សោតាបន្ន ៣

សោតាបន្ន ៣ (លោកអ្នកសម្រេចសោតាបត្តិផលហើយ, អ្នកដល់ក្រសែដែលនាំទៅកាន់ព្រះនិព្វាន ទៀងតែនឹងបានត្រាស់ដឹងក្នុងខាងមុខ – Sotāpanna: Stream-Enterer)

១. ឯកពីជី (អ្នកមានពីជៈគឺអត្តភាពតែមួយ គឺកើតតែម្ដងទៀតក៏នឹងសម្រេចអរហត្ត – Ekabījī: the Single-Seed)

២. កោលង្កោលៈ (អ្នកទៅអំពីត្រកូលកាន់ត្រកូល គឺកើតក្នុងត្រកូលខ្ពស់ ២-៣ ដង ឬកើតក្នុងសុគតិ ២-៣ ភពទៀត ក៏នឹងបានសម្រេចអរហត្ត – Kolaṅkola: the Clan-to-Clan)

៣. សត្តក្ខត្តុំបរមៈ (អ្នកមាន ៧ ដងជាក្រៃលែង គឺអន្ទោលកើតក្នុងសុគតិភពយ៉ាងច្រើនតែ ៧ ដងទៀត ក៏នឹងបានសម្រេចអរហត្ត – Sattakkhattuṃparama: the Seven-Times-at Most)

លក្ខណៈវិនិច្ឆ័យឬហេតុដែលជាយ៉ាងនេះ គឺការកំណត់ដោយវិបស្សនានិងភាវៈនៃឥន្ទ្រិយចាស់ក្លា មធ្យម និងអន់ជាងគ្នាតាមលំដាប់ ។——————-

សូមអធិប្បាយដោយខ្លី….

អ្នកដែលសម្រេចជាសោតាបន្នហើយនឹងមិនទៅកាន់អបាយភូមិ(អវិនិបាតធម្មោ) ជាបុគ្គលទៀង(និយតោ) សម្ពោធិបរាយនោ(មានការត្រាស់ដឹងនៅខាងមុខ) ព្រះតម្រាស់ទាំង ៣ ពាក្យនេះ ព្រះបរមសាស្ដាបានត្រាស់សម្ដែងទុកគ្រប់កន្លែងក្នុងព្រះត្រៃបិដកដែលព្រះអង្គសម្ដែងអំពីព្រះសោតាបន្ន ។ ហេតុដូច្នេះ មានតែការបានសម្រេចជាព្រះសោបន្នបុគ្គលឡើងទៅ ទើបជាការធានាថា មិនធ្លាក់ទៅកើតក្នុងអបាយភូមិ(នរក ប្រេត អសុរកាយ កំណើតសត្វតិរច្ឆាន)យ៉ាងដាច់ខាត ការបំពេញបុណ្យ រក្សាសីល ឱ្យទាន មិនថាច្រើនប៉ុណ្ណាក៏នៅមិនអាចធានារ៉ាប់រងយ៉ាងដាច់ខាតថា នឹងមិនទៅកាន់អបាយភូមិ គ្រាន់តែមានការកក់ក្ដៅជាងអ្នកដែលមិនធ្វើប៉ុណ្ណោះ រីការដែលនឹងបានសម្រេចធម៌ មានតែវិធីម្យ៉ាងគត់ គឺបដិបត្តិវិបស្សនាតាមសតិប្បដ្ឋាន ហេតុដូច្នេះ បុគ្គលមិនត្រូវប្រមាទក្នុងជីវិត បណ្ដោយឱ្យជីវិតភ្លើតភ្លើនលង់លិចទៅក្នុងអារម្មណ៍ដែលមកប្រាកដតាមទ្វារទាំង ៦ ។

“ការពិត” និង “ការជឿ” មានចំណុចដែលគួរពិចារណា គឺ

– ការពិតនឹងនៅជាការពិតរហូត មិនផ្លាស់ដូរទៅតាមការជឿឬការមិនជឿ ឧទាហរណ៍ រឿងនរកសួគ៌ បើនរកសួគ៌មានពិត ទោះជាមានអ្នកមិនជឿថានរកសួគ៌មាន នរកសួគ៌ក៏នៅតែមានតាមធម្មតារបស់វា ។ នរកសួគ៌មានឬគ្មាន មិនស្ថិតនៅលើការជឿ-ការមិនជឿ ឬការគិតថាមាន-មិនមាន តែវានឹងស្ថិតនៅលើ “ការពិត” ។ ប្រសិនបើនរកសួគ៌មានពិត រវាងបុគ្គល “អ្នកជឿថាមាន” ហើយគេខំប្រព្រឹត្តល្អ និងបុគ្គល “អ្នកមិនជឿថាមាន”ហើយចង់ធ្វើអ្វីក៏បាន ព្រោះខ្លួនមិនជឿថាមាន តើអ្នកណាចំណេញ អ្នកណាខាត?

មានជនជាតិអាមេរិកាំងម្នាក់ខំស្រាវជ្រាវអំពី “ការស្លាប់ហើយកើតទៀត?” បើគេរកឃើញថាមានមនុស្សដែលស្លាប់ទៅហើយមកកើតទៀត បានសេចក្ដីថា ការអន្ទោលយោលយកកំណើតក្នុងភពផ្សេងៗ ដែលពុទ្ធសាសនាបានអធិប្បាយទាំងភពភូមិផ្សេងៗ ដែលសត្វទៅកើត ព្រមទាំងអធិប្បាយអំពីធម្មជាតិដែលមានតួនាទីទៅកើត(រូប-ចិត្ត)ព្រមទាំងហេតុយ៉ាងល្អិតល្អន់ ដែលសមស្របជាមួយភពភូមិនោះ ជាការពិត???  ខ្ញុំបានអានតាំងពីកាលខ្ញុំអាយុបាន ២០ ឆ្នាំ…. ។

តាអារាមប៊យ
១៩ កុម្ភៈ ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram