Home / Facebook Feed

Facebook Feed

បុរាណភាសិត (៧)
កំសាន្ដអារម្មណ៍បែបបុរាណ ? (អានកំសាន្ដលេង)
ពាក្យពោលតទៅនេះ ខ្ញុំធ្លាប់បានឮព្រះមហាថេរៈលោកពោលឱ្យស្ដាប់តាំងពីចូលរៀនបាលីថ្មីៗ ម្ល៉េះ ពាក្យទាំងនេះប្រហែលជាពាក្យសម្រាប់ពោលកំសាន្ដអារម្មណ៍ទេដឹង? ព្រោះជាពាក្យឱ្យអ្នករៀនបាលីស្ដាប់ ហើយគិតប្រែមើល ជាការសាកល្បងបញ្ញាថា ប្រែបានឬមិនបាន?
ប៉ុន្ដែមានកត់ទុកក្នុងគម្ពីរបុរាណឈ្មោះ “លោកនីតិ” គាថាទី ៩៨ ក្នុងឥត្ថីកណ្ឌ(កណ្ឌនិយាយអំពីស្ដ្រី)ថា

1. ហឹ រមតិ បំ
2. ហំ រមតិ បោ ។
3. ថី រមតិ បុ
4. ខុ រមតិ ធំ ។
(ខ្ញុំដាក់លេខនៅខាងមុខ ដើម្បីស្រួលយោងការអធិប្បាយនិងងាយស្រួលសម្រាប់អ្នកអានផង)

១. មុននឹងប្រែបាលីនេះ យើងមកហាត់អានឱ្យត្រឹមត្រូវនិងជាប់ជួនតាមលោកសិន
1. (ហឹ រមតិ បំ)... អានថា ហិង រៈមៈតិ ប៉័ង
2. (ហំ រមតិ បោ) អានថា ហ័ង រៈមៈតិ ប៉ោ
…… អាន ២ បន្ទាត់ ហើយបង្អង់ឱ្យមានគម្លាតបន្ដិច ហើយចាំអាន ២ បន្ទាត់ទៀតថា
3. (ថី រមតិ បុ) អានថា ថី រៈមៈតិ ប៉ុ
4. (ខុ រមតិ ធំ) អានថា ខុ រៈមៈតិ ធ័ង
យើងបានសំឡេងអានថា
1. ហិង រៈមៈតិ ប៉័ង (ហឹ រមតិ បំ)
2. ហ័ង រៈមៈតិ ប៉ោ (ហំ រមតិ បោ)
3. ថី រៈមៈតិ ប៉ុ (ថី រមតិ បុ)
4. ខុ រៈមៈតិ ធ័ង (ខុ រមតិ ធំ)

២. ទាំង ៤ បន្ទាត់នេះ លោកប្រើកិរិយាសព្ទតែមួយហើយជាពាក្យធម្មតាបំផុត គឺ រមតិ ប្រែថា ត្រេកអរ ចូលចិត្ត ស្រឡាញ់
1. ហឹ មកពីពាក្យថា មហឹស = ក្របី, បំ មកពីពាក្យថា បំសុ = ភក់
2. ហំ ពាក្យពេញថា ហំស = ហង្ស, បោ ពាក្យពេញថា បោក្ខរណី = ស្រះ
3. ថី ពាក្យពេញថា ថី/ឥត្ថី = ស្រី, បុ ពាក្យពេញថា បុរិស = ប្រុស
4. ខុ ពាក្យពេញថា ភិក្ខុ = ភិក្ខុ, ធំ ពាក្យពេញថា ធម្ម = ព្រះធម៌

៣. ដូច្នេះ បើសរសេរឱ្យពេញរូបសព្ទ ប្រកបវិភត្តិឱ្យត្រឹមត្រូវ នឹងបានជាបាលីថា
1. មហឹសោ រមតិ បំសុំ = ក្របីចូលចិត្តភក់
2. ហំសោ រមតិ បោក្ខរណឹ = ហង្សចូលចិត្តស្រះ
3. ថី រមតិ បុរិសំ = ស្រីស្រឡាញ់ប្រុស (ប្រុសស្រឡាញ់ស្រី)
4. ភិក្ខុ រមតិ ធម្មំ = ភិក្ខុស្រឡាញ់ព្រះធម៌

លក្ខណៈគាថាដែលមាន ៥ ព្យាង្គនេះ ក្នុងគម្ពីរវុត្តោទយមញ្ជរីលោកហៅថា សុបតិដ្ឋាឆន្ទ ។
សូមអរគុណដែលតាមដានគតិបុរាណ....

