ចូលឆ្នាំថ្មី ២០១៨

ចូលឆ្នាំថ្មី ២០១៨

លាភ សេចក្ដីសុខ មាគ៌ាជីវិត សម្រាប់ទាំងអស់គ្នា

ព្រះពុទ្ធតម្រាស់ជូនជាធម្មបណ្ណាការចំពោះប្រិយមិត្តទាំងឡាយ….

“អារោគ្យបរមា លាភា
និព្វានំ បរមំ សុខំ
អដ្ឋង្គិកោ ច មគ្គានំ
ខេមំ អមតគាមិនំ ។

លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត
ព្រះនិព្វាន ជាសេចក្តីសុខដ៏ប្រសើរក្រៃលែង
មគ្គដែលប្រកបដោយអង្គ ៨ ក្សេមក្សាន្តជាងមគ្គទាំងឡាយ
សម្រាប់ទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ”
————————————

១. លាភ (ភាសាខ្មែរ អ.ថ. លាប)

លាភ ប្រែតាមព្យញ្ជនៈភាសាបាលី គឺប្រែតាមតួអក្សរថា ការបាន, កិរិយាបាន ក្នុងភាសាខ្មែរសំដៅយកបាននូវអ្វីដែលល្អៗ ហៅថាបានលាភ [បាន+លាភ(បាន)=បានបាន]

បានអ្វីៗទាំងឡាយដែលល្អ មានមាសប្រាក់កែវកងផ្ទះឡានជាដើម ប៉ុន្ដែបើមានរោគដេកលើគ្រែ កាយចិត្តមិនសុខសោមនុស្ស ទៅណាពុំរួច តើការបានទាំងអស់នោះ នឹងមានន័យអ្វីដែរ ប្រសើរត្រង់ណាដែរ?
ហេតុដូច្នេះហើយបានជាព្រះពុទ្ធជាម្ចាស់បានត្រាស់ថា ការបាន “ការមិនមានរោគ” ជាការបានដ៏ប្រសើរក្រៃលែង…. សូមប្រិយមិត្តទាំងអស់ បាននូវ “ការមិនមានរោគ” នេះគ្រប់ៗរូបប្រាណ ។

២. សេចក្ដីសុខ
និព្វានជាសភាវធម៌ដែលកើតក្នុងចិត្ត ជាភាវៈដែលជាសុខក្រៃលែង(បរមសុខ)….

– កាយនឹងបានសុខ ទាល់តែកាយបាន “ការមិនមានរោគកាយ” រក្សារោគកាយដោយពេទ្យ ការពារដោយការចេះថែខ្លួន ទទួលទានអាហារដែលជាប្រយោជន៍សម្រាប់រាងកាយ ជៀសវាងអ្វីដែលនាំមកនូវរោគ ហាត់ប្រាណធ្វើឱ្យសុខភាពមាំមួន ។ល។

– ចិត្តនឹងបានសុខ ទាល់តែចិត្ដបាន “ការមិនមានរោគចិត្ត” ព្យាបាលរោគចិត្ដដោយធម្មឱសថ ឆ្លៀតឱកាសទទួលយកធម្មឱសថដោយការស្ដាប់និងការអានសិក្សាស្វែងយល់ ព្រះពុទ្ធជាម្ចាស់បានព្រះនាមថាជា មហាវេជ្ជបណ្ឌិតអ្នកព្យាបាលរោគចិត្ត (សព្វញ្ញូ សព្វទស្សាវី សព្វលោកតិកិច្ឆកោ = អ្នកដឹងសព្វ អ្នកឃើញសព្វ អ្នកព្យបាលលោកទាំងពួង) កុំបណ្ដោយឱ្យរោគចិត្តរាតត្បាត បើពុំនោះសោត នឹងរកសុខចិត្តមិនឃើញឡើយ ដើរតាមមាគ៌ាដែលមហាវេជ្ជបណ្ឌិតបានណែនាំយើងតាមខទី ៣ ខាងក្រោមនេះ
សូមប្រិយមិត្តទាំងអស់ បានសុខកាយ-ចិត្តតាមអត្តភាពនៃដំណើរជីវិតគ្រប់ៗគ្នា…..

៣. មាគ៌ាជីវិត ឈានទៅរកសេចក្ដីសុខ-សម្រេចជោគជ័យ
មាគ៌ា(មគ្គ)ជីវិតដែលនឹងឈានទៅ ដើម្បីនាំយើងទៅរកសេចក្ដីសុខ ទទួលបានសេចក្ដីសុខធម្មតា រហូតដល់បរមសុខ(និព្វាន) ទាល់តែដើរតាមផ្លូវដែលហៅថា “អដ្ឋង្គិកមគ្គ” ប្រែថាផ្លូវប្រកបដោយអង្គ ៨ ជាផ្លូវតែមួយទេ មិនមែន ៨ ផ្លូវទេ តែជាផ្លូវតែមួយដែលមានអង្គប្រកប ៨ យ៉ាង អង្គប្រកប ៨ យ៉ាងនេះ បង្រួញចូលជា ៣ យ៉ាងគឺ បញ្ញា សីល សមាធិ

– សម្មាទិដ្ឋិ យល់ត្រូវ, សម្មាសង្កប្ប ត្រិះរិៈត្រូវ = បញ្ញា
– សម្មាវាចា វាចាត្រូវ, សម្មាកម្មន្ដ ការងារត្រូវ, សម្មាអាជីៈ អាជីវៈត្រូវ = សីល
– សម្មាវាយាម ព្យាយាមត្រូវ, សម្មាសតិ រលឹតត្រូវ, សម្មាសមាធិ ចិត្តតាំងមាំត្រូវ = សមាធិ

បញ្ញា សីល សមាធិ ជាមាគ៌ាជីវិតដែលនឹងនាំយើងទៅរកសេចក្ដីសុខពិតប្រាកដ ព្រោះបានទទួលការឆ្លងកាត់ដោយការពិសោធន៍រាប់ពាន់ឆ្នាំពីមនុស្សលោកគ្រប់មជ្ឈដ្ឋានមកហើយ…..

ដើម្បីសេចក្ដីសុខរបស់ខ្លួន សូមអញ្ជើញប្រិយមិត្តសិក្សាស្វែងយល់ បង្អោនចូលមកបដិបត្តិ(ឱបនយិកោ) ឱ្យបានឃើញលទ្ធផលដោយខ្លួនឯង(សន្ទិដ្ឋិកោ) ដែលនឹងទទួលដឹងបានចំពោះខ្លួន(បច្ចត្តំ វេទិតព្វោ)….

សូមឱ្យបានប្រកបដោយសុខគ្រប់ប្រការ ។

តាអារាមប៊យ
ខែមករា ទី ១, ២០១៨

Facebook Comments