលោក និងទេវលោក ប្រកបដោយឋានៈខ្ពង់ខ្ពស់ថ្លៃថ្លាគ្រប់ៗជាតិ អស់កាលជាអនេកជាតិ ទាំងនេះដោយផលានិសង្ស នៃកឋិនទាននេះឯង ។
“ចប់”
🔸Last Updated កំណែចុងក្រោយ on August 5, 2024