តាអារាមប៊យ
ខែមករា ទី ១១, ២០១៨
... See MoreSee Less

View on Facebook

បុរាណភាសិត (៦)
មានយសតែគ្មានចំណេះ និងមានចំណេះតែគ្មានយស
សង្ឃឹមថាភាសិតនេះ អាចផ្ដល់ជាគំនិតសម្រាប់ការជ្រើសរើសអ្នកដឹកនាំសង្គមជាន់ថ្នាក់ផ្សេងៗបានខ្លះ

ភាសាបាលីខាងក្រោមនេះ សរសេរដោយតួអក្សរ
១. រ៉ូម៉ាំង ២. ភូមា ៣. ទេវនាគរី(ឥណ្ឌា) ៤. អក្សរខ្មែរ ។

Yaso ca appabuddhīnaṃ, viññūnaṃ ayaso ca yo;
Ayasova seyyo viññūnaṃ, na yaso appabuddhinaṃ.

ယသော စ အပ္ပဗုဒ္ဓီနံ၊ ဝိညူနံ အယသော စ ယော။
အယသောဝ သေယ္ယော ဝိညူနံ၊ န ယသော အပ္ပဗုဒ္ဓိနံ။

यसो च अप्पबुद्धीनं, विञ्‍ञूनं अयसो च यो।
अयसोव सेय्यो विञ्‍ञूनं, न यसो अप्पबुद्धिनं॥

យសោ ច អប្បពុទ្ធីនំ……… វិញ្ញូនំ អយសោ ច យោ;
អយសោវ សេយ្យោ វិញ្ញូនំ… ន យសោ អប្បពុទ្ធិនំ។
បុគ្គលមានយសតែគ្មានបញ្ញា និងបុគ្គលមិនមានយសតែមានបញ្ញា
បុគ្គលមិនមានយសតែមានបញ្ញានោះឯងប្រសើរជាង
បុគ្គលមានយសតែគ្មានបញ្ញា ពុំប្រសើរឡើយ ។
----------------------------
ព្រះត្រៃបិដកខ្មែរភាគ ៥៧ ទំព័រ ៣៨ សុត្តន្ដបិដក ខុទ្ទកនិកាយ ថេរគាថា លោកប្រែទុកថាៈ

យសរបស់បុគ្គលមិនមានប្រាជ្ញាទាំងឡាយណា និងការមិនមានយសរបស់អ្នកប្រាជ្ញ
ទាំងឡាយណា ការមិនមានយសរបស់អ្នកប្រាជ្ញទាំងឡាយនោះប្រសើរ ឯយសរបស់អ្នកមិន
មានប្រាជ្ញាទាំងឡាយ ពុំប្រសើរឡើយ ។
----------------------
បញ្ជាក់ៈ ក្នុងព្រះត្រៃបិដកខ្មែរភាគ៥៧ ទំព័រ៣៨ បន្ទាត់ទី២ របស់គាថានេះ ព្យាង្គទី ៤ នៃបាទគាថាទី៣នេះ បាលីជា “អយសោ ច” ខ្ញុំឃើញថាបាលីត្រង់នេះជា “អយសោវ” ត្រឹមត្រូវជាង ដែលខុសគ្នាគឺ ច និង វ (ជារស្សៈទាំង ២ ព្យាង្គ) ច ប្រែថា និង, វ អាចប្រែថានោះឯងឬប៉ុណ្ណោះ សម្រាប់បញ្ជាក់សេចក្ដីថាមួយណា ពាក្យដែលមានលក្ខណៈបែបនេះមានច្រើន ដូចមានបុរាណភាសិតដែលបានបង្ហោះគ្រាទី ៥ ថា គរហាវ សេយ្យោ វិញ្ញូហិ ជាតួយ៉ាងស្រាប់ ។

តាអារាមប៊យ
ខែមករា ទី ១០, ២០១៨
... See MoreSee Less

View on Facebook

បុរាណភាសិត (៥)
ពាក្យរិះគន់ប្រសើរជាងពាក្យសរសើរ ?
ភាសាបាលីខាងក្រោមនេះ សរសេរដោយតួអក្សរ
១. រ៉ូម៉ាំង ២. ភូមា ៣. ទេវនាគរី(ឥណ្ឌា) ៤. អក្សរខ្មែរ ។

Dummedhehi pasaṃsā ca, viññūhi garahā ca yā;
Garahāva seyyo viññūhi, yaṃ ce bālappasaṃsanā.

