១-បុរត្ថិមទិស-ទិសខាងមុខ(ខាងកើត)

ធម៌ដើម្បីសម្ពន្ធភាពក្នុងសង្គមមនុស្ស “សិង្គាលកសូត្រ” គ្រាទី ១

ខ្ញុំនឹងផុស្ដបន្ដគ្នាច្រើនដងរហូតដល់ចប់ សម្រាប់ជូនជាធម្មបណ្ណាការចំពោះប្រិយមិត្តទាំងអស់ សម្រាប់ពិចារណាបង្អោនចូលមកបដិបត្តិឱ្យកើតសម្ពន្ធភាពដ៏ល្អជាសិរីមង្គលចំពោះខ្លួងផង និងចំពោះសង្គមផង

ជាបឋមសូមជូនសេចក្ដីសង្ខេបនៃ សិង្គាលកសូត្រ ដូចតទៅនេះ

សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគទ្រង់​គង់​ក្នុង​វត្ត​វេឡុវន(វត្តព្រៃឫស្សី ព្រះបាទពិម្ពិសារថ្វាយ) ជិត​ក្រុង​រាជគ្រឹះ ។ សម័យ​នោះ​ឯង កូន​គហបតីឈ្មោះ​សិង្គាលកៈ ក្រោក​ឡើង​អំពី​ព្រឹក​មាន​សំពត់​ស្លៀក​ដណ្តប់​ទទឹក និង​សក់​ទទឹក ចេញ​ពី​ក្រុង​រាជគ្រឹះ ប្រណម្យ​អញ្ជលី ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយ ។ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគស្ដេចយាងទៅបិណ្ឌបាតបានជួបនឹងសិង្គាលកគហបតិបុត្រ ព្រះអង្គត្រាស់សួរថា ហេតុអ្វីបានជាអ្នកថ្វាយបង្គំទិសទាំងឡាយ ?

សិ. បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន កាល​បិតា​របស់​ខ្ញុំ​ជិត​នឹង​ធ្វើ​មរណកាល បាន​ផ្តាំ​នឹង​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​ថា ហៃ​បា អ្នក​ត្រូវ​តែ​ថ្វាយ​បង្គំ​ទិស​ទាំង​ឡាយ ខ្ញុំ​ព្រះ​អង្គ​ធ្វើ​សក្ការៈ​គោរព រាប់​អាន បូជា នូវ​ពាក្យ​របស់​បិតា​ បាន​ជា​ផ្គង​​អញ្ជលី​ថ្វាយ​បង្គំ​ទិស​ទាំងឡាយ​ ។

ភ. នែ​គហបតិបុត្ត ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​គេ​មិន​ត្រូវ​ថ្វាយ​បង្គំ​ទិស​ទាំង​ ៦ យ៉ាង​ដូច្នេះ​ទេ ។

សិ. បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ​ក្នុង​អរិយវិន័យ​គេ​គប្បី​ថ្វាយ​បង្គំ​ទិស​ទាំង ៦ ដូច​ម្តេច? សូម​ព្រះ​មាន​ព្រះ​ភាគ​សម្ដែង​ធម៌​ដល់​ខ្ញុំ​ព្រះ​អង្គ​ផងចុះ ។

តទៅជាសារៈធម៌សម្ដែងអំពីទិស ៦…..

ទិស ៦ (បានដល់បុគ្គលប្រភេទផ្សេងៗ ដែលយើងទំនាក់ទំនង មានសម្ពន្ធភាពក្នុងសង្គមដូចទិសដែលនៅជុំវិញខ្លួន-Disā: directions; quarters)

១. បុរត្ថិមទិស (ទិសខាងមុខ គឺទិសខាងកើត បានដល់មាតាបិតា ព្រោះមានឧបការៈចំពោះយើងមុនគេ- Puratthima-disā: parents as the east or direction in front)

ក. បុត្រធិតាគប្បីទំនុកបម្រុងមាតាបិតាអ្នកជាទិសខាងមុខដូចតទៅនេះ
…… 1) លោកបានចិញ្ចឹមយើងមកហើយ ចិញ្ចឹមលោកតប
…… 2) ជួយធ្វើការងាររបស់លោក
…… 3) ថែរក្សាវង្សត្រកូល
…… 4) ប្រព្រឹត្ដខ្លួនឱ្យសមគួរដល់ភាពជាទាយាទ
…… 5) កាលលោកធ្វើកាលកិរិយាទៅហើយ ធ្វើបុណ្យឧទ្ទិសជូនលោក

In five ways a child should minister to his parents as the eastern quarter (saying to himself):
…… a) Having been supported by them I will support them in my turn.
…… b) I will do their work for them.
…… c) I will keep up the honour and the traditions of my family.
…… d) I will make myself worthy of my heritage.
…… e) I will make offering, dedicating merit to them after their death.

ខ. មាតាបិតារមែងអនុគ្រោះបុត្រធីតាដូចតទៅនេះ
…… 1) ហាមឃាត់កូនចាកអំពើអាក្រក់
…… 2) ឱ្យតាំងនៅក្នុងទង្វើល្អ
…… 3) ឱ្យសិក្សាសិល្បសាស្ដ្រ
…… 4) រកគូស្រករដ៏សមគួរឱ្យ
…… 5) ប្រគល់ទ្រព្យឱ្យក្នុងកាលដ៏សមគួរ

In five ways his parents, thus served as the eastern quarter, show their love for him:
….. a) They keep him back from evil.
….. b) They train him in virtue.
….. c) They have him taught arts and sciences.
….. d) They arrange for his marriage to a suitable wife.
….. e) They hand over his inheritance to him in due time.
————————————————-

២. ទក្សិណទិស (ទិសខាងស្ដាំ គឺទិសខាងត្បូង….. នឹងបន្ដនៅផុស្ដក្រោយ….
បើឃើញមានខុស សូមមេត្តាចង្អុលប្រាប់កំហុសខុសឆ្គងឱ្យផង

ត្រៃបិដកខ្មែរៈ ភាគ ១៩, ទីឃនិកាយ បាដិកវគ្គ ទំព័រ ៦៩ ខទី ៤៣ – …..

តាអារាមប៊យ
ខែវិច្ឆិកា ២៤, ២០១៧

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram