Home / បណ្ណាល័យ / ប្រជុំរឿងព្រេងខ្មែរ / លោក​អភិធម្ម និង​លោក​មាតិកា​នៅ​ពេល​ដង្ហែ​សព

លោក​អភិធម្ម និង​លោក​មាតិកា​នៅ​ពេល​ដង្ហែ​សព

មាន​រឿង​និទាន​ថា : ក្នុង​អតីត​សម័យ​ព្រេង​នាយ មាន​ព្រះ​រាជា​មួយ​អង្គ ទ្រង់​សោយ​រាជ្យ​នៅ​នគរ​ណោងស្នោ “ស្យាម​ប្រទេស” ព្រះ​រាជា​អង្គ​នេះ ទ្រង់​មាន​ព្រះ​ហ្ឫទ័យ​ជ្រះ​ថ្លា​នឹង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្រៃ​លែង តែង​ធ្វើ​បុណ្យ​ឲ្យ​ទាន​ជា​អចិន្ត្រៃយ៍ ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​រាប់​អាន​ស្និទ្ធស្នាល នឹង​ព្រះ​សង្ឃ ដែល​គង់​នៅ​វត្ត​មួយ​ក្បែរ​ព្រះ​បរម​រាជ​វាំង​ណាស់ ទ្រង់​តែង​ផ្គត់​ផ្គង់​ព្រះ​សង្ឃ ដោយ​ខាទនីយាហារ​រាល់​ថ្ងៃ ពុំ​ដែល​ខក​ខាន​ឡើយ ។

លុះ​កាល​ក្រោយ​មក ព្រះ​រាជា​អង្គ​នោះ ទ្រង់​ប្រឈួន​យ៉ាង​ធ្ងន់ ។ ពេទ្យ​ហ្ម​នានា ដែល​អញ្ជើញ​មក​ព្យាបាល​ជំងឺ​ព្រះ​អង្គ ក៏​ពុំ​អាច​រក​ថ្នាំ​សង្កូវ​ណា​នឹង​ទ្រទ្រង់​ជីវិត​ព្រះ​អង្គ​បាន, ទ្រង់​ក៏​សោយ​ព្រះ​ទិវង្គត​ទៅ ។

នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ជំនុំ​គ្នា​នឹង​រៀបចំ​ដង្ហែ​ព្រះ​សព​នោះ ឲ្យ​សម​តាម​ឋានៈ​ព្រះ​អង្គ ។

និយាយ​អំពី​ភិក្ខុ ៥ អង្គ ដែល​ព្រះ​រាជា​ទ្រង់​តែង​តែ​ប្រគេន​នូវ​ចង្ហាន់​វាន់​ជន​ជានិច្ច​កាល​នោះ ក៏​ប្រជុំ​ប្រឹក្សា​គ្នា​ថា “ព្រះ​រាជា​អង្គ​នេះ កាល​ទ្រង់​គង់​ព្រះ​ជន្មាយុ​នៅ​ឡើយ ព្រះ​អង្គ​តែង​តែ​ផ្គត់​ផ្គង់​រូប​យើង​ទាំង ៥ នេះ​ខ្លាំង​ណាស់, ឥឡូវ​នេះ ព្រះ​អង្គ​ដល់​ទិវង្គត​ទៅ​ហើយ, តើ​យើង​រាល់​គ្នា​ត្រូវ​ធ្វើ​កិច្ច​ដូចម្ដេច ដើម្បី​ជា​សក្ខី​ភាព​នៃ​ការ​តប​ស្នង​សង​ព្រះ​គុណ​ព្រះ​អង្គ ? នៅ​ពេល​ដង្ហែ​ព្រះ​សព​ចេញ​ទៅ​ប្រទក្សិណ​ទី​ក្រុង ដោយ​យើង​ទាំង ៥ រូប ជា​អ្នក​ធម៌​ស្រាប់ គួរ​និមន្ត​លោក​គ្រូ​ចៅ​អធិការ​ឲ្យ​គង់​នៅ​មុខ​ព្រះ​សព ហើយ​ចម្រើន​ធម៌​អភិធម្ម​មាតិកា, ឯ ៤ រូប​ទៀត គួរ​នៅ​គង់​អម​ព្រះ​សព ហើយ​ចម្រើន​សុត្តន្ត​មាតិកា​ទៅ​ចុះ” ។ គិត​គ្នា​ស្រេច​ហើយ លុះ​ដល់​ថ្ងៃ​កំណត់​ដង្ហែ​ព្រះ​សព ព្រះ​សង្ឃ​ទាំង ៥ អង្គ ក៏​នាំ​គ្នា​ទៅ​សុំ​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ដើម្បី​ឲ្យ​បាន​ចូល​ទៅ​អង្គុយ​ហែ​តាម​សេចក្ដី​ប្រឹក្សា​គ្នា​មក​នោះ ហើយ​ចេះ​តែ​ភាវនា​ធម៌ រហូត​ដល់​កន្លែង​បូជា ។

តាម​រឿង​ដូច​បាន​ពោល​មក​ខាង​លើ​នេះ ទើប​មាន​លោក​អភិធម្ម និង​លោក​មាតិកា ៤អង្គជាប់​ជា​តំណ​រហូត​មក ។

ទំនៀម​នេះ មិន​មែន​មាន​តាំង​ពី​សម័យ​ពុទ្ធ​កាល​មក​ទេ គឺ​ទើប​តែ​នឹង​ចាប់​មាន​រឿង​ត្រឹម​ព្រះ​សព​ស្ដេច​អង្គ​នោះ​មក ហើយ​ក៏​ជាប់​ជា​ទំនៀម​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

Facebook Comments