ဒုမ္မေဓေဟိ ပသံသာ စ၊ ဝိညူဟိ ဂရဟာ စ ယာ။
ဂရဟာဝ သေယ္ယော ဝိညူဟိ၊ ယံ စေ ဗာလပ္ပသံသနာ။

दुम्मेधेहि पसंसा च, विञ्‍ञूहि गरहा च या।
गरहाव सेय्यो विञ्‍ञूहि, यं चे बालप्पसंसना॥

ទុម្មេធេហិ បសំសា ច.......... វិញ្ញូហិ គរហា ច យា
គរហាវ សេយ្យោ វិញ្ញូហិ...... យញ្ចេ ពាលប្បសំសនា ។

ការសរសើរអំពីពួកទុរជន និងការរិះគន់អំពីពួកវិញ្ញូជន
ការរិះគន់អំពីពួកវិញ្ញូជនប្រសើរជាង ការសរសើររបស់ជនពាលថ្វីនឹងប្រសើរ ?
--------------------
ក្នុងព្រះត្រៃបិដកខ្មែរភាគ ៥៧ ទំព័រ ៣៨ ក្នុងព្រះសុត្តន្តបិដក ខុទ្ទកនិកាយ ចុទ្ទសកនិបាត លោកប្រែទុកថាៈ
ការសរសើរអំពីបុគ្គលមិនមានបញ្ញាទាំងឡាយណា និងសេចក្ដីតិះដៀលអំពីបុគ្គលអ្នកមានបញ្ញាទាំងឡាយណា សេចក្ដីតិះដៀលអំពីបុគ្គលអ្នកមានបញ្ញាទាំងឡាយនោះប្រសើរ ឯការសរសើររបស់បុគ្គលពាល ពុំប្រសើរឡើយ ។ (ភាសិតរបស់ព្រះគោទត្តថេរៈ)

បញ្ជាក់ៈ ដែលខ្ញុំសរសេរបាលីដោយប្រើតួអក្សរផ្សេងៗនេះ មិនមែនចង់អួតថាខ្លួនចេះទេ តែដោយមានគោលបំណងចង់ឱ្យភិក្ខុសាមណេរចេះអានបាលីដែលប្រើតួអក្សរផ្សេងៗបាន ព្រោះថាក្នុងការត្រួតពិនិត្យជំនុំជម្រះគម្ពីរសំខាន់ៗ របស់ថេរវាទដែលជាបាលី មិនថាព្រះត្រៃបិដក អដ្ឋកថា ឬគម្ពីរផ្សេងៗឯទៀត គួរតែចេះអានទេវនាគរី ភូមា ថៃ លង្កា និងរ៉ូម៉ង់ ដើម្បីស្រួលក្នុងការផ្ទៀងផ្ទាត់គ្នា តទៅអនាគត បើគណៈសង្ឃមានសមត្ថភាពជម្រះព្រះត្រៃបិដកឱ្យបានរឹតតែប្រសើរជាងដែលយើងមានសព្វថ្ងៃ មានការកែកន្លែងដែលប្រែភ្លាំងភ្លាត់លើសខ្វះ ចាត់ខ និងដាក់ចំណងជើងឱ្យមានលម្អិតច្រើនឡើងជាដើម ដើម្បីស្រួលក្នុងការសិក្សាស្រាវជ្រាវ នោះនឹងជាប្រយោជន៍ដល់កុលបុត្រក្នុងពុទ្ធសាសនមណ្ឌលនៃប្រទេសខ្មែរជាមិនខាន នេះជាសេចក្ដីសង្ឃឹមតិចតួចផ្ទាល់ខ្លួនរបស់ខ្ញុំ ។

តាអារាមប៊យ
ខែមករា ទី ៧, ២០១៨
... See MoreSee Less

View on Facebook