ប្រពន្ធ ៧ ប្រភេទ

មួយសោតព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មានប្រាំពីរស្មោះ បួននោះចិត្តជា បីនោះមោហោ ចិត្តខូចងាយដាយ ។

ឯប្រពន្ធជា ឯកឈ្មោះមាតា- ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត ។ កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត ព្រាត់ប្រាសយូរលង់ ពុំបង់បែកចិត្ដ គង់ចាំចិត្តគិត ឈឺឆ្អាលកូនស្មោះ ។ ប្រពន្ធណាគាប់ ឈឺឆ្អាលប្ដីខ្ជាប់ ចិត្តចាំកាន់កោះ ដូចម្ដាយស្រឡាញ់ កូនពេញពីពោះ ហៅប្រពន្ធនោះ ថ្លៃឥតផ្ទឹមដល់ ។

ប្រពន្ធជាទ្វី ឈ្មោះហៅទាសី- ភរិយាដូចកល់ ខ្ញុំនឹងអម្ចាស់ ប្រើណាស់ខ្វាយខ្វល់ អាចអត់ទប់ទល់ ទម្ងន់បម្រើ ។ មិនមានទំនេរ ទោះម្ចាស់វាយជេរ អត់ឱនស័រពើ តាមតែបង្គាប់ ប្រញាប់ចង់ធ្វើ ចិត្តពុំសើវ៉ើ ចៀសវាងក្រោធា ។ ប្រពន្ធណាអត់ ឱនអង្គអំណត់ ខ្លាចប្ដីអាត្មា ដូចខ្ញុំនឹងម្ចាស់ ខ្លាចណាស់ធានា ប្រពន្ធនោះជា ប្រសើរសុខសូន្យ ។

ប្រពន្ធជាត្រី ឈ្មោះភគិនី- ភរិយាដូចប្អូន ស្រឡាញ់បងពិត លំអិតលំអូន ទទួលដំបូន មានមាត់ពាក្យបង ។ ផ្ដាច់ផ្ដួលតែមួយ នឹងចងជាត្រួយ ចិត្តចាំបំណង ពំនាក់ពំនឹង ពាក់ពឹងប៉ុនប៉ង តែនឹងអង្គបង ឥតម៉ែទីទៃ ។ ប្រពន្ធណាចូល នឹងប្ដីមួយមូល ចិត្តជាប់អាល័យ ដូចប្អូននិងបង ចាំចងអាស្រ័យ ប្រពន្ធនោះថ្លៃ មធ្យមពេកពិត ។

ប្រពន្ធចត្វា ឈ្មោះហៅសខា- ភរិយាដូចមិត្រ សំឡាញ់ស្រឡាញ់ អស់អញពេកពិត ស្មើខ្លួនស្មើចិត្ត ស្ម័គ្រស្មោះចិន្ដា ។ បើមិត្រទៅបាត់ ស្ងប់ស្ងួតមុខមាត់ ទុក្ខទន់ទយា ឃើញមុខមកបាន ចិត្តក្សាន្ដសោះសា ស្រស់ស្រួលភក្ដ្រា និរទុក្ខសោកសៅ ។ ប្រពន្ធណាចិត្ត ស្រឡាញ់ប្ដីពិត គ្មានក្នុងគ្មានក្រៅ ដូចមិត្រនិងមិត្រ ចងចិត្តជាប់នៅ ប្រពន្ធនោះហៅ ឧត្តមក្រមាន ។

សម្ដែងភរិយា ទាំងបួនសឹងជា ក្រស្រីធ្វើបាន បើស្រីណាគិត ផ្ចង់ចិត្តសន្ដាន ស្រឡាញ់ប្ដីប្រាណ ដូចធម៌ទេស្នា ។ លោកថាស្រីនោះ ឮកេរិ៍្ដពីរោះ ទួទៅនានា បើអស់ជីវិត នៅឋិតសួគ៌ា ចៀសចាកចតុរា- បាយបាបទុក្ខភ័យ ។

ប្រពន្ធពុំជា ឈ្មោះវធកា- ភរិយាដូចនៃ សត្រូវចាំចង ទោសផងសព្វថ្ងៃ ប្រពន្ធចង្រៃ ប្ដីមានតែទុក្ខ ។ បើប្ដីខុសចិត្ត វាគ្មានអាណិត ខេរខឹងច្រអុក ចាំចងទោសប្ដី ស្រដីកិកកុក ឱ្យមាត់ឱ្យមុខ វាសវាងវ្ហោះវ្ហើយ ។ សុខទុក្ខសាំទាំ វាមើលបំណាំ នៅស្ងៀមព្រងើយ ពុំជួយទុក្ខភ័យ ដោះដៃកន្ដើយ ស្លាប់ដោយរស់ដោយ គ្មានចិត្តមេត្រី ។ ចោរីភរិយា ប្រពន្ធពុំជា លបលួចទ្រព្យប្ដី គ្មានចិត្តមេត្តា ករុណាប្រណី របស់ទ្រព្យអ្វី លក់ចាយអស់ធួន ។ អយ្យាភរិយា ប្រពន្ធពុំជា តម្កើងតែខ្លួន ចេះតែប្រើប្ដី ឥតបីមានស្ងួន ធ្វើឫកណាំនួន ទុកប្ដីដូចខ្ញុំ ។ ប្រពន្ធទាំងបី ធ្លាក់ទៅអវចី រងទុក្ខដំណំ ក្នុងខ្ទះភ្លើងក្ដៅ យូរនៅក្រៀមក្រំ ព្រោះចិត្តខ្លួនធំ ជាងប្ដីអាត្មា ។ ឯប្រពន្ធបួន- មុខនោះគួរស្ងួន យកជាភរិយា នឹងកើតរបស់ កេរ្ដិ៍យសសក្ដា ថ្កើងពូជពង្សា សោយសុខថេរឋិត ។ សម្ដែងបរិយាយ ភរិយាទាំងឡាយ ប្រាំពីរចរិត ទាំងជួទាំងជា ពណ៌នាពោលពិត ចែងចប់ពិនិត្យ តាមអត្ថគាថា ។៚

ព្រះរាជនិពន្ធនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ(ព្រះអង្គដួង)
ទ្រង់និពន្ធទុកក្នុងឆ្នាំរកានព្វស័ក ព.ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា

វ.ជ.ណ. ទ. ៦៥៥ – ៦៥៦
តាអារាមប៊យ
១១ កុម្ភៈ ